ព័ត៌មានជាតិ
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបានជាង ៤៣៨ លានដុល្លារ
ការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េសម្រេចបានទឹកប្រាក់ចំនួន ៤៣៨,៣៩៥ លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៥នេះ កើនឡើងជិត១១%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្តី។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយកាលពីពេលថ្មីៗនេះ សម្រាប់ទំហំពាណិជ្ជកម្មនេះ ក្នុងនោះកម្ពុជាបាននាំចេញទៅកូរ៉េសម្រេចបានទឹកប្រាក់ចំនួនជិត១៥២លានដុល្លារ ថយចុះជាង២% ខណៈកម្ពុជាបាននាំចូលមកវិញមានទឹកប្រាក់សរុបជាង២៨៦លានដុល្លារកើនឡើងជិត១៩%។ ការណ៍នេះធ្វើឱ្យកម្ពុជាទទួលរងនូវឱនភាពពាណិជ្ជកម្មគិតជាទឹកប្រាក់ចំនួនជិត ១៣៥ លានដុល្លារ។
កំណើននៃការដោះដូរទំនិញទ្វេភាគីរវាងប្រទេសទាំងពីរ ក៏បានឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីចុងឆ្នាំ២០២២ផងដែរ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥បានដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សាធារណរដ្ឋកូរ៉េ កិច្ចសន្ទនានេះ ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនកូរ៉េ ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េខាងត្បូង ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤, ចំនួនគម្រោងវិនិយោគសរុបដែលបានអនុម័តក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥, ស្ថានភាពនៃចំនួនវិនិយោគពីប្រទេសកូរ៉េ និងវឌ្ឍនភាពនៃបេសកកម្មការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រំពឹងថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង នឹងអាចឈានដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ ដែលជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង។ ដោយក្នុងឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ សម្ដេចតេជោ រំពឹងថា ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ បញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។ សម្តេចបានរំលេចថាស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ឯការវិនិយោគកូរ៉េក៏មានកើនឡើង។ ខណៈជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ បើទោះជាអំឡុងពេលការរីករាលជំងឺកូវីដ-១៩។
បើតាមការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត សមិទ្ធផលដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺសម្រេចបាននូវផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដូចជាកំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ចាត់ទុកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថា ជាការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ៕

គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិកកើនឡើង១១,៤៩ភាគរយ ក្នុងនេះការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើនឡើង ១៣,៧៧ភាគរយ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក៏បានឯកភាពបន្តការពិភាក្សាដើម្បីផ្តួចផ្តើមការចរចាលើផ្នែកពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ និងគ្រោងរៀបចំកិច្ចប្រជុំគណៈ កម្មាធិការចម្រុះលើកទី២ នៅកម្ពុជាក្នុងឆ្នាំ២០២៥ ព្រមទាំងជួបពិភាក្សាជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ និងឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


