ព័ត៌មានអន្ដរជាតិ
អាស៊ីអាគ្មេយ៍រងការគំរាមកំហែងថ្មីពី ត្រាំ: ពន្ធ ១០% បន្ថែម ចំពោះទំនាក់ទំនងជាមួយ BRICS
បណ្ដាប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗ កំពុងរងនូវការគំរាមកំហែងថ្មីពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលព្រមានដាក់ «ពន្ធបន្ថែម ១០ ភាគរយ» ពីលើអត្រាពន្ធខ្ពស់ដែលមានស្រាប់ លើប្រទេសដែលអនុវត្តគោលនយោបាយប្រឆាំងអាមេរិករបស់ប្លុកសេដ្ឋកិច្ច ប្ល្រីកស៍ (BRICS) ដែលមានរុស្ស៊ី និងចិនជ្រោមជ្រែង។

លោក ត្រាំ បានសរសេរលើបណ្ដាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា៖ «ប្រទេសណាក៏ដោយ ដែលដើរតាមគោលនយោបាយប្រឆាំងអាមេរិករបស់ BRICS នឹងរងការបន្ថែមពន្ធ ១០ ភាគរយ ពីលើទៀត»។ លោកបន្តថា៖ «វានឹងគ្មានការលើកលែងចំពោះគោលនយោបាយបែបនេះទេ»។
ការគំរាមកំហែងរបស់លោកយ៉ាងដូច្នេះ ធ្វើឡើងខណៈលោកគ្រោងនឹងផ្ញើ «លិខិតស្ដីពីពន្ធ និង/ឬកិច្ចព្រមព្រៀង(ពាណិជ្ជកម្មពាក់ព័ន្ធពន្ធ)» ទៅកាន់ប្រទេសផ្សេងៗនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ពីអត្រាពន្ធខ្ពស់ដែលពួកគេជាប់ ក្រោយប្រធានាធិបតីដដែលប្រកាសពីការពន្យារពេលចូលធរមាននៃពន្ធបដិការដល់ថ្ងៃ ១ សីហា ដោយរំកិលពីកាលកំណត់ចាស់ ៩ កក្កដា។
លោក ត្រាំ មិនបានបញ្ជាក់ឱ្យច្បាស់នោះទេ ថាតើលក្ខខណ្ឌបែបណា ដែលអាមេរិកនឹងរាប់ចូលថាជាប្រទេស «ដើរតាមគោលនបាយប្រឆាំងអាមេរិករបស់ BRICS»។ នៅអាស៊ីអាគ្នេយ៍ មានប្រទេសឥណ្ឌូណេស៊ី គឺជាសមាជិកពេញសិទ្ធិរបស់ BRICS ខណៈថៃ និងម៉ាឡេស៊ី គឺជាប្រទេសដៃគូផ្លូវការ ហើយប្រទេសទាំងនេះកន្លងមក បានបង្ហាញចំណាប់អារម្មណ៍ លើការចូលជាសមាជិកពេញសិទ្ធិ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក ត្រាំ ធ្វើការគំរាមកំហែងលើ BRICS ចំពោះគោលនយោបាយប្រឆាំងអាមេរិក ដែលរួមបញ្ជូលទាំងគោលនយោបាយងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារ (បដិដុល្លារូបនីយកម្ម)។
យ៉ាងណាមិញ ការគំរាមកំហែងលើកនេះ ធ្វើឡើងខណៈប្រទេសផ្សេងៗនៅអាស៊ីអាគ្មេយ៍កំពុងប្រឈមមុខនឹងហានិភ័យពន្ធខ្ពស់ ដោយមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាល ត្រាំ។ ក្នុងនោះ រួមមាន ថៃ (៣៦ ភាគរយ) ឥណ្ឌូណេស៊ី (៣២ ភាគរយ) និងម៉ាឡេស៊ី (២៤ ភាគរយ)។
ប្រសិនបើការចរចាបរាជ័យ នោះការគំរាមកំហែងរបស់លោក ត្រាំ ចុងក្រោយ មានន័យថា ពន្ធ ១០ ភាគរយ ថ្មី នឹងត្រូវបន្ថែមពីលើអត្រាដែលមានស្រាប់ទាំងនោះ ខណៈវៀតណាម ដែលប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកកាលពីសប្ដាហ៍មុន រងនូវពន្ធ ២០ ភាគរយ។

នាពេលនេះ បណ្ដាប្រទេសអាស៊ីអាគ្មេយ៍កំពុងប្រញាប់ប្រញាល់សម្រាប់ការចរចាជាមួយរដ្ឋបាល ត្រាំ ដែលទាមទារឱ្យពួកគេផ្ដល់នូវសម្បទានល្អៗសម្រាប់អាមេរិក ជាថ្នូរនឹងពន្ធទាប។ ជាថ្នូរនឹងពន្ធ ២០ ភាគរយ វៀតណាមបានយល់ព្រមបើកចំហរទីផ្សារសម្រាប់អាមេរិក ខណៈអាមេរិកអាចនាំចូលវៀតណាមដោយមិនជាប់ពន្ធ បន្ថែមពីលើលក្ខខណ្ឌផ្សេងៗទៀត រួមទាំងការបង្កើនការនាំចូលទំនិញអាមេរិក រឹតត្បឹត «ទំនិញឆ្លងកាត់» (Transshipping goods) វៀតណាម និងកាត់បន្ថយការពឹងផ្អែកលើចិនជាដើម។
មុនពេលលោក ត្រាំ គំរាមពីពន្ធ ១០ភាគរយ បន្ថែមថ្មី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានថ្លែងក្នុងបទសម្ភាសន៍មួយប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យថា ថៃបានដាក់សំណើថ្មីទៅអាមេរិក ដែលរួមបញ្ជូលទាំងការបើកទីផ្សារឱ្យទំនិញកសិកម្ម និងឧស្សាហកម្មរបស់អាមេរិក បន្ថែមពីលើការបង្កើនការទិញថាមពល និងយន្តហោះ Boeing ។ សំណើទាំងអស់នេះ មានគោលបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្ម ៤៦ ប៊ីលានដុល្លារដែលថៃមានជាមួយអាមេរិក(កាលពីឆ្នាំមុន) ឱ្យបាន ៧០ ភាគរយ ក្នុងរយៈពេល ៥ ឆ្នាំ។
ឥណ្ឌូណេស៊ីដែលជាសមាជិក BRICS មួយទៀត ក៏ដាក់សំណើទៅសហរដ្ឋអាមេរិកស្រដៀងគ្នានឹងថៃផងដែរ ជាពិសេសលើការបង្កើនការទិញទំនិញអាមេរិក។ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ឥណ្ឌូណេស៊ី លោក Airlangga Hartarto ដែលកំពុងចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រេស៊ីល គ្រោងនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកថ្ងៃចន្ទនេះ ដើម្បីចរចាបញ្ចុះពន្ធ។

មកទល់ពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មណាមួយ ពាក់ព័ន្ធនឹងពន្ធ ១០ ភាគរយ បន្ថែមថ្មី ពីសមាជិក BRICS នោះទេ។ ប៉ុន្តែគួរកត់សម្គាល់ថា ប៉ុន្មានម៉ោងមុនការគំរាមកំហែងរបស់លោក ត្រាំ ប្លុក BRICS បានចេញសេចក្ដីថ្លែងការណ៍រួមពីទីក្រុង Rio de Janeiro (ប្រេស៊ីល) ដោយសំដៅលើគោលនយោបាយពន្ធរបស់ ត្រាំ ប៉ុន្តែមិននិយាយឈ្មោះអាមេរិកចំៗ យ៉ាងដូច្នេះថា៖ «យើងមានក្តីបារម្ភយ៉ាងខ្លាំងចំពោះកំណើនវិធានការការពារនិយមជាឯកតោភាគី ដែលមិនស្របនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួមទាំងកំណើនពន្ធបដិការមិនរើសមុខ និងវិធានការមិនមែនពន្ធគយ»។
មែនទែនទៅ ប្លុក BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់។ ប្លុកនេះហៅខ្លួនឯងថាជា «វេទិកាសម្របសម្រួលនយោបាយ និងការទូតសម្រាប់ប្រទេសមកពីសកលលោកខាងត្បូង និងសម្រាប់ការសម្របសម្រួលចម្រុះវិស័យ»។
BRICS មិនហៅខ្លួនឯងថាជាប្លុកប្រឆាំងលោកខាងលិចត្រង់ៗនោះទេ ប៉ុន្តែគេមើលឃើញថា វាជាកំពុងបង្កើនឥទ្ធិពលប្រឆាំងអំណាចរបស់លោកខាងលិច ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ នយោបាយ និងការទូតសកល។ កន្លងមក សមាជិកប្លុកធំៗរួមទាំងចិន បានរិះគន់គោលនយោបាយពន្ធគយរបស់លោក ត្រាំ ថាខុសច្បាប់ WTO និងបង្កការខូចខាតដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល ដែលនាំទៅរកភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


