Connect with us

កូវីដ-១៩

រដ្ឋបាល​រាជធានី សម្រេច​បន្ថែម​ទីតាំង​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ និង​យុវវ័យ នៅ​មន្ទីរ​សម្រាក​ព្យាបាល អូ​ឡាំ​ព្យា មេ​ឌី​ខ​ល ដោយ​ឥតគិតថ្លៃ

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានសម្រេច​បន្ថែម​ទីតាំង​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី ១២ ដល់​ក្រោម ១៨​ឆ្នាំទៅ មន្ទីរ​សម្រាក​ព្យាបាល អូ​ឡាំ​ព្យា មេ​ឌី​ខ​ល ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម ផ្តល់​សេវា​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​កុមារ និង​យុវវ័យ​ខាងលើ​ដោយ​ឥតគិតថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០៤​សីហា​នេះ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​មាតាបិតា និង​អាណាព្យាបាល ព្រមទាំង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់បាន​ជូនដំណឹង​អំពី​យុទ្ធនា​ការចាក់​វ៉ាក់​សាំង សម្រាប់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរ ពេទ្យ​បង្អែក សរុប​ចំនួន ៣៩​ទីតាំង នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ សម្រាប់​ដូ​ស​ទី​១​។ បន្ទាប់ពី​ការប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ – សម្រាប់ កុមារ និង​យុវវ័យ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រោយពី​ទទួលបាន​ការជូនដំណឹង​របស់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេតឃើញថា​ មាន​មាតាបិតា និង​អាណាព្យាបាល​ជាច្រើន​បាន​នាំ​បុត្រ​ធីតា និង​សាច់ញាតិ​របស់ខ្លួន​មក​ទ​ទូល​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​មាន​ចំនួន​យ៉ាងច្រើន​កុះករ ដែល​កាយវិការ​នេះ​បាន​បង្ហាញ ឱ្យឃើញ​ពី​ការ​រួមចំណែក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការ​ចាក់​វ៉ាក់សាំង ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ ដើម្បី​ជំរុញ​ឱ្យ​ការចាក់​វ៉ាក់​សាំង​ប្រព្រឹត្តទៅបាន​លឿន និង​ឆាប់រហ័ស​ស្របតាម ផែនការ​កំណត់ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ជូន មន្ទីរ​សម្រាក​ព្យាបាល អូ​ឡាំ​ព្យាមេ​ឌី​ខ​ល ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម ផ្តល់​សេវា​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ដោយ​ឥតគិតថ្លៃ​។

អាស្រ័យហេតុនេះ សូម​មាតាបិតា នឹង​អាណាព្យាបាល ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិតក្នុង​ខណ្ឌ​៧​មករា អញ្ជើញ​យក​បុត្រ​ធីតា និង​សាច់ញាតិ​របស់​ខ្លួន​ទៅ​ទទួលយក​សេវា​ចាក់​វ៉ាក់​សាំង​ដោយ​ឥតគិតថ្លៃ​នៅ មន្ទីរ​សម្រាក​ព្យាបាល អូ​ឡាំ​ព្យា មេ​ឌី​ខ​ល ដែលមាន​ទីតាំងនៅ​អូ​ឡាំ​ព្យា​ស៊ី​ធី អ​តារ​ស៊ី​៥ ផ្លូវ​១៦១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ទាំងអស់ ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ខឿន​សុខុមាលភាព​សាធារណៈ ដោយ​ឥតគិតថ្លៃ​ជូន​ដល់ កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ អាចធ្វើ​ការស្នើសុំ​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​គតិយុត្តិ និង​លិខិតបញ្ជាក់​ផ្សេងៗ​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច មក រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ពិនិត្យ សម្រេច​ជូន។

ជាថ្មី​ម្តងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក​ដល់​មាតាបិតា និង​អាណាព្យាបាល​ដែល​ត្រូវ​នាំ​បុត្រ​ធីតា ឬ​សាច់ញាតិ មក​ទ​ទូល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យបាន​ជាដាច់ខាត​នូវ​ការរក្សា​គម្លា​ត​សុវត្ថិភាព ការ​ពាក់ ម៉ាស តម្រង់​ជួរ​ជៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា កៀក​គ្នា ណែនណាន់តាន់តាប់ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​ការចូលរួម​អនុវត្ត​នូវ វិធានការ​សុខាភិបាល និង​វិធានការ “៣ ការពារ និង ៣​កុំ​” របស់ សម្តេច​អគ្គម​ហាសេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឈរលើ​ស្មារតី​ស្រឡាញ់​ជាតិ សហគមន៍ អាយុជីវិត​ផ្ទាល់ខ្លួន​និង​ក្រុមគ្រួសារ ក្នុង​ឆន្ទៈ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ឈាន​ទៅ​លុបបំបាត់ និង​កាត់ផ្ដាច់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង “​ព្រឹត្តិការ​ណ៍​សហគមន៍ ២០​កុម្ភៈ ២០២១- ឱ្យបាន​ឆាប់​នាពេល​ខាងមុខនេះ​។

ខ្លឹមសារ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ជា​មាតា បិតា និង​អាណាព្យាបាល ព្រមទាំង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​អនុវត្ត​ការងារ​នេះ ឲ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម