Connect with us

ព័ត៌មានជាតិ

លោក Arnaud Darc ៖កម្ពុជានៅកណ្តាលនៃការប្រឈម​ភូមិសាស្រ្តនយោបាយរវាងចិន-អាមេរិក ជាជាងពាណិជ្ជកម្ម

បានផុស

នៅ

កម្ពុជា​មិន​បាន​ជ្រើសរើស​ការ​ប្រយុទ្ធ​នេះ​ទេ ប៉ុន្តែ​ត្រូវ​ចំណាយ​លើ​តម្លៃ។ ពន្ធបដិការក្នុងអត្រា ៣៦% របស់សហរដ្ឋអាមេរិកទើបតែបង្កើតឡើងវិញនូវផែនទីនៃប្រភពផ្គត់ផ្គង់សកល។ ​កម្ពុជា​ត្រូវ​បាន​ចាប់​ជាប់​នៅ​​​​កណ្តាល​សង្រ្គាម​ដែល​វា​មិន​បាន​ចាប់​ផ្តើ​ម​។

ក្នុងការវិភាគនេះ ខ្ញុំទម្លាយរឿងពិតនៅពីក្រោយការយកពន្ធ ៣៦% របស់សហរដ្ឋអាមេរិកមកលើកម្ពុជា៖

  • ហេតុអ្វីបានជាវាមិនមែនគ្រាន់តែអំពីពាណិជ្ជកម្ម
  • របៀបដែលវៀតណាម ឥណ្ឌូនេស៊ី និងបង់ក្លាដែសកំពុងរៀបចំបោះទីតាំងឡើងវិញ
  • អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​បន្ទាប់ ឬ ក៏ហានិភ័យ​នឹង​ការ​ត្រូវ​បាន​គេ​ទុក​ឱ្យវា​នៅ​ក្រៅ​ប្រទេស​ជា​អចិន្ត្រៃយ៍
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលប៉ះពាល់នៃពន្ធ ៣៦% របស់សហរដ្ឋអាមេរិកមកលើការនាំចេញរបស់កម្ពុជា ​

កាលពីខែកក្កដា ឆ្នាំ ២០២៥ សហរដ្ឋអាមេរិកបានបញ្ជាក់ពីការដាក់​ពន្ធនាំចូល 36% លើរាល់មុខទំនិញពីកម្ពុជា ដោយថយពីអត្រា ៤៩% ដែលបានកំណត់កាលពីពេលមុន។ ចំណាត់ការនេះ គឺស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់បំផុតនៅក្នុងរលកនៃពន្ធថ្មីដែលផ្តោតលើសេដ្ឋកិច្ចជំរុញការនាំចេញ និងគំរាមកំហែងដោយផ្ទាល់ដល់ម៉ាស៊ីននាំចេញរបស់កម្ពុជា ជាពិសេសវិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ ដែល​ជាទំនិញរបស់កម្ពុជានាំទៅកាន់សហរដ្ឋអាមេរិក ដោយសារតែសហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតតែមួយគត់របស់កម្ពុជា (ស្មើនឹងអត្រា ៣៨% នៃការនាំចេញសរុប)។ សម្រាប់អត្រាពន្ធបដិការ ៣៦% នឹងបង្កើនតម្លៃទំនិញកម្ពុជាយ៉ាងខ្ពស់ ដែលធ្វើអោយពុំសូវមានការប្រកួតប្រជែង​។ របាយការណ៍នេះពិនិត្យលើផលប៉ះពាល់ថ្មីៗនៃពន្ធនេះលើភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា ដោយផ្តោតលើសម្លៀកបំពាក់ ហើយប្រៀបធៀបប្រទេសកម្ពុជាជាមួយនឹងដៃគូប្រកួតប្រជែងក្នុងតំបន់សំខាន់ៗដូចជា វៀតណាម បង់ក្លាដែស មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ផ្អែកទៅលើកត្តាសំខាន់ៗ (តម្លៃពលកម្ម ការដឹកជញ្ជូន ការអនុលោមភាព ផលិតភាព និងការលើកទឹកចិត្តពាណិជ្ជកម្ម)។ យើងក៏វាយតម្លៃពីផលប៉ះពាល់សម្រាប់អ្នកប្រើប្រាស់ជនជាតិអាមេរិក និងលទ្ធភាពនៃការផ្លាស់ប្តូរផលិតកម្មសម្លៀកបំពាក់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញផងដែរ។

ប្រវត្តិនៃការ​នាំ​ចេញ​របស់​កម្ពុជា និង​ ឥទ្ធិពលនៃ​​ពន្ធថ្មីនេះ

កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាងពីរទស្សវត្សរ៍ត្រូវបានជំរុញដោយការផលិតដែលផ្តោតលើការនាំចេញ កត្តាចម្បងនោះគឺផលិតផលដែលពឹងផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃថោក។ នៅឆ្នាំ ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួនសរុបប្រហែល ១០ ទៅ ១២ ពាន់លានដុល្លារ ដែលគ្របដណ្តប់ដោយសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។ ឧស្សាហកម្មកាត់ដេរតែមួយគត់ផ្តល់ការងារដល់ប្រជាជនកម្ពុជាប្រមាណ 800 000 នាក់ និងគាំទ្រដល់ជីវភាពរស់នៅរបស់ពលរដ្ឋដទៃទៀតរាប់លាននាក់ដោយប្រយោល។ ភាពជោគជ័យនេះពឹងផ្អែកលើការបើកចំហរទៅកាន់ទីផ្សារបរទេស និងការអនុគ្រោះពន្ធ (ឧ. អត្ថប្រយោជន៍ការអនុគ្រោះពន្ធ(GSP) របស់សហរដ្ឋអាមេរិកលើទំនិញធ្វើដំណើរ និងការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ជាដើម)។

សម្រាប់ពន្ធគយបដិការក្នុងអត្រា ៣៦% របស់សហរដ្ឋអាមេរិកដែលបានកែសម្រួលនេះ ធ្វើឱ្យការភ្ញាក់ផ្អើលពីកត្តាខាងក្រៅយ៉ាងខ្លាំង។  ចំពោះ​ឧស្សាហកម្ម​ដែល​មាន​ប្រាក់​ចំណេញ​តិច ពន្ធ​បែប​នេះ​នៅ​តែ​ធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដោយ​វា​ធ្វើ​ឱ្យ​ផលិតផលសម្លៀក​បំពាក់​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង​ផលិតផល​របស់​គូរ​ប្រកួត​ប្រជែង​​សំខាន់ៗ។ ផលប៉ះពាល់ភ្លាមៗរួមមានៈ ការបង្រួញការបញ្ជាទិញ ការបិទរោងចក្រ និងការបញ្ឈប់ការងារ ជាមួយនឹងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ នៅពេលអ្នកទិញសហរដ្ឋអាមេរិកផ្លាស់ប្តូរប្រភពទំនិគពីកន្លែងផ្សេង។ អ្នកវិភាគព្យាករណ៍ថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកអាចធ្លាក់ចុះជាង ៤០% ក្នុងឆ្នាំដំបូងនៃការអនុវត្តពន្ធបដិការ ដែលស្មើនឹងការខាតបង់ចន្លោះពី ៤ទៅ ៧ពាន់លានដុល្លារ។ រោងចក្ររាប់រយពឹងផ្អែកលើការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ​ ជាមួយនឹងផលវិបាកសង្គម-សេដ្ឋកិច្ច សម្រាប់កម្មករ និងសេដ្ឋកិច្ច​។

ទោះជាយ៉ាង​ណា​ក៏​ដោយ ការ​ឈឺ​ចាប់​របស់​កម្ពុជា​នឹង​ក្លាយ​ជា​ផលចំណេញដល់​ប្រទេស​ដែល​ជា​គូ​ប្រជែង។ អ្នកទិញរបស់សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរយ៉ាងរហ័សក្នុងការស្វែងរកជម្រើសជំនួសប្រទេសកម្ពុជា។ គួរកត់សម្គាល់ថាអ្នកផ្គត់ផ្គង់នៅអាស៊ីផ្សេងទៀតដូចជាវៀតណាម និងបង់ក្លាដែស ដែលប្រឈមមុខនឹងពន្ធគយរបស់សហរដ្ឋអាមេរិកក្នុងអត្រាទាបជាងកម្ពុជាបន្តិចគឺក្នុងអត្រា ២០% (ដោយមានការព្រមានសម្រាប់ការដឹកជញ្ជូនឆ្លង) និង ៣៥% រៀងៗគ្នា ទំនងជាស្រូបយកការបញ្ជាទិញពីកម្ពុជា។ ឥណ្ឌូណេស៊ី ដែលប្រឈមមុខនឹងពន្ធ ៣២% ក៏បានលេចចេញជាដៃគូប្រកួតប្រជែងដ៏គួរឱ្យចាប់អារម្មណ៍មួយផងដែរ។ ជាមួយនឹងទំហំធំជាងមុន មូលដ្ឋានផលិតកម្មចម្រុះ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងស្ថិរភាពនយោបាយ ឥណ្ឌូនេស៊ីកាន់តែមានភាពទាក់ទាញពីក្រុមហ៊ុនម៉ាកយីហោអន្តរជាតិធំៗដែលកំពុងស្វែងរកការការពារហានិភ័យនៅទូទាំងអាស៊ីអាគ្នេយ៍។ បណ្តាប្រទេសដែលមិនមានពន្ធគយខ្លាំងបែបនេះ ជាឧទាហរណ៍ បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកដែលទទួលបានការអនុគ្រោះពន្ធនាំចូលក្រោមកិច្ចព្រមព្រៀង ( African Growth and Opportunity Act—AGOA)  ឥឡូវនេះ នឹងកាន់តែទទួលបានអត្ថប្រយោជន៍ពីរឿងពន្ធបដិការនេះ។ បើយើងធ្វើការប្រៀបធៀបសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទៅនឹងប្រទេសវៀតណាម បង់ក្លាដែស មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី លើចំណុចសំខាន់ៗនោះ ដើម្បីស្វែងយល់ពីរបៀបដែលពន្ធ ៣៦% ផ្លាស់ប្តូរសមីការប្រភពផ្គត់ផ្គង់។

ទិដ្ឋភាពប្រៀបធៀប៖ តម្លៃ សមត្ថភាព និងភាពជឿជាក់

ក្នុងចំណោមដៃគូប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា តម្លៃពលកម្ម និងសក្ដានុពលនៃផលិតភាពមានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយ។ បង់ក្លាដែស ផ្តល់តម្លៃពលកម្មទាបបំផុត ជាមួយនឹងប្រាក់ឈ្នួលគោលដែលសឹងតែពាក់កណ្តាលនៃប្រទេសកម្ពុជា ហើយឧស្សាហកម្មនេះក៏​ផ្តល់នូវប្រសិទ្ធភាពនៃផលិតកម្មផងដែរ បើទោះបីជាមានការព្រួយបារម្ភ​លើការអនុលោមភាព និងការដឹកជញ្ជូនក៏ដោយ។ សម្រាប់វៀតណាមបើធ្វើការរួមបញ្ចូលគ្នានូវប្រាក់ឈ្នួលមធ្យមជាមួយនឹងផលិតភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ និងសមត្ថភាពអនុលោមភាពដ៏រឹងមាំ ​ធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលនៃប្រភពផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាពខ្ពស់។ មីយ៉ាន់ម៉ាគឺមានប្រាក់ឈ្នួលទាបបំផុត ប៉ុន្តែបញ្ហាអស្ថិរភាពនយោបាយ និងហានិភ័យកេរ្តិ៍ឈ្មោះប្រទេស ដោយសារបញ្ហាសិទ្ធិការងារ។

ចំពោះឥណ្ឌូណេស៊ី ដែលជាដៃគូប្រកួតប្រជែងដែលកំពុងលេចឡើងយ៉ាងឆាប់រហ័ស បង្ហាញអំពីកត្តាចម្បងគួរឱ្យទាក់ទាញ៖ ការផលិតទ្រង់ទ្រាយធំ អភិបាលកិច្ចមានស្ថេរភាព ការកែលម្អផ្នែកដឹកជញ្ជូន និងកម្រិតប្រាក់ឈ្នួលប្រហាក់ប្រហែលនឹងកម្ពុជា។ ជាមួយនឹងពន្ធបដិការ ៣២% (ធៀបនឹង ៣៦%) របស់កម្ពុជា ឥឡូវប្រទេសនេះក្លាយជាជម្រើសដ៏ល្អសម្រាប់ម្ចាស់ម៉ាកយីហោល្បីៗដែលកំពុងស្វែងរកការចាកចេញពីប្រទេសកម្ពុជា។

បើនិយាយពីភស្តុភារកម្មវិញ វៀតណាមនៅតែលេចធ្លោរជាងគេជាមួយកំពង់ផែទឹកជ្រៅដ៏ទំនើប និងផ្លូវដឹកជញ្ជូនលឿន។ ប្រទេសបង់ក្លាដែសទទួលរងការកកស្ទះកំពង់ផែ ខណៈ​កម្ពុជាខ្វះការនាំចេញដោយផ្ទាល់ ហើយជារឿយៗពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ប្រទេសវៀតណាម ឬប្រទេសថៃ។ ភស្តុភារកម្មរបស់ឥណ្ឌូនេស៊ីកំពុងមានភាពប្រសើរឡើង ជាមួយនឹងការវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងកំពង់ផែ និងកំណែទម្រង់ពន្ធគយ។

ចំពោះកត្តាអនុលោមភាព ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសនាំមុខគេក្នុងការផលិតប្រកបដោយក្រមសីលធម៌ ដែលគាំទ្រដោយគំនិតផ្តួចផ្តើមនៃកម្មវិធី«រោងចក្រកាន់តែប្រសើរនៅកម្ពុជា–BFC»។ ទោះបីជាយ៉ាងណាក៏ដោយ វៀតណាម និងបង់ក្លាដែសបានបិទគម្លាតជាមួយនឹងសវនកម្មអន្តរជាតិ និងសម្ពាធម៉ាកយីហោ ខណៈដែលមីយ៉ាន់ម៉ាបានធ្លាក់ចុះយ៉ាងខ្លាំងពីកេរ្តិ៍ឈ្មោះ ដោយសារតែការព្រួយបារម្ភអំពីសិទ្ធិមនុស្ស។

ទីបំផុត បញ្ហាទីផ្សារគឹជារឿងដ៏មានសារៈសំខាន់។ ការពឹងផ្អែករបស់កម្ពុជាតាមរយៈការផ្តល់ពន្ធអនុគ្រោះ MFN ​  ខណៈប្រទេសអាហ្រ្វិកគឺពឹងផ្អែកលើកិច្ចព្រមព្រៀង AGOA ដែលទទួលបានការអនុគ្រោះពន្ធនាំចូលសហរដ្ឋអាមេរិកក្នុងអត្រាសូន្យភាគរយ និងវៀតណាមនឹងនៅតែបន្តអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ដើម្បីទទួលបាននូវចំណែកទីផ្សារកាន់តែប្រសើរ​។ ភាពងាយរងគ្រោះផ្នែកគោលនយោបាយរបស់កម្ពុជា ឥឡូវនេះបានក្លាយទៅជាការទទួលខុសត្រូវប្រកួតប្រជែងកណ្តាល។

ចរន្ត​ភូមិសាស្ត្រនយោបាយ៖ កម្ពុជាជាទ្រព្យបញ្ចាំ

ខណៈពេលដែលប្រទេសកម្ពុជានឹងរងផលប៉ះពាល់ដោយផ្ទាល់ពីពន្ធគយនេះ វាជារឿងសំខាន់ដែលត្រូវទទួលស្គាល់ថាវាមិនមែនជាគោលដៅចម្បងនោះទេ។ យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកកាន់តែទូលំទូលាយគឺសំដៅប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន ជាពិសេសតាមរយៈការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលឆ្លងកាត់ ឬពឹងផ្អែកលើប្រទេសទីបីសម្រាប់ការឆ្លងកាត់ និងការបញ្ចៀសទីផ្សារ។ ប្រទេសកម្ពុជា ជាមួយនឹងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិន និងតួនាទីជាផលិតផលផលិតកម្មក្នុងតំបន់ ត្រូវបានជាប់គាំងនៅក្នុងហានិភ័យ។

ការណ៍នេះចាត់ទុកកម្ពុជាមិនមែនជាប្រទេសរំលោភបំពានពាណិជ្ជកម្មនោះទេ ប៉ុន្តែជាការបំផ្លាញនូវវត្ថុបញ្ចាំនៅក្នុងការប្រឈមមុខគ្នាផ្នែកភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ចំពោះសម្ពាធគឺមិនមែនតែអំពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាតែមួយមុខនោះទេ ប៉ុន្តែ និងវាបង្ហាញអំពីក្តីបារម្ភដល់ប្រទេសផ្សេងទៀត​ដែលរួមទាំងសម្ព័ន្ធមិត្ត និងដៃគូប្រកួតប្រជែងជាយុទ្ធសាស្រ្ត ដែលថាសហរដ្ឋអាមេរិកនឹងដាក់ការចំណាយលើសេដ្ឋកិច្ចណាមួយដែលយល់ឃើញដើម្បីជួយសម្រួលដល់ការចូលទីផ្សារដោយប្រយោលរបស់ចិន។ ក្នុង​បរិបទ​នេះ ផល​ប៉ះពាល់​ពន្ធគយ​របស់​ប្រទេស​កម្ពុជាភាគច្រើនកើត​អំពី​ភូមិសាស្ត្រ​នយោបាយ​ជាង​ការ​អនុវត្ត​ពាណិជ្ជកម្ម​របស់​អាមេរិក។

ដូច្នេះការយល់ដឹងអំពីថាមវន្តនេះគឺពិតចាំបាច់។ ប្រសិនបើស្ថានភាពរបស់កម្ពុជាជាសេដ្ឋកិច្ចអព្យាក្រឹត ឬសេដ្ឋកិច្ចតូចមិនការពារវាពីគោលនយោបាយបែបនេះទេ នោះយុទ្ធសាស្ត្ររយៈពេលវែងរបស់វាត្រូវតែគិតគូរដល់ការជាប់ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ដូច្នេះវាមិនមែនត្រឹមតែប្រសិទ្ធភាពសេដ្ឋកិច្ចនោះទេ។ ការណ៍នេះមានន័យថាការឈប់ពឹងផ្អែកលើគេ ការពន្លឿនការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការចូលរួមពហុភាគីនិយម ដែលមានឋានៈស្មើមុខស្មើមាត់គ្នានោះ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៅក្នុងបរិយាកាសពាណិជ្ជកម្មសកលដែលកាន់តែរឹតត្បិត។

អាទិភាពយុទ្ធសាស្ត្រ និងភាពមិនអាចចរចាបាន

ក្នុ្ងងបិរបទនៃការកំណត់ពេលវេលាដ៏ខ្លី ​ និងឧបសគ្គជារចនាសម្ព័ន្ធ កម្ពុជាគួរតែផ្តោតលើចំណុចបីដែលមិនអាចចរចាបាន៖

  • ចំណុចសំខាន់នៃពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប៖ ផ្តល់អាទិភាពដល់បេសកកម្មទៅគោះទ្វារនៅអឺរ៉ុប ដោយផ្តោតទៅកាន់ប្រទេសអាល្លឺម៉ង់ បារាំង និងហូឡង់ ដោយទាញយកប្រយោជន៍ពី​ EBA និង កត្តានិរន្តរភាព។
  • ការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីវាយនភណ្ឌ៖ អភិវឌ្ឍសមត្ថភាពលើការផលិតក្រណាត់ ការជ្រលក់ពណ៌ និងការរចនាម៉ូដដើម្បីបង្កើនសមត្ថភាពជាកញ្ចប់តែម្តង។
  • ​អធិបតេយ្យភាពផ្នែកភស្តុភារកម្ម៖ ពង្រីកកំពង់ផែក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយការពឹងផ្អែកលើវៀតណាម និងថៃ។

សមត្ថភាពប្រតិបត្តិតាមស្ថាប័ន

កម្ពុជា​ក៏​ត្រូវ​ដោះស្រាយ​បញ្ហា​នៃ​ការ​សម្របសម្រួល​គោលនយោបាយ​ដែរ។ ប្រសិនបើគ្មានក្រុមការងារដែលមានការយកចិត្តទុកដាក់ និងផ្តល់សិទ្ធិអំណាចលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម ការអប់រំ និងហិរញ្ញវត្ថុទេ ការអនុវត្តនឹងយឺតយ៉ាវដោយដើរក្រោយយុទ្ធសាស្ត្រដែលដាក់ចេញ។ ភាពជោគជ័យ​តម្រូវឱ្យមានអាជ្ញាធរកណ្តាលដែលមានថវិកា អាណត្តិ និងការគាំទ្រផ្នែកនយោបាយ ដើម្បីជំរុញការអនុវត្តជារួមតែម្តង។

សេចក្តីសន្និដ្ឋាន

ការ​អនុវត្ត​ពន្ធ​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា ៣៦% របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​មូលដ្ឋាន​នូវ​តួនាទី​របស់​កម្ពុជា​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ពិភពលោក។ ជំហរប្រកួតប្រជែងរបស់កម្ពុជាត្រូវបានចុះខ្សោយយ៉ាងខ្លាំង ដោយសារការនាំចេញចម្បងរបស់ខ្លួន (សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ) កាន់តែមានតម្លៃថ្លៃខ្ពស់សម្រាប់អ្នកទិញអាមេរិក។ គូប្រជែងក្នុងតំបន់សំខាន់ៗដូចជា វៀតណាម បង់ក្លាដែស ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា (​កិច្ចព្រមព្រៀង AGOA អាហ្រ្វិក) ​ចាប់យកចំណែកទីផ្សាររបស់កម្ពុជាដែលបាត់បង់ ដោយប្រើប្រាស់ពន្ធទាប ថ្លៃពលកម្មទាប ឬសិទ្ធិពាណិជ្ជកម្ម។ ប្រទេសកម្ពុជាបានផ្លាស់ប្តូរពីអ្នកផ្គត់ផ្គង់ដែលមានតម្លៃប្រកួតប្រជែងទៅជាប្រភពដ៏មានអំណោយផលតិចបំផុតមួយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ការវិភាគបង្ហាញថា គុណសម្បត្តិតម្លៃពលកម្មនៅកម្ពុជា (ឬប្រសិទ្ធភាព និងភាពខ្លាំងនៃការអនុលោមភាព) ត្រូវបានលុបចោលដោយពន្ធបដិការនេះ។ អ្នកទិញនឹងប្តូរទៅបង់ក្លាដែស វៀតណាម ឬឥណ្ឌូនេស៊ី តាមដែលអាចធ្វើទៅបាន ទោះបីជា​ពេលវេលាដឹកជញ្ជូនយូរជាងនេះបន្តិច ឬមានការព្រួយបារម្ភអំពីការអនុលោមភាពក៏ដោយ ព្រោះជម្រើសទាំងនោះមានតម្លៃថោកជាងបន្ទាប់ពីពន្ធគយបដិការត្រូវបានអនុវត្តន៍។ សូម្បីតែប្រទេសដែលពីមុនមានអ្នកវិនិយោគិនចាប់អារម្មណ៍តិចតួចក៏អាចក្លាយជាប្រទេសសំខាន់ ប្រសិនបើពួកគេមានការអនុគ្រោះពន្ធ។ ជាលទ្ធផល យើងនឹងមើលថាសម្រាប់ឧស្សាហកម្មសំលៀកបំពាក់នឹងរីកដុះដាលនៅក្នុងប្រទេសនៅអាហ្រ្វិកមួយចំនួនដូចជាកេនយ៉ា , Madagascar ឬ Honduras ជាដើម។ ​ ប្រទេសកម្ពុជាអាចគេពីបញ្ហាប្រឈមមុខនៃការគម្រាមកំហែងអស្ថិរភាពនៃវិស័យផលិតកម្មរបស់ខ្លួន លុះត្រាតែខ្លួនអាចឈានទៅរកទីផ្សារផ្សេងទៀត ឬបង្កើនជំនាញទៅក្នុងផលិតផលដែលមិនសូវងាយរងនឹងថ្លៃដើមខ្ពស់ ។

សម្រាប់អ្នកប្រើប្រាស់អាមេរិក អត្រាពន្ធកម្ពុជា ៣៦% (ជាផ្នែកនៃកញ្ចប់ពន្ធដ៏ទូលំទូលាយ) ទំនងជាមានន័យថាតម្លៃសម្លៀកបំពាក់ និងស្បែកជើងនឹងឡើងថ្លៃខ្ពស់ ដោយមានការប៉ាន់ប្រមាណថាមានតម្លៃរាប់ពាន់លានដុល្លារនឹងបន្ថែមដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ជា​ថ្នូរ​នឹង​ការ​រំពឹង​ទុក​មាន​កម្រិត​នៃ​ការងារ​ត្រឡប់​មក​កាន់​វិស័យ​កាត់ដេរ​របស់​សហរដ្ឋ​អាមេរិក​វិញ​។ ការវិភាគតម្លៃប្រៀបធៀបតាមផ្នែក បញ្ជាក់យ៉ាងច្បាស់ថា ការកាត់បន្ថយបរិមាណដ៏ច្រើនឡើងវិញនឹងនាំឱ្យតម្លៃលក់រាយខ្ពស់ជាងមុន ដូចជាអ្វីមួយដែលអ្នកប្រើប្រាស់ និងអ្នកលក់រាយនៅសហរដ្ឋអាមេរិកធ្លាប់ជួប។ ដូច្នេះ លទ្ធផលដែលអាចកើតមានច្រើនជាងនេះ គឺការធ្វើពិពិធកម្មពាណិជ្ជកម្ម៖ បណ្តាក្រុមហ៊ុនបញ្ជាទិញនឹងត្រឡប់មកកម្ពុជាវិញ (ដោយសារប្រទេសដែលមានពន្ធខ្ពស់ផ្សេងទៀត) ចំពោះប្រទេសដែលទទួលរងនូវពន្ធបដិការទាប ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់។ យើងទំនងជាឃើញប្រទេសវៀតណាម បង់ក្លាដែស ឥណ្ឌូនេស៊ី និងប្រទេសដទៃទៀតបង្កើនចំណែកនៃការនាំចេញរបស់ខ្លួនទៅកានសហរដ្ឋអាមេរិក ខណៈដែលប្រាក់ចំណូលពីការនាំចេញរបស់កម្ពុជាធ្លាក់ចុះ ដែលវានឹងផលប៉ះពាល់ដ៏ធំដល់សេដ្ឋកិច្ច និងកម្មករ​។

ជារួម សម្រាប់អត្រាពន្ធ ៣៦% លើកម្ពុជាសម្រេចបានផ្ទុយពីអាមេរិកថានឹងគិត “លើការទាញការងារត្រឡប់មកវិញ” នៅក្នុងឧស្សាហកម្មកាត់ដេរ ដោយសារតែវានឹងចែកចាយការងារពីប្រទេសក្រីក្រមួយទៅប្រទេសផ្សេងទៀត ជាជាងត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ សម្រាប់ករណីកម្ពុជា បង្ហាញអំពីមេរៀន​សេដ្ឋកិច្ចមួយថា៖ នៅពេលប្រឈមមុខនឹងការកើនឡើងតម្លៃភ្លាមៗ (ដូចជាពន្ធ) ខ្សែសង្វាក់ផ្គត់ផ្គង់សកលនឹងកែតម្រូវទៅកម្រិតទាបវិញ។ កម្ពុជាបាត់បង់សមត្ថភាពប្រកួតប្រជែង វៀតណាម បង់ក្លាដែស និងឥណ្ឌូណេស៊ី ទទួលបានមកវិញ (ក្នុងកម្រិតទាបជាងមីយ៉ាន់ម៉ា ដោយសារបញ្ហាផ្ទាល់ខ្លួន) ហើយអ្នកប្រើប្រាស់អាមេរិកចំណាយច្រើនជាងនេះបន្តិច។ លុះត្រាតែការដកពន្ធនេះ ជំហររបស់កម្ពុជាដែលជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ឱ្យទីផ្សារ​អាមេរិកនឹងនៅតែមិនមានការប្រកួតប្រជែងខ្លាំង ដែលបង្ខំឱ្យមានការផ្លាស់ប្តូរដ៏ឈឺចាប់មួយ។ ទន្ទឹមនឹងនេះ ទីផ្សារសម្លៀកបំពាក់របស់សហរដ្ឋអាមេរិកនឹងបន្តត្រូវបានផ្គត់ផ្គង់លើសលប់ដោយការនាំចូល ពីប្រភព​ដែលរងនូវអត្រាព​ន្ធទាប ហើយតាមពិតទៅការច្នៃប្រឌិតឡើងវិញនៃសម្លៀកបំពាក់ដែលផលិតដោយអាមេរិកនឹងត្រូវបានកំណត់។ ដូច្នេះ គោលនយោបាយនេះអាចមានប្រសិទ្ធភាពជាងក្នុងនាមជានិមិត្តសញ្ញានៃការពារជាជាងជាអ្នកបង្កើតការងារផលិតកម្មរបស់សហរដ្ឋអាមេរិក ខណៈដែលការខូចខាតរបស់វាចំពោះប្រទេសដែលសេដ្ឋកិច្ចកំពុងអភិវឌ្ឍដែលងាយរងគ្រោះដូចជាប្រទេសកម្ពុជាគឺពិតប្រាកដ និងធ្ងន់ធ្ងរណាស់៕

ដោយ​ Arnaud Darc អតីត​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ ប្រចាំ​នៅ​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

សត្វផ្សោត និង​ពូជត្រីកម្រជាង ២០ ប្រភេទកំពុងត្រូវបានធ្វើការការពារ និង​អភិរក្សក្នុង​ខេត្តក្រចេះ

ព័ត៌មានជាតិ៩ នាទីutes មុន

លោក Arnaud Darc ៖កម្ពុជានៅកណ្តាលនៃការប្រឈម​ភូមិសាស្រ្តនយោបាយរវាងចិន-អាមេរិក ជាជាងពាណិជ្ជកម្ម

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ៊ីរ៉ង់៖ ការវាយប្រហាររបស់អ៊ីស្រាអែល​ បំផ្លាញ​លំនៅឋាន​​ជន​​ស៊ីវិលអស់ជាង ៤០ម៉ឺន​ខ្នង

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

វៀតណាម រកឃើញទីតាំង៣កន្លែង ប្រើសារធាតុគីមី ត្រាំត្រយ៉ូងចេក

ព័ត៌មានជាតិ៣២ នាទីutes មុន

ស.ស.យ.ក ចាប់ដៃជាមួយ អ.វ.ត.ក. ដើម្បីចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

សេដ្ឋកិច្ច២ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

ព័ត៌មានជាតិ២៣ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម