សេដ្ឋកិច្ច
កសិករភូមិត្រពាំងសង្កែ ងាកមកភ្ញាស់កូនមាន់តាមទូរស្វ័យប្រវត្តិ អាចរកចំណូលបានច្រើន
គ្រួសារអ្នកស្រី ពុត សុជា រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជ្រើសយករបរចិញ្ចឹមភ្ញាស់កូនមាន់លក់ និងបើកបង្រៀនការចិញ្ចឹមមាន់តាមបច្ចេកទេសដល់កសិករ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

អ្នកស្រី ពុត សុជា អាយុ ៤១ ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ខាងលើ បានបញ្ជាក់ឲ្យដឹងថា គ្រួសារគាត់បានចិញ្ចឹមមាន់លក់រយៈពេលជាង ២០ ឆ្នាំ មកហើយ។ ដំបូង គាត់ចិញ្ចឹមលក់ទាំងមាន់សាច់ និងភ្ញាស់យកកូនលក់តាមបែបធម្មជាតិ តែមិនរីកចម្រើន។ លុះនៅឆ្នាំ ២០១៩ គាត់ចិញ្ចឹមដោយភ្ញាស់កូនតាមទូរស្វ័យប្រវត្តិវិញម្តង លទ្ធផលល្អ អាចលក់កូនមាន់ជូនប្រជាពលរដ្ឋក្នុងខេត្តបានគ្រប់តម្រូវការ។ ជាងនេះទៀត ក៏បានលក់ជូនប្រជាពលរដ្ឋក្នុងខេត្ត ក្រៅខេត្ត រួមមាន ខេត្តកំពង់ចាម ក្រចេះ និងព្រៃវែងផងដែរ។ រោងមាន ៨០ ទ្រុង អាចដាក់មេមាន់ចំនួន ២០០ ក្បាល និងឈ្មោលបង្កាត់ពូជចំនួន ៥០ ក្បាល។ បច្ចុប្បន្ន អាចលក់កូនមាន់ជាង ១ ពាន់ក្បាល ក្នុង ១ ខែ កូនទាំងនោះ មានសុខភាពល្អ រឹងមាំ អ្នកយកទៅចិញ្ចឹមបន្ត នឹងបានចំណេញ។ ផ្ដើមពីកត្តាការថែរក្សាកូនមាន់ បន្ទាប់ពីញាស់ក្នុងទូរភ្ញាស់រួច យកទៅដាក់ក្នុងទ្រុងថែរក្សាកូនមាន់ ដោយដាក់អំពូលកម្ដៅ ផ្តល់ទឹក និងចំណី ១ ថ្ងៃ ៣ ទៅ ៤ ដង នៅពេលវាអាយុបាន ៦ ថ្ងៃ ត្រូវដាក់វ៉ាក់សាំង អាយធូ ដោយបន្តក់ភ្នែក និងច្រមុះ អាយុបាន ១២ ថ្ងៃ វ៉ាក់សាំង អុត ដុះស្លាប អាយុ ២១ ថ្ងៃ បន្តក់រំលឹក អាយធូ ឡើងវិញ។ កូនមាន់មានអាយុ ២១ ថ្ងៃ អាចលក់បានក្នុងតម្លៃសមរម្យ ហើយអ្នកទិញច្រើន សព្វថ្ងៃនេះ មានទីផ្សារល្អ ការភ្ញាស់លក់សឹងតែភ្ញាស់មិនទាន់តាមតម្រូវការរបស់ប្រជាកសិករផងដែរ។

អ្នកស្រី ក៏បានបញ្ជាក់ឲ្យដឹងអំពីលក្ខណៈបច្ចេកទេសទៀតថា កូនមាន់ល្អ ដោយសារការជ្រើសរើសមេដែលមានមាឌធំ សុខភាពល្អ មិនធ្លាប់ឆ្លងជំងឺ ផ្តល់ស៊ុតច្រើន ដូចគ្នាដែរ ឈ្មោល ទុកជាន់មេ ត្រូវរើស បាមាឌធំ សុខភាពល្អ មិនធ្លាប់ឆ្លងជំងឺ ពូកែជាន់មេ ហើយចាក់វ៉ាក់សាំងដល់វាឲ្យបានត្រឹមត្រូវដែរ។ ការថែទាំទ្រុង (ជីវសុវត្ថិភាព) ត្រូវសំអាតទ្រុង ២ ទៅ ៣ ថ្ងៃម្តង បាញ់ថ្នាំ ឬ បាចកំបោរស សម្លាប់មេរោគ ១ សប្ដាហ៍ម្តង ត្រូវផ្ដល់ចំណីឲ្យវា ១ ថ្ងៃ ២ ដង ព្រឹកម្តង និងល្ងាចម្តងទៀត ដោយប្រើចំណីផ្សំដោយខ្លួនឯង ក្នុងនោះ ត្រូវប្រើវត្ថុធាតុដើមក្នុងស្រុក រួមមាន ៖ ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅដំឡូងមី ម្សៅព្រីម៉ិច ម្សៅសំបកខ្យង អំបិល បន្លែបៃតង និងម្សៅត្រី។

អ្នកស្រី បានបង្ហើបទាំងទឹកមុខញញឹមថា គ្រួសារគាត់មានជីវភាពធូរធារដោយសារចិញ្ចឹមមាន់នេះឯង ពោលគឺមានផ្ទះធំទ្រនំខ្ពស់ អាចផ្តល់សេវាឲ្យកូនគាត់រៀនសូត្របានត្រឹមត្រូវ មិនជំពាក់ធនាគារទេ។ ពិសេសទៀត អ្នកស្រី ទទួលបានចំណាត់ថ្នាក់លេខ ១ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្ត ការចិញ្ចឹមមាន់ពូជក្នុងស្រុកយកសាច់ និងភ្ញាស់យកកូនលក់តាមបែបពាណិជ្ជកម្មខា្នតតូច និងបានប្រឡងប្រណាំងក្នុងសន្និបាតកសិករទូទាំងប្រទេសលើកទី ៨ នាថ្ងៃទី ២៩-៣០ ខែមីនា ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយនេះ អ្នកស្រី ក៏បានអរគុណដល់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានឲ្យគ្រួសារគាត់ចូលក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ និងដោយមានការណែនាំរបៀបចិញ្ចឹមមាន់ទៅតាមលក្ខណៈបច្ចេកទេស ធ្វើឲ្យគ្រួសារអ្នកស្រីទទួលបានជោគជ័យ។ ជាងនេះទៀតសោត ក៏មានការបើកបង្រៀនដល់កសិករដែលមានបំណងចង់ចេះផ្នែកការចិញ្ចឹមមាន់តាមរបៀបបច្ចេកទេស ធានាបានជោគជ័យពេលបញ្ចប់វគ្គ និងមានចេញប័ណ្ណបញ្ជាក់ការសិក្សាចេញដោយមន្ទីរកសិកម្មខេត្តទៀតផង ហើយបើពលរដ្ឋចង់ចេះចិញ្ចឹមមាន់ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៧ ៧៨៨៧៤៣០ នេះ៕
អត្ថបទ ៖ សាន វិឡែម











-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


