ព័ត៌មានជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការចរចាពន្ធគយបដិការជាមួយអាមេរិកជុំទី២នៅសប្តាហ៍ក្រោយ
ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយដើម្បីធ្វើការចរចាជាមួយមន្រ្តីពាណិជ្ជកម្មអាមេរិកដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ការៈធាវីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី២៧ ខែ ឧសភានេះ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សហអាមេរិក ជាដៃគូសហការដ៏ល្អប្រសើរ និងទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា ខណៈកម្ពុជាបានដាក់គោលដៅក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ និងគោលដៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ លោកថា ដើម្បីសម្រេចគោលដៅនេះ, កម្ពុជាត្រូវការរក្សាឲ្យបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការទាញយកសក្តានុពលនៃ មូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលមួយនេះ ។

ពាក់ព័ន្ធនឹងករណីអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រីបានលើកថា កម្ពុជាបានខិតខំរៀបចំ និងដោះ ស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដូចជាបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន និងបាន ត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) ជុំទី ២ នៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយនេះ ។
លោកថា៖«រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្ក្រាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើម កំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំ ចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។
លោកបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវប្រកាសអន្តរ ក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ ការក្លែង បន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីជំរុញទាក់ទាញវិនិយោគិន បរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាដើម ។

លោកស្រី Bridgette Walker បានលើកឡើងអំពីវឌ្ឍនៈភាពដែលកម្ពុជាបានអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ ពិពិធកម្មប្រភពវិនិយោគឯកជន ។ លោកស្រី ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទ ល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត (Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណែតដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុង តំបន់ ។
លោកស្រីថា៖« ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញជំហរផ្តល់ការគាំទ្រជា ជំនួយបច្ចេកទេសដល់កម្ពុជាពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងបង្កើនភាពធន់នៃវិស័យហិរញ្ញវត្ថុ»។
កាលពីថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំចរចាជុំទី១ ជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្នុងចំណោមបណ្ដាប្រទេស ដែលបានសម្ដែងនូវសុឆន្ទៈរបស់ខ្លួនមុនគេទៅកាន់សហរដ្ឋអាមេរិកនោះគឺ កម្ពុជា។

លោកបន្តថា មានការកត់សម្គាល់ជាពិសេសចំពោះការឆ្លើយតបយ៉ាងរហ័សរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងកាយវិការសុឆន្ទៈ ដែលកម្ពុជាបញ្ចុះពន្ធទំនិញអាមេរិកនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
លោកបានបញ្ជាក់ថា គណៈប្រតិភូកម្ពុជានឹងទៅចរចាម្ដងទៀត នៅថ្ងៃទី ៤-៦ ខែមិថុនា ឆ្នាំ ២០២៥ ដោយលោកបានលើកឡើងថា ការចរចាជុំទី២ នេះ នឹងអាចមានលទ្ធផលមួយចំនួនទៀត ខណៈជុំទី១ រាជរដ្ឋាភិបាលក៏បានបង្ហាញតែត្រឹមលទ្ធផលជាវិជ្ជមានតែ មិនបង្ហាញលម្អិតថា បានលើកអ្វី ឬក៏ទទួលបានអ្វីខ្លះដែរ៕
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


