Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំមួយរបស់ចិន ចាប់អារម្មណ៍វិនិយោគលើវិស័យ​យានយន្ត និងកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មកម្រិតខ្ពស់របស់ចិន មានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី បានទទួលជួបពិភាក្សាការងារជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥។

ក្រុមហ៊ុន ICAP ត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ ហើយក្រុមហ៊ុនបានផ្តោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor), ថាមពលថ្មី និងសរសៃការបូន (Carbon Fiber) ជាដើម។

លោក ជា វុទ្ធី បានលើកឡើងពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរ ក៏ដូចជា គោលនយោ​បាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗ។

លោកអគ្គលេខាធិការបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យ​យានយន្តអគ្គិសនី ២០២៤-២០៣០ ផងដែរកាលពីខែឧសភា ឆ្នាំ២០២៤ ដែលគោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។

ចំពោះវិស័យឧស្សាហកម្មស្វាយចន្ទី រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។

តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

ក្នុងន័យដូចបានជម្រាបជូនខាងលើ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់​ទុន​វិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម