Connect with us

សេដ្ឋកិច្ច

ភាពរីកចម្រើននៃវិស័យទេសចរណ៍ ជាមូលដ្ឋានគ្រឹះជំរុញម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ

បានផុស

នៅ

សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ បាន​គូស​បញ្ជាក់​ថា​ ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ដែល​បាន​រួមចំណែក ក្នុង​ការ​ជំរុញ​ម៉ាក្រូ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​លើគ្រប់វិស័យ រួម​មាន​ទាំង​វិស័យ​ឯក​ជន​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រធានបទឆ្នាំនេះ ពិតជា​ឆ្លើយតប​ទៅនឹងស្ថានការណ៍ និងនិន្នាការទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែល​រាជរដ្ឋាភិបាល​បន្ត​លើក​កម្ពស់​វិស័យ​ទេសចរណ៍។ ជាពិសេស ការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយ​បន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ព្រម​ទាំង​ការការពារ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្ត រួមមួយច្បាស់លាស់ រវាងគ្រប់ភាគីពាក់ព័ន្ធក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សង្គម វប្បធម៌ និងសេដ្ឋកិច្ច។

ក្នុងនីតិកាលកន្លងទៅ ក្រោមការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃ​កម្ពុជា វិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា មាសបៃតង គឺពិតណាស់ កើតចេញពីមនុញ្ញផលនៃសុខសន្តិភាព។

ដូចគ្នានេះដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យ​អាទិភាព និង​ជា​ឆ្អឹងខ្នង សេដ្ឋកិច្ចដ៏សំខាន់ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់​ធ្នាប់ សាធារណៈមានភាពល្អប្រសើរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កម្ពុជាបាននិងកំពុងបន្តដំណើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅ​សម្រេច​ឱ្យបាន​គោលដៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។

សម្តេច ធិប​តី​ ហ៊ុន​ ម៉ាណែត បាន​សង្កត់​ធ្ងន់​ថា «​ភាពរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករ ជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់»។

សម្តេច​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលមាន សុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យ វិស័យទេសចរណ៍​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់ក្នុងរយៈពេល ៣០ឆ្នាំ ចុងក្រោយនេះ។

ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា​ទទួលបានទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២២,៩% ទេសចរជាតិមានចំនួន ២២,៥២លាននាក់ កើនឡើង ២០,១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣.៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុង ផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤% ជាមួយនឹងការបង្កើតមុខរបរប្រមាណ ៥១ ម៉ឺននាក់។

គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

ក្នុងន័យនេះ សម្តេច​ធិបតី នៅតែមាន សុទិដ្ឋិនិយមថា វិស័យទេសចរណ៍ បន្តជា​វិស័យ​អាទិភាព​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ តាមរយៈ​ការបង្កើត​ឱកាសការងារ ការបង្កើន​ប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ការ​ជំរុញការនាំចេញនៅនឹងកន្លែងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការ​អភិរក្ស​វប្បធម៌ និងការថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម