សេដ្ឋកិច្ច
ទីផ្សារមូលបត្រជាជម្រើសវិនិយោគិន តែគួរប្រុងប្រយ័ត្នប្រភេទវិនិយោគសន្យាផ្តល់ផលចំណេញខ្ពស់
លោក សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងនៅក្នុងសិក្ខាសាលាមួយស្តីពី «កំណប់ក្នុងផ្សារមូលបត្រ» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា ទីផ្សារមូលបត្រ គឺមានផលិតផលជាច្រើន ដែលជាជម្រើសទៅដល់វិនិយោគិន តែក៏គួរតែប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងប្រភេទវិនិយោគដែលសន្យាផ្តល់ផលចំណេញខ្ពស់ហួសហេតុ។

ក្នុងឱកាសនោះ លោក សៀង ធីរិទ្ធ បានមានប្រសាសន៍ថា ទីផ្សារមូលបត្រ មានផលិតផលជាច្រើនដែលជាជម្រើសដល់វិនិយោគិន ដូចជា មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាដើម ដែលជាផលិតផលបោះផ្សាយលក់ដោយក្រុមហ៊ុនដែលឆ្លងកាត់ការវាយតម្លៃលក្ខខណ្ឌគុណវុឌ្ឍិដោយ ន.ម.ក. ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
លោកបានពន្យល់ថា វិនិយោគិនដែលបានទិញ មូលបត្រកម្មសិទ្ធិ នឹងក្លាយទៅជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិតាមសមាមាត្រភាគហ៊ុន ដែលវិនិយោគិនបានកាន់កាប់ដោយទទួលបានមកវិញនូវភាគលាភ និងប្រាក់ចំណេញមូលធន (ការជួញដូរក្នុងទីផ្សារដំបូង អាចទទួលបានប្រាក់ចំណេញមូលធនរហូតដល់ ១៥០% នៃថ្លៃ IPO និងនៅទីផ្សារបន្ទាប់ បម្រែបម្រួលថ្លៃគឺ ១០%)។ ដោយឡែក វិនិយោគិនដែលបានទិញមូលបត្របំណុល នឹងក្លាយទៅជាម្ចាស់បំណុលរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ បំណុល ដោយទទួលបានមកវិញជាគូប៉ុង (ការប្រាក់)។

ជាមួយគ្នានេះ លោកក៏បានបន្តថា វិនិយោគិនមិនគួរខ្ចីបំណុលធនាគារដើម្បីវិនិយោគក្នុងវិស័យមូលបត្រឡើយ ព្រោះថាការវិនិយោគក្នុងវិស័យមូលបត្រគ្រាន់តែជាជម្រើសបន្ថែម ពីការវិនិយោគលើវិស័យដ៏ទៃទៀតដូចជា ការដាក់ប្រាក់បញ្ញើនៅធនាគារ ឬវិនិយោគលើវិស័យអចលនទ្រព្យជាដើម។
លោក សៀង ធីរិទ្ធ បានលើកឡើងថា អ្នកវិនិយោគក៏គួរប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការអូសទាញប្រភេទវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់ហួសហេតុដូចជាការទាញចូលក្រុមតេឡេក្រាម និងសូមធ្វើការវិនិយោគជាមួយក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. និងអាជ្ញាធរពាក់ព័ន្ធ។ ជាពិសេសត្រូវពិចារណាទៅលើប្រភេទវិនិយោគ ដែលដាក់សាច់ប្រាក់ ៥.០០០ ដុល្លារអាមេរិក និងទទួលបានមកវិញ ២៥០.០០០ ដុល្លារអាមេរិក ក្នុងរយៈពេល បីម៉ោង។

សូមជម្រាបថា ទីផ្សារមូលបត្រគឺជាប្រភពហិរញ្ញវត្ថុមួយ អាចហៅថា “ប្រភពនៃកំណប់” ប៉ុន្តែទាមទារឱ្យវិនិយោគិនមាន ពេលវេលាគ្រប់គ្រាន់ ចំណេះដឹងច្បាស់លាស់ និងការអត់ធ្មត់ខ្ពស់ តាមរយៈការស្រាវជ្រាវ និងតាមដានព័ត៌មានផ្លូវការ ជាពិសេស ការវិនិយោគក្នុងវិស័យមូលបត្រជាការវិនិយោគដែលស្របច្បាប់ក្នុងទីផ្សារមូលបត្រកម្ពុជា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


