Connect with us

សេដ្ឋកិច្ច

សមាគមសហព័ន្ធអ្នកវិនិយោគ ប្ដេជ្ញាជំរុញការផ្សព្វ​ផ្សាយ ទាក់ទាញការវិនិយោគ​ពីបរទេស​កមកម្ពុជា

បានផុស

នៅ

ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកល រួមទាំងកម្ពុជាកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានសមាសភាពចំនួន ១២ បានប្ដេជ្ញាបន្តសកម្មភាព​ពង្រីកការផ្សព្វផ្សាយ ទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត ដើម្បីជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២០ ខែមិថុនានេះក្នុងពិធីអបអរសាទរការដាក់ឱ្យដំណើរការជាផ្លូវការមួយឆ្នាំ របស់សមាគម​សហព័ន្ធ​អ្នក​វិនិយោគកម្ពុជាថា សមាគមបានរួមគ្នាពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន​បរ​ទេស​ មកបណ្ដាក់ទុននៅកម្ពុជា សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា លី ឃុនថៃ បន្ថែមថា៖ «សក្ដានុពលរបស់កម្ពុជា គឺសន្តិភាព ស្ថិរភាពនយោបាយ លំ​នឹង​ម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្ម រួមជាមួយច្រកទីផ្សារដ៏ធំទូលាយ ជាមួយ​នឹង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងព្រលាយន្តហោះជាដើម»។

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ​កម្ពុជាអនុម័តគម្រោងវិនិយោគគិតជា​ទឹក​ប្រាក់​ជាង ៤,២ ពាន់​លាន​ដុល្លារ មានការកើនឡើង ៥២% ​បើធៀបនឹងរយៈពេលដូចគ្នា​នៅក្នុងឆ្នាំ ២០២៤។ នេះ​បើយោង​តាម​ក្រុមប្រឹក្សាអ​ភិវឌ្ឍន៍​កម្ពុជា (CDC) ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ ២០២៥។

យោងតាម ​CDC ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ​២៩០ គម្រោង ​កើនឡើង ១៣៧ គម្រោង ​ស្មើនឹង ៩០% ខណៈទុនវិនិយោគមានចំនួន ​៤,២ ពាន់លានដុល្លារ ​កើនឡើង ១,៤ ពាន់លានដុល្លារ ស្មើនឹង ៥២%។ ​

ក្នុងនោះទុនវិនិយោគនៅក្នុងវិស័យឧស្សាហកម្មមានជាង ៣,៦ ពាន់លានដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធចំនួន ៥៥៨ លានដុល្លារ និងទេសចរណ៍ចំនួន ២០ លានដុល្លារ។

សាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានសមាសភាពសរុបចំនួន ១២ រួមមាន៖ សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន, សមាគមអភិវឌ្ឍពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា,​​​​ សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, សមាគមពាណិជ្ជកម្ពុជាអានហួយ, សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា, សមាគមផ្លាស់ប្ដូរវប្បធម៌ និងអភិវឌ្ឍសេដ្ឋកិច្ចភាគខាងត្បូងប្រទេសចិន, សមាគមសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា, សមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា និងសភាពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម