ព័ត៌មានអន្ដរជាតិ
ត្រាំ ពន្យារពេលចាប់ផ្ដើមអនុវត្ត «ពន្ធបដិការ» ដល់ថ្ងៃ ១ សីហា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងពន្យារពេលចាប់ផ្ដើមអនុវត្ត «ពន្ធគយបដិការ» រហូតដល់ថ្ងៃទី ១ សីហា ខណៈមន្រ្តីជាន់ខ្ពស់របស់លោកអះអាងថា វាជាការទុកពេលសម្រាប់ចរចាបន្ថែម បើមិនដូច្នោះទេ ប្រទេសនានាដែលមិនសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងជាប់ពន្ធក្នុងអត្រាចាស់ ដែលប្រកាសឡើងនៅដើមខែមេសា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្រកាសយ៉ាងដូច្នេះរបស់លោក ត្រាំ ធ្វើឡើងប្រហែល ៣ ថ្ងៃប៉ុណ្ណោះ មុនពេលពន្ធគយបដិការ ដែលសំដៅលើពន្ធមានអត្រាខ្ពស់ជាង ១០ ភាគរយ គ្រោងចូលជាធរមាននៅថ្ងៃពុធ ៩ កក្កដា ខានស្អែកនេះ។
ប្រធានាធិបតីអាមេរិកដដែល បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ហើយនឹងជូនដំណឹងដល់ប្រទេសផ្សេងៗទៀតអំពីអត្រាពន្ធខ្ពស់ ត្រឹមថ្ងៃទី ៩ ខែកក្កដា។
ពេលសាកសួរដើម្បីបញ្ជាក់ពីអ្វីដែលលោក ត្រាំ ប្រកាស លេខាធិការពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានប្រាប់អ្នកយកព័ត៌មានថា ពន្ធខ្ពស់នឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ប៉ុន្តែលោក ត្រាំ កំពុង «កំណត់អត្រាពន្ធ និងកិច្ចព្រមព្រៀងនានានៅពេលនេះ»។
គួររំឭកថា លោក ត្រាំ ប្រកាសពន្ធបដិការ (ដែលមានអត្រាខ្ពស់ជាង ១០ ភាគរយ ដល់ ៥០ ភាគរយ) និងពន្ធមូលដ្ឋាន (ត្រឹម ១០ ភាគរយ) នៅថ្ងៃទី ២ មេសា។ ពន្ធមូលដ្ឋានបានចូលជាធរមាននៅថ្ងៃ ៥ មេសា រហូតមក ខណៈពន្ធបដិការចូលជាធរមាននៅថ្ងៃ ៩ មេសា មុនពេលលោក ត្រាំ ប្រកាសពន្យារពេលអនុវត្ត ៩០ ថ្ងៃ ដើម្បីចរចា។
មានតែវៀតណាម និងអង់គ្លេសប៉ុណ្ណោះ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មអចិន្ត្រៃយ៍ជាមួយអាមេរិក ខណៈវិធានការពន្ធខ្ពស់កប់ពពកជាមួយចិន ត្រូវបានព្រមព្រៀងបញ្ចុះមកអត្រាទាបរយៈពេល ៩០ ថ្ងៃ គិតពីពាក់កណ្ដាលខែឧសភា។ ការកំណត់ពេលចូលជាធរមានជាថ្មីនៃពន្ធបដិការត្រឹម ១ សីហា មានន័យថា ប្រទេសនានាដែលមានពន្ធខ្ពស់ជាង ១០ ភាគរយ មានពេល ៣ សប្ដាហ៍ទៀត ដើម្បីចរចា។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានបញ្ជាក់ប្រាប់កម្មវិធី State of the Union របស់បណ្ដាញទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា ពន្ធគយដែលប្រកាសនៅខែមេសា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា សម្រាប់ប្រទេសដែលមិនទាន់សម្រេចបានកិច្ចព្រមព្រៀងជាមួយរដ្ឋបាល ត្រាំ។ លោក Bessent បានពន្យល់ថា ប្រធានាធិបតី ត្រាំ នឹងផ្ញើលិខិតទៅដៃគូពាណិជ្ជកម្ម ដោយព្រមានពួកគេថា «ប្រសិនបើគ្មានការព្រមព្រៀងគ្នាទេ ពន្ធនឹងត្រឡប់ទៅកម្រិតថ្ងៃ ២ ខែមេសា ចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា តទៅ»។
លោក Bessent បានបដិសេធថាថ្ងៃទី ១ ខែសីហា គឺជាថ្ងៃកំណត់ថ្មី ប៉ុន្តែបានទទួលស្គាល់ថា វាជាកាលបរិច្ឆេទផ្តល់ឱ្យប្រទេសនានានូវពេលវេលាបន្ថែមទៀត ដើម្បីចរចាឡើងវិញនូវលក្ខខណ្ឌពន្ធ។
ឆ្លៀតក្នុងឱកាសនេះ ប្រធានក្រុមប្រឹក្សាសេតវិមានលោក Stephen Miran បានប្រាប់ ABC America ថា ប្រទេសនានាចាំបាច់ត្រូវធ្វើសម្បទាន ដើម្បីទទួលបានអត្រាពន្ធទាប។
គួរគូសបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-សហរដ្ឋអាមេរិក ដែលប្រកាសឡើងកាលពីសប្ដាហ៍មុន វៀតណាម ដែលរងអត្រាចាស់ ៤៦ ភាគរយ នឹងជាប់ពន្ធ ២០ ភាគរយ សម្រាប់ទំនិញទូទៅរបស់វៀតណាម និង ៤០ ភាគរយ សម្រាប់ «ទំនិញឆ្លងកាត់» (Transshipping goods)។ ជាថ្នូរនឹងនោះ វៀតណាមនឹងបើកទីផ្សារសេរីសម្រាប់ទំនិញអាមេរិក ហើយអាមេរិកអាចនាំចូលទំនិញទៅវៀតណាម ដោយមិនជាប់ពន្ធ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


