ជីវិតកម្សាន្ដ
Zhao Lusi ចាកចេញពីភ្នាក់ងារចាស់ ក្រោមហេតុផល «ដោះដូរសេរីភាព»
តារាសម្តែងចិនដ៏ល្បីល្បាញ Zhao Lusi បានប្រែក្លាយការប្រគំតន្ត្រីខួបកំណើតផ្ទាល់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ទៅជាការអបអរសាទរនៅក្នុងការចាប់ផ្តើមនៃជីវិតថ្មីមួយ។ បន្ទាប់ពីប្រកាសជាផ្លូវការអំពីការបញ្ចប់កិច្ចសន្យាជាមួយភ្នាក់ងារចាស់ តារាស្រីបានបង្ហាញពីការពិតនៅពីក្រោយការតស៊ូ ដើម្បីឯករាជ្យនិងសេរីភាព នៅក្នុងឧស្សាហកម្មកម្សាន្តមួយនេះ។

នៅក្នុងព្រឹត្តិការណ៍ខួបកំណើតនោះ តារាស្រីវ័យក្មេងបានបង្ហាញខ្លួនពីលើឆាកអមដោយការអបអរសាទរពីអ្នកគាំទ្រ និងបរិយាកាសកក់ក្តៅ។ ភ្លាមៗនោះ ការទះដៃបានប្រែក្លាយទៅជាស្ងាត់ស្ងៀម ខណៈពេលដែលនាងនិយាយទាំងទឹកភ្នែកថា «ពីរខែមុន ខ្ញុំពិតជាគិតថាខ្ញុំមិនអាចសម្តែងបានទៀតទេ។ ប៉ុន្តែឥឡូវនេះ» ខ្ញុំសប្បាយចិត្តណាស់។ ទោះបីជាខ្ញុំនៅតែឈឺក៏ដោយ ខ្ញុំនៅតែអាចធ្វើអ្វីដែលខ្ញុំស្រឡាញ់»។
តួចិនរូបនេះនៅតែបន្តនិយាយទាំងសំឡេងញ័រទៀតថា «សូមអរគុណដល់ស្ទូឌីយោថ្មីរបស់យើង សូមអរគុណដល់ក្រុមហ៊ុនថ្មីរបស់យើង សូមអរគុណច្រើន» នាងបាននិយាយ ដោយបញ្ជាក់យ៉ាងច្បាស់ថានាងបានបញ្ចប់ទំនាក់ទំនងរបស់នាងជាមួយភ្នាក់ងារចាស់របស់នាងជាផ្លូវការ។
ពាក្យសម្ដីស្មោះត្រង់ និងរំជួលចិត្តរបស់នាង បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍សឹងមិននឹកស្មានថាប៉ុន្មានមកនេះ Zhao Lusi លាក់ភាពឈឺចាប់នេះជាយូរណាស់មកហើយ។ នៅពីក្រោយស្នាមញញឹមនៅយប់នោះ គឺជាពេលវេលាដ៏លំបាកដែលរូបនាងបានប្រឈមមុខក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ប្រភពមួយបានបង្ហាញថា នាងបានទទួលការព្យាបាលវេជ្ជសាស្រ្តដ៏យូរ និងបានបញ្ឈប់សកម្មភាពផ្សព្វផ្សាយទាំងអស់ ចំពេលមានជម្លោះកិច្ចសន្យាជាមួយភ្នាក់ងារចាស់។ ជម្លោះនេះពាក់ព័ន្ធនឹង សិទ្ធិសម្រេចចិត្តលើការងារ រូបភាពសិល្បករ និង សេរីភាពវិជ្ជាជីវៈ។
ដូច្នេះការសម្រេចចិត្តនេះមិនមែនជារឿងងាយស្រួលនោះទេ។ Zhao Lusi ត្រូវលះបង់ក្រុមចាស់ ស្ថិរភាពអាជីពរបស់នាង និងប្រឈមមុខនឹងសម្ពាធសង្គម ជាថ្នូរនឹងរឿងមួយដែលនាងចង់បានបំផុត «សេរីភាពក្នុងការធ្វើជាខ្លួនឯងម្តងទៀត»។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប្រកាសពីការបែកគ្នា Zhao Lusi បានបង្កើតជាផ្លូវការនូវឈ្មោះ «Zhao Lusi Studio» ដែលជាស្ទូឌីយោមួយដែលនាងនឹងគ្រប់គ្រងដោយខ្លួនឯងទាំងស្រុង រួមទាំងការជ្រើសរើសស្គ្រីប ការរៀបចំរូបភាព និងការទំនាក់ទំនងរបស់អ្នកគាំទ្រ។ ការចាប់ផ្តើមថ្មីនេះបានផ្តល់ឲ្យនាងនូវអំណាចសម្រេចចិត្តកាន់តែច្រើន ហើយអាចបង្កើតស្នាដៃដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណដោយសេរី។
សម្រាប់អ្នកគាំទ្រ យប់នោះមិនមែនគ្រាន់តែជាការប្រគំតន្ត្រីខួបកំណើតនោះទេ ប៉ុន្តែវាក៏ជា ការប្រកាសពីការកើតជាថ្មី សម្រាប់ Zhao Lusi ដែលជាស្ត្រីម្នាក់ដែលបានជ្រើសរើសមិនចុះចាញ់នឹងប្រព័ន្ធនេះ ប៉ុន្តែផ្ទុយទៅវិញបានក្រោកឈរឡើងជាសិល្បករម្នាក់ដែលអាចគ្រប់គ្រងជីវិតរបស់នាងម្តងទៀត។
សំឡេងទះដៃអបអរសាទរយ៉ាងខ្លាំងនៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះគឺជាការឆ្លើយតបយ៉ាងច្បាស់ពីអ្នកគាំទ្រទូទាំងសាល ដោយបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈរនៅក្បែរនាងគ្រប់ជំហានទាំងអស់។ ពីព្រោះថ្ងៃនេះ Zhao Lusi មិនត្រឹមតែបានត្រឡប់មកវិញទេ។ ប៉ុន្តែបានត្រឡប់មកវិញជាមួយនឹងអំណាចផ្ទាល់ខ្លួនរបស់នាង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ពាក្យចចាមអារ៉ាម Kris Wu ស្លាប់ក្នុងពន្ធនាគារ នៅតែមិនទាន់បញ្ជាក់ផ្លូវការនូវឡើយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


