អត្ថាធិប្បាយ
ទស្សនៈបណ្ឌិត៖ មិនគួរប្រកាន់យកទស្សនៈ«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់»ទេ!
សុភាសិត«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» កើតមាននៅក្នុងសង្គមខ្មែរតាំងពីយូរលង់មកហើយ សមាជិកសង្គមខ្មែរបានយល់ដឹងអត្ថន័យរបស់វាស្ទើរតែគ្រប់គ្នា ដូចជា ក្នុងករណីសមាជិកម្នាក់របស់ក្រុមណាមួយខូច គេក៏និយាយថា ក្រុមនោះខូចដែរ, សមាជិកណាម្នាក់របស់គ្រួសារមួយខូច គេក៏សន្មតថា គ្រួសារនេះខូចដែរ, មន្ត្រីម្នាក់របស់ស្ថាប័នមួយពុករលួយ គេក៏សន្និដ្ឋានថាស្ថាប័ននោះ ពុករលួយដែរ, បើបេក្ខជនណាម្នាក់លួចចម្លងឯកសារពេលប្រឡង គេក៏ចោទថា បេក្ខជនផ្សេងទៀត ក៏លួចចម្លងដូចគ្នាដែរ, និក្ខេបបទណាមួយមិនមានលក្ខណៈវិទ្យាសាស្ត្រ គេក៏សន្និដ្ឋានថា និក្ខេបបទដទៃទៀតក្នុងជំនាន់ជាមួយគ្នានោះ ក៏គ្មានលក្ខណៈវិទ្យាសាស្ត្រដែរ…។

តាមពិត ការពិចារណាបែបនេះ គឺជាទម្រង់នៃការពិចារណាបែបអនុមានរួម ដែលវាមិនអាចឈានទៅដល់សច្ចភាពដាច់ខាត ឬខ្ពស់បំផុតបានទេ និងផ្ទុយទៅវិញ វាងាយនឹងខុសបំផុត ជាពិសេស នៅពេលដែលព័ត៌មាន ឬទិន្នន័យដែលគេយកមកធ្វើជាបង្អែកនោះមិនគ្រប់គ្រាន់ ឬអំណះអំណាងដែលគេយកជាមូលដ្ឋានក្នុងការទាញសេចក្ដីសន្និដ្ឋាន ការវាយតម្លៃ ឬការវិនិច្ឆ័យនោះ មិនសមហេតុផល មិនមានសង្គតិភាព មិនស្របនឹងតថភាព សច្ចភាព និងមិនរឹងមាំ។
ការពិចារណាតាមបែប«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» គឺគ្រាន់តែជាការពិចារណាសើៗ ដែលគ្មានភ័ស្តុងតាងគ្រប់គ្រាន់, គ្មានសុភនិច្ឆ័យ, គ្មានមូលដ្ឋានត្រឹមត្រូវ សមហេតុផល និងរឹងមាំ ដែលមិនគោរពតាមគោលការណ៍នៃការគិតបែបហ្មត់ចត់(Critical thinking)។ អ្នកពិចារណាបែប«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ភាគច្រើន គឺជាមនុស្សហៃអើ ដែលធ្វើការសន្និដ្ឋាន ឬធ្វើការសម្រេចិត្តតាមអារម្មណ៍ ឬវេទនារម្មណ៍ ជឿតាមអ្នកនាំពាក្យលម្អៀងណាម្នាក់ ឬអ្នកអែបអបណាម្នាក់ដែលបានរាយការណ៍ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬគោលបំណងមិនល្អណាមួយ។

ដោយផ្អែកលើតថភាព សច្ចភាព បទពិសោធន៍ និងហេតុការណ៍សង្គមភាគច្រើន យើងបានមើលឃើញថា«ត្រីមួយត្រក ដែលស្អុយតែមួយ មិនអាចស្អុទាំងអស់ទេ» វាគ្រាន់តែជាប់ខ្លិន ឬចំហាយពីត្រីមួយដែលស្អុយនោះតែប៉ុណ្ណោះ។ ត្រីដែលស្អុយនោះ គឺជាត្រីងាប់ ក្នុងករណីជាច្រើន ត្រីមួយងាប់មិនប្រាកដថាត្រីផ្សេងទៀតនៅក្នុងត្រកជាមួយគ្នានោះងាប់ដែរនោះទេ។ លើសពីនេះទៅទៀត បើទោះបីជាត្រីភាគច្រើនក្នុងត្រកនោះងាប់ ក៏មិនប្រាកដាថា ត្រីទាំងអស់ងាប់ដែរ។ ដូច្នេះ គេគួរដកយកតែត្រីងាប់នោះចេញបានហើយ កុំចាក់ត្រីដទៃទៀតដែលមិនងាប់នោះចេញពីត្រកឱ្យសោះ ពីព្រោះនាំឱ្យខូចប្រយោជន៍ធំ។ តាមពិត សច្ចភាព វាមិនអាស្រ័យលើមតិភាគតិចឬច្រើននោះទេ វាអាស្រ័យលើថា តើមតិណាមួយសមហេតុផលជាងគេបំផុត និងស្របជាមួយតថភាព ឬការណ៍ពិតឬអត់។
ដូចគ្នាដែរ ប្រសិនបើបុគ្គលណាម្នាក់ ឬសមាជិកណាម្នាក់បានប្រព្រឹត្តខុស គួរតែដាក់ទោសតែអ្នកនោះបានហើយ មិនគួរចាត់វិធានការណាមួយដែលនាំឱ្យខូចកេរ្ដិ៍ឈ្មោះ និងបាត់បង់ផលប្រយោជន៍របស់ក្រុម គ្រួសារ ស្ថាប័ន និងអ្នកដទៃដែលមិនបានប្រព្រឹត្តខុសនោះទេ។ ប្រសិនបើអ្នកដែលមានសិទ្ធិធ្វើសេចក្ដីសម្រេចិត្ត ប្រើប្រាស់តួនាទី សិទ្ធិ និងឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេចអ្វីមួយដោយផ្អែកលើគំនិតនៃសុភាសិត«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» នោះនាំឱ្យអ្នកដែលទទួលផលប៉ះពាល់ពីសេចក្ដីសម្រេចិត្តនេះ នឹងទទួលរងគ្រោះដោយខូចកេរ្ដិ៍ឈ្នោះ បាត់បង់ផលប្រយោជន៍ត្រឹមត្រូវ និងទទួលនូវភាពអយុត្តិធម៌ផ្សេងៗទៀត។

ក្នុងទិដ្ឋភាពសង្គមនាពេលថ្មីៗនេះ យើងសង្កេតឃើញបងប្អូនខ្មែរយើងមួយចំនួននៅតែបន្តប្រើប្រាស់ទូទៅនីយកម្ម ឬទស្សនៈ«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់»ដែរ ដូចជា ពេលឃើញមន្ត្រីរាជការខ្មែរមួយចំនួនប្រព្រឹត្តអំពើពុករលួយ ក៏នាំគ្នាសន្មតថា មន្ត្រីរាជការខ្មែរទាំងអស់សុទ្ធតែប្រព្រឹត្តអំពើពុករលួយ ឃើញបុគ្គលជាអាជ្ញាធរមួយចំនួនប្រព្រឹត្តអំពើអសីលធម៌ ក៏នាំគ្នាសន្មតថាអាជ្ញាធរទាំងអស់សុទ្ធតែប្រព្រឹត្តអំពើអសីលធម៌ដូចគ្នា ឃើញបណ្ឌិតមួយចំនួននិយាយមិនសមហេតុផល ក៏នាំគ្នានិយាយបន្ទរតាមគ្នាថាបណ្ឌិតទាំងអស់សុទ្ធដូចគ្នា។ ក្រៅពីនេះ ក៏មានបងប្អូនខ្មែរខ្លះដែលរស់នៅក្នុងប្រទេស បានឃើញប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេសនិយាយអាក្រក់ពីប្រទេសរបស់ខ្លួន ក៏សន្និដ្ឋានថា ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេសសុទ្ធតែនិយាយអាក្រក់ពីប្រទេសរបស់ខ្លួនដូចគ្នា និងផ្ទុយមកវិញ បងប្អូនខ្មែរមួយចំនួននៅក្រៅប្រទេសដែលបានឃើញ ប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងស្រុកនិយាយមិនសមហេតុផលលើបញ្ហាណាមួយ ក៏នាំគ្នាសន្និដ្ឋានថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅក្នុងស្រុក សុទ្ធតែជាមនុស្សដែលនិយាយមិនសមហេតុផល។
ការនិយាយបែបនេះ គឺជាការនិយាយបែបទូទៅនីយកម្មប្រញាប់ប្រញាល់ ដែលខ្វះមូលដ្ឋានត្រឹមត្រូវ ខ្វះភ័ស្តុតាងច្បាស់លាស់ និងរឹងមាំ ខ្វះភាពសមហេតុផល ហើយវាបានបញ្ឆេះកំហឹងរវាងខ្មែរនឹងខ្មែរ ដែលនាំឱ្យសង្គមខ្មែរកាន់តែមានអរិភាពនឹងគ្នា កាន់តែបែកបាក់ កាន់តែខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំង បាត់បង់សាមគ្គីភាព ឧត្តមភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។ លើសពីនេះទៀត ក៏អាចនឹងធ្វើឱ្យឈានទៅការបាត់បង់សន្តិភាព សន្តិសុខ យុត្តិធម៌ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនា។

ហេតុនេះ សូមបងប្អូនជនរួមជាតិខ្មែរ បញ្ឈប់ការប្រើទស្សនៈ«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់»តទៅទៀត ដែលជាប្រភេទវិរុទ្ធនិទស្សន៍នៃទូទៅនីយកម្មប្រញាប់ប្រញាល់នេះ ដើម្បីទទួលបានមកវិញនូវស្មារតីជាតិ ស្នេហាជាតិ ការបង្រួបបង្រួបជាតិ ឯកភាពជាតិ ក៏ដូចជា អាចរក្សាបាននូវសន្តិភាព សន្តិសុខ យុត្តិធម៌ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនាយូរអង្វែងក្នុងគ្រួសារខ្មែរ ព្រមទាំងអាចប្រកួតប្រជែងជាមួយបរទេស និងអាចរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាជាតិជិតខាង ប្រជាជាតិក្នុងតំបន់ និងពិភពលោក៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


