សេដ្ឋកិច្ច
ក្រុមហ៊ុន MIRARTH ដាក់ផែនការពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានជាង ២ ម៉ឺនតោន
ក្រុមហ៊ុន MIRARTH Agritech នៅក្នុងខេត្តកំពង់ធំ កំពុងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ចំនួន ៦ តោន ក្នុង១ថ្ងៃ ដើម្បីនាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអឺរ៉ុប។
លោក Ryohei Takesawa តំណាងក្រុមហ៊ុន MIRARTH បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្រុមហ៊ុនគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យឡើងដល់ជាង ២ ម៉ឺនតោន ក្នុងមួយឆ្នាំ នាពេលខាងមុខ។

លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន MIRARTH Agritech ប្រាប់ថា បច្ចុប្បន្នក្រុមហ៊ុនបានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ដូចជាសហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រមទាំងសហគមន៍ទំនើបទាំង៣ ស្ថិតក្នុងខេត្តកំពង់ធំផងដែរ។
តំណាងក្រុមហ៊ុនក៏បានលើកឡើងអំពីគម្រោងផែនការវិនិយោគរបស់ក្រុមហ៊ុននាពេលអនាគត ដោយរួមទាំងគម្រោងផលិតប្រេងជីវឥន្ធនៈផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី និងការនាំយកនូវគ្រឿងសម្ភារៈបរិក្ខា និងបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនសម្រាប់បម្រើឱ្យការកែច្នៃ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី ១០ ខែឧសភាបានធ្វើទស្សនកិច្ចរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុហ៊ុន MIRARTH Agritech ដែលកំពុងវិនិយោគធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ ស្ថិតក្នុងភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដំណើរទស្សនកិច្ចស្វែងយល់អំពីដំណើរការនៃការកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជាការជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន MIRARTH Agritech និងបងប្អូនកម្មករ-កម្មការិនីដែលកំពុងបម្រើការងារ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងក្តីរីករាយដែលក្រុមហ៊ុន MIRARTH Agritech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ ហើយដំណាំស្វាយចន្ទីក៏មានសក្តានុពលខ្ពស់ ដែលអាចធ្វើកែច្នៃបាននៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃផលិតកម្ម ដូចជាការកែច្នៃសំបកគ្រាប់ស្វាយចន្ទីធ្វើជាជីវឥន្ធនៈ គ្រឿងសំអាង និងសូម្បីតែមែកដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានផងដែរ ដើម្បីបង្កើនតម្លៃបន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។
លោក វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុន MIRARTH Agritech ដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី ហើយខេត្តកំពង់ធំអាចជាមជ្ឈមណ្ឌលនៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទីផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី (contract farming) ពីសហគមន៍និងប្រជាកសិករ និងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា និងការបង្កើតការងារ ពិសេសការនាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ដូចជាការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដាំដុះជាដើម។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ