ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ បន្តបន្ទន់ជំហរដាក់ចិន ដោយស្នើចរចាជម្លោះពាណិជ្ជកម្ម
ជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ មន្រ្តីជាន់ខ្ពស់អាមេរិកក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីសម្ដីបន្ទន់ជំហរដាក់ចិន ដោយស្វែករកការចរចាលើសង្រ្គាមពាណិជ្ជកម្មទ្វេភាគី ខណៈចិនជំរុញឱ្យអាមេរិកបញ្ឈប់ការគំរាមកំហែង ហើយបង្កើតកិច្ចសន្ទនាគ្នាដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។

តាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Yahoo Finance រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានច្រានចោលការណ៍ដែលថា រដ្ឋបាល ត្រាំ កំពុងពិចារណាកាត់បន្ថយពន្ធគយជាឯកតោភាគីលើការនាំចូលរបស់ចិន ដោយបន្តថា ពន្ធខ្ពស់ដែលគូវិវាទដាក់លើគ្នាទៅវិញទៅមកនោះ ត្រូវតែទម្លាក់ចុះ មុនកិច្ចចរចាអាចចាប់ផ្តើមរវាងមហាអំណាចសេដ្ឋកិច្ចទាំង២។
យ៉ាងណាមិញ លោកលើកឡើងយ៉ាងដូច្នេះថា៖ «ភាគីទាំងសងខាង មិនជឿថាទាំងនេះ(អត្រាពន្ធខ្ពស់)ស្ថិតក្នុងកម្រិតមាននិរន្តរភាពទេ។ នេះគឺស្មើនឹងការបិទច្រក(ពាណិជ្ជកម្ម) ហើយការបែកបាក់រវាងប្រទេសទាំង២ក្នុងពាណិជ្ជកម្ម មិនបម្រើផលប្រយោជន៍ឱ្យប្រទេសណាមួយឡើយ»។
ក្នុងការបំផ្ទុះសង្រ្គាមពាណិជ្ជកម្មចុងក្រោយ លោក ត្រាំ បានប្រកាសពន្ធជាបន្តបន្ទាប់លើទំនិញចិន សរុប ១៤៥ ភាគរយ។ ចិនសងសឹកជាបន្តបន្ទាប់ដូចគ្នា ដោយដាក់ពន្ធលើទំនិញអាមេរិក ១២៥ ភាគរយ។
បើតាមលោក Bessent ការចរចាគ្នានឹងត្រូវធ្វើឡើងក្នុងកម្រិតខ្ពស់រវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
អ្វីដែលលោក Bessent លើកឡើងកាលពីថ្ងៃពុធ គឺជាការបន្ទរនូវអ្វីដែលលោកបាននិយាយកាលពីអង្គារ ដែលថា ពន្ធគយខ្ពស់ត្រូវតែទម្លាក់ជាគំហុក ដោយសារតែ «ស្ថានភាពគ្មាននិរន្តភាព»។ លោក ត្រាំ បានបន្ថែមពីលើនេះកាលពីថ្ងៃអង្គារផងដែរ ដោយប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនឹងធ្វើឱ្យល្អដាក់ចិន ហើយចិនក៏ត្រូវតែធ្វើឱ្យល្អដាក់អាមេរិកដូចគ្នា នោះពន្ធខ្ពស់ ត្រូវតែបន្ថយចុះជាគំហុក។ ក្រោម «ទំនាក់ទំនងដ៏អស្ចារ្យ» ជាមួយលោក ស៊ី លោក ត្រាំ បង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងត្រូវបានសម្រេចឡើង។

ជាមួយនឹងការវិវត្តចុងក្រោយផងដែរ ភាគីចិនឯណោះវិញ កាលពីថ្ងៃពុធ បាននិយាយថា ប្រសិនបើភាគីអាមេរិកពិតជាចង់ដោះស្រាយបញ្ហាទាក់ទងនឹងពន្ធជាមួយប្រទេសចិនតាមរយៈការសន្ទនា និងការចរចានោះ នោះអាមេរិកត្រូវតែបញ្ឈប់ការគំរាមកំហែង និងជំរិតគេឯង ហើយបើកដំណើរការកិច្ចពិភាក្សាដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។ នេះបើតាមសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun។
លោក Guo បានលើកឡើងជាថ្មីម្ដងទៀត នូវអ្វីដែលចិនធ្លាប់បានព្រមាននាពេលកន្លងមកថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្ម និងពន្ធគយនោះទេ ហើយវិធានការការពារនិយម ក៏វាមិនបានឆ្ងាយទៅណាដែរ។ លោកបន្តថា ការផ្តាច់ចំណង និងការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នឹងនាំទៅរកភាពឯកោដោយខ្លួនឯង។
អ្នកនាំពាក្យដដែល គូសបញ្ជាក់ទៀតថា ចិនមិនចង់ប្រយុទ្ធនឹងសង្គ្រាមពាណិជ្ជកម្ម និងពន្ធគយទេ ប៉ុន្តែខ្លួននឹងមិនគ្រវែងខ្លួនចេញនោះឡើង នៅពេលមានសង្រ្គាមបែបនេះ ដោយកត់សម្គាល់ថា ប្រសិនបើសហរដ្ឋអាមេរិក ងាកទៅរកការធ្វើសង្គ្រាមពាណិជ្ជកម្ម នោះចិននឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ យ៉ាងណាមិញ លោកបានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិកចង់ចរចា នោះចិននឹងបើកទ្វារចំហរសម្រាប់ការចរចា។
គួរគូសបញ្ជាក់ថា មកទល់ពេលនេះ ទោះបីជាភាគីទាំងសងខាងបង្ហាញពីជំហរចរចាក្ដី ប៉ុន្តែគ្មានការចរចាជាផ្លូវការកម្រិតខ្ពស់ណាមួយត្រូវបានធ្វើឡើង ឬកំណត់ពេលវេលានៅឡើយនោះទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


