Connect with us

កូវីដ-១៩

ក្រោយឆ្លងលើស១លានករណី អ្នកជំនាញព្រមានថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចជួបស្ថានភាពដូច ឥណ្ឌា

បានផុស

នៅ

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានព្រមានថា ប្រទេសហ្វីលីពីន អាចប្រឈមនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ដូចទៅនឹងការឆ្លងដែលបានរាតត្បាតប្រទេសឥណ្ឌាក្នុងខែនេះដែរ ចំពេលមានរបាយការណ៍ថា កំពុងមានអ្នកជំងឺណែនតាន់តាប់ក្នុងមន្ទីរពេទ្យនៃទីក្រុង ម៉ានីល ខណៈករណីឆ្លងទូទាំងប្រទេសបានកើនលើស ១លានករណីហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Rodrigo Ong នៃក្រុមស្រាវជ្រាវ OCTA បាននិយាយថា ឥឡូវ ប្រទេសហ្វីលីពីន កំពុងស្ថិតនៅចំណុចដូចគ្នាពោលគឺឆ្លងប្រហែល ១០,០០០ករណីក្នុងមួយថ្ងៃ ដែលប្រទេសឥណ្ឌាបានឈានដល់ នៅពេលអាជ្ញាធរនៅទីនោះ បានសម្រេចចិត្តដកការរឹតត្បិតលើការប្រមូលផ្តុំទ្រង់ទ្រាយធំ ដោយសារពួកគេគិតថា វីរុសនេះ គ្រប់គ្រងបានហើយ។

លោកបាននិយាយថា ការរាតត្បាតនៅប្រទេសហ្វីលីពីន គឺស្ថិតក្នុង “តុល្យភាពមិនមាំមួន” គិតត្រឹមថ្ងៃអង្គារ ដោយមន្ទីរពេទ្យ បានប្រើប្រាស់គ្រែអស់ជាង៨០ភាគរយហើយ។

លោក Ong និយាយថា “នៅពេលយើងឈានដល់ចុងខែមេសា និងជាមួយលទ្ធភាពនៃការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតនោះ តុល្យភាពមិនមាំមួននេះ អាចធ្វើឲ្យកម្រិតសមត្ថភាពរបស់ប្រព័ន្ធថែទាំសុខភាពអាចទប់ទល់លែងជាប់ទាំងស្រុង”។

យោងតាមតួលេខរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសហ្វីលីពីន បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន៧,២០៤ករណីកាលពីថ្ងៃអង្គារ ពោលគឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុតប្រចាំថ្ងៃ ១៥,៣១០ករណីកាលពីថ្ងៃទី ២ខែមេសា។

ចំណែកវេជ្ជបណ្ឌិត Anthony Leachon ដែលជាអតីតទីប្រឹក្សាក្រុមការងារកូវីដ-១៩ របស់រដ្ឋាភិបាលក្រុងម៉ានីល បានប្រាប់កម្មវិធី This Week In Asia ថា ការរឹតត្បិតតែម្យ៉ាង ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់នូវការកើនឡើងនៃករណីឆ្លងថ្មីទេ លុះត្រាតែមានការចាក់វ៉ាក់សាំង។

លោកនិយាយថា “ទោះបីជាយើងបន្តការ Lockdown យ៉ាងតឹងរ៉ឹងក៏ដោយ ក៏វិបត្តិអាចរឹតតែអាក្រក់ទៅៗដោយសារតែវីរុសបំប្លែងខ្លួន ដែលបានលេចឡើងនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ប្រេស៊ីល ឥណ្ឌានិងកន្លែងផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Rodrigo Duterte បាននិយាយថា​ រដ្ឋាភិបាលរបស់លោក បានទិញវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ដល់ប្រជាជនចំនួន៧០លាននាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសហ្វីលីពីន បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុប ១,០១៣,៦១៨ករណី ស្លាប់ ១៦,៩១៦នាក់ និងជាសះស្បើយ ៩២៥,០២៧នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ឥណ្ឌាផុងកាន់តែជ្រៅ! ដឹងពេទ្យមើលលែងទាន់ អ្នកខ្លះលោតសម្លាប់ខ្លួន អ្នកខ្លះសម្លាប់កាត់ក្បាលប្រពន្ធ ព្រោះឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម