Connect with us

ព័ត៌មានជាតិ

ធនាគារ​ ជីប ម៉ុង និង ក្រុមហ៊ុន អេមរុរ៉ាស៍ចាប់ដៃគ្នាជំរុញហិរញ្ញប្បទានក្នុងវិស័យស្រូវអង្ករដើម្បីបង្កើន​ការនាំចេញ

បានផុស

នៅ

ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុកដ៏ធំមួយ បានសហការជាមួយក្រុមនាំចេញអង្ករដ៏ធំជាងគេរបស់កម្ពុជា ក្រុមហ៊ុន អេមរុរ៉ាស៍(Amru Rice Cambodia) ក្នុងភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទានដើម្បីជម្រុញកសិកម្មស្រូវអង្ករក្នុងការបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាននេះត្រូវបានធ្វើឡើងរវាងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង និងលោកឧកញ៉ា សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាស៍ កាលពីថ្ងៃតី២៤ ខែមិថុនាម្សិលមិញនេះ។

លោកឧកញ៉ា សុង​ សារ៉ន បានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះថា តាមរយៈការសម្រេចបាននូវ MoU នេះ កសិករដែលមានបំណងផ្គត់ផ្គង់មក្រុមហ៊ុនលោកនឹងទទួលបានហិរញប្បទានពីធនាគារ ជីប ម៉ុង ក្នុងអត្រាការប្រាក់ទាប បែបបទងាយស្រួល និងរហ័ស។

លោកឧកញ៉ាថ្លែងថា៖«កាលពីម្សិលមិញនេះយើងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ Chip Mong ដើម្បីទទួលបានហិរញ្ញប្បទានយុទ្ធសាស្រ្តដល់កសិករដែលដាំដុះស្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុន Amru Rice។ ក្រោមកិច្ចសហការនេះ ប្រជាកសិករដែលផលិតស្រូវដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនយើងនឹងទទួលបានហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាប ការផ្តល់ឥណទានមានភាពងាយស្រួល និងរហ័ស។

លោកឧកញ៉ា សុង សារ៉បានថ្លែងបញ្ជាក់ទៀតថា សម្រាប់ជំហានបន្ទាប់ខាងធនាគារនឹងចុះទៅជួបជាមួយប្រជាកសិករតាមបណ្តាខេត្តនានា ដោយផ្ទាល់តែម្តងដើម្បីប្រមូលព័ត៌មាន ដឹងអំពីតម្រូវការផ្សេងដើម្បីរៀបចំឥណទានជូនពួកគាត់។

ក្រុមហ៊ុន Amru Rice (Cambodia) ជាមួយក្រុមហ៊ុន Stabil Nutrition, LLC នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សារណៈនៃការយោគយល់ លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ។

​បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ​ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩តោន​ ដែលគិតជាទឹកប្រាក់ជាង២៥២លានដុល្លារអាមេរិកទៅកាន់ទីផ្សារចំនួន៦៣នៅជុំវិពិភពលោកក្នុងរយៈពេល៥ខែឆ្នាំនេះ។​

ជាមួយបរិមាណនៃការនាំចេញនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥​ លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានោះដែរ កម្ពុជាក៏បាននាំចេញ ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន  ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន  ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។

​ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣%  និងអង្ករផ្សេងៗចំនួន ០.៦៥% ។

បើតាម CRF ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម