Connect with us

ជីវិតកម្សាន្ដ

LD ប្រកាសរកជនភៀសខ្លួនកម្ពុជា នៅជំរំព្រំដែនសៀម ចុងឆ្នាំ១៩៧៩-១៩៨២ ដើម្បីធ្វើបទសម្ភាសក្នុងរឿង «សោកនាដកម្មភ្នំខ្មោច»

បានផុស

នៅ

ជាថ្មីម្តងទៀត លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture និងជាអ្នកដឹកនាំរឿង «សោកនាដកម្មភ្នំខ្មោច» ប្រកាសស្វែងរកជនភៀសខ្លួនកម្ពុជា ដែលរត់ទៅជ្រកកោននៅជំរំព្រំដែនសៀម អំឡុងចុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨២ ដើម្បីធ្វើបទសម្ភាសក្នុងរឿងជាប្រវត្តិសាស្ត្រនេះ។ នេះបើតាមសារពីគណនីហ្វេសប៊ុក លោក លៀក លីដា នារសៀលថ្ងៃទី៦ ខែមីនានេះ។

ជាមួយគ្នានេះ ក្រុមការងារផលិតកម្ម LD បញ្ជាក់ដែរថា សម្រាប់ដំណើរការថត គ្រោងនៅថ្ងៃទី១២ មីនានេះ។ ដូចនេះសម្រាប់ជនភៀសសឹកកម្ពុជាដែលមានបំណងចង់រួមចំណែកបើកបង្ហាញការពិតក្នុងសាច់រឿងជាប្រវត្តិសាស្ត្រនេះ អាចទាក់ទងតាមរយៈ Telegram ៖ 070212293 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរឿងជាប្រវត្តិសាស្ត្រនេះ លោក លៀក លីដា ធ្លាប់បានអះអាងពីគោលបំណងនៃការផលិតដែរថា លោកសម្រេចបោះទុនក្នុងការធ្វើរឿងនេះឡើង គឺក្នុងគោលបំណងបង្កើតយុទ្ធនាការបណ្តុះគំនិតស្រលាញ់ជាតិតាមគ្រប់វិធី​ ឱ្យវាក្លាយទៅជាតួនាទីរបស់ខ្មែរទាំងអស់គ្នា ​តែមិនញុះញ៉ង់ឱ្យមានការរើសអើងពូជសាសន៍ទេ។ មួយទៀត គឺដើម្បីបង្ហាញពិភពលោកឱ្យបានដឹងនូវការពិត នៃទង្វើដ៏យង់ឃ្នងរបស់ទាហ៊ានថៃ មកលើជនភៀសសឹកកម្ពុជា។

គួររំលឹកដែរថា មុននឹងចាប់ផ្តើមគម្រោងផលិតរឿងរបស់ផលិតកម្មភាពយន្តខ្មែរមួយនេះ ផលិតកម្មបានប្រកាសស្វែងរកអ្នកដែលធ្លាប់ឆ្លងកាត់នូវហេតុការណ៍នោះផ្ទាល់ ដើម្បីរួមគ្នាបើកបង្ហាញការពិតទាំងស្រុង ពីទង្វើអមនុស្សធម៌របស់យោធាថៃកាលពីអតីតកាល ក្នុងន័យចងក្រងនូវការពិត ជូនខ្មែរជំនាន់ក្រោយមើល ក៏ដូចជាប្រាប់ការពិតទៅកាន់ពិភពលោក តាមរយៈវណ្ណកម្មភាពយន្តនេះផងដែរ។

តួយ៉ាង មានសាក្សីរស់ជាច្រើន បានអះអាងថា «ភ្នំខ្មោច» ជាភូមិសាស្ត្រព្រំដែនរបស់កម្ពុជា ដែលលាក់ទុកនូវសោកនាដកម្មដ៏ឃោរឃៅពីសំណាក់យោធាថៃមកលើរាស្ត្រខ្មែររាប់ពាន់នាក់ ពោលគឺអំឡុងពេលដែលកម្ពុជាកំពុងវឹកវរក្រោមរបបខ្មែរក្រហម ខណៈក្នុងចំណោមនោះ ក៏មានគ្រួសាររបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផងដែរ បើផ្អែកតាមសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ស្នាដៃនិពន្ធផ្ទាល់របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានរៀបរាប់ពីបទពិសោធជីវិតពិតរបស់លោកក្នុងឆ្នាំ១៩៧៩ និងការរស់រានមានជីវិតពីរបបខ្មែរក្រហម។

ផ្អែកលើព្រឹត្តិការណ៍ពិតតាមរយៈសៀវភៅ ផលិតកម្មភាពយន្ត LD ក៏បានសម្រេចចិត្តផលិតនូវភាពយន្តប្រវត្តិសាស្ត្រនេះឡើង ដោយឆ្លុះបង្ហាញអំពីសោកនាដកម្មនៅភ្នំខ្មោច ដោយគ្រោងចំណាយដើមទុនយ៉ាងសន្ធឹកសន្ធាប់ ខណៈទើបតែសម្ពោធ និងចាប់ផ្តើមសកម្មភាពនៃការថតភាពយន្តនេះថ្មីៗ ខណៈក្នុងនោះ មានការចូលរួមពីសិល្បករសិល្បការិនីជាច្រើនរូបចូលរួមសម្តែងផងដែរ។ តួយ៉ាង នៅថ្ងៃទី១នៃការចាប់ផ្តើមដំណើរការការថត ផលិតកម្មបានចំណាយថវិកាខ្ទង់មុឺនដុល្លារបាត់ទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម