Connect with us

ព័ត៌មានជាតិ

កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

បានផុស

នៅ

កំពូល​តារា​ចម្រៀង​ជួរមុខ​ល្បីៗ ព្រមទាំង​មហាជន អ្នកលេង​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា រាប់​ម៉ឺន​នាក់ បាន​ចេញ​មក​ប្រតិកម្ម​រិះគន់​ធ្ងន់ៗ​ទៅកាន់​ស្ថាប័ន​កាសែត​ក្រៅ​ស្រុក The Cambodia Daily ដែល​មាន​លោក តាំង សា​រ៉ា​ដា ជា​អ្នក​អត្ថាធិប្បាយ​បទ​វិភាគ​ដោយ​គ្មាន​មូលដ្ឋាន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ភាព​ស្អាតស្អំ និង​កិត្តិយស​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា តាមរយៈ​បទ​វិភាគ ៖ តើ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជា​នរណា​? ដែល​ក្នុងនោះ​បានធ្វើការ​ចោទប្រកាន់​លើ​អ្នកឧកញ៉ា​ទាំង​ងងើល និង​ប្រាសចាក​ពី​ការពិត​ទាំងស្រុង​ប្រកបដោយ​គោលបំណង​ទុច្ចរិត កាលពី​ពេល​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​វីដេអូ​ប្រមាណ ២៩ នាទី លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក The Cambodia Daily លោក តាំង សា​រ៉ា​ដា បាន​និយាយ​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ ក៏ដូចជា​ការចោទប្រកាន់​ចំៗ​មក​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា ពិសេស​នោះ​គឺ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជាប់​ពាក់ព័ន្ធ​នឹង​ប្រភព​ដើមទុន​ក្នុង​ការ​ចេញ​រកស៊ី​រហូត​ទទួល​បាន​ជោគជ័យ និង​ចោទ​ប្រឌិត​ព័ត៌មាន​ថា អ្នកឧកញ៉ា [​លាង​លុយ​កខ្វក់​ឲ្យ​អ្នក​មាន​អំណាច​] ដែល​ជា​មូលហេតុ​អាច​ឲ្យ​អ្នកឧកញ៉ា​ធ្វើ​វិភាគទាន​ផ្ដល់​ថវិកា​ប្រមាណ​ជាង ២៣ លាន​ដុល្លារ ជូន​ដល់​រាជរដ្ឋាភិបាល។

ភ្លាមៗ​ក្រោយពី​អ្នកកាសែត​ក្រៅ​ស្រុក​ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​រូបនេះ​បាន​បំភ្លៃ​ការពិត​ប្រឌិត​ព័ត៌មាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា និង​កេរ្តិ៍ឈ្មោះ​ផ្ទាល់​របស់​អ្នក​ឧកញ៉ា​ដែល​បាន​តស៊ូ​រើ​បម្រាស់​ពី​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង រហូត​មាន​ជីវភាព​ធូរធារ​មានលទ្ធភាព​ជួយ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ឲ្យ​មានការ​ងារ​ធ្វើ​ដូច​ពេល​បច្ចុប្បន្ន​នេះ អ្នក​ឧកញ៉ា​បាន​ចេញ​មុខ​ពន្យល់ និង​បកស្រាយ​យ៉ាង​លម្អិត​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន អំពី​ប្រភព​ដើមទុន សាវតារ​ដំណើរ​ការពង្រីក​វិសាលភាព​ក្រុមហ៊ុន​ពី​ដើម​រហូតមក ដើម្បី​ឲ្យ​បុគ្គល​ឈ្មោះ តាំង សា​រ៉ា​ដា ជ្រាប​កាន់តែ​ច្បាស់ និង​បញ្ឈប់​សកម្មភាព​បំភ្លៃ​ការពិត​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ពី​មហាជន​បន្ត​ទៅ​ទៀត។

អ្នកឧកញ៉ា​បាន​ពន្យល់​ទៅកាន់​បុគ្គល តាំង សា​រ៉ា​ដា ថា “​សម្រាប់​មុខរបរ​របស់​លោក​មិនដែល​មាន​អ្វី​លាក់បាំង​ទាល់តែសោះ កុំ​ដើម្បី​ផ្សារភ្ជាប់​ដាក់​កំហុស ចំណេញ​នយោបាយ និយាយ​ឲ្យ​តែ​រួចពីមាត់ ហើយ​អ្វី​ក៏​ហ៊ាន​ធ្វើ សុំ​មាន​គុណធម៌​ខ្លះ​ផង បើ​នៅ​មាន​ឈាមជ័រ​ជា​ខ្មែរ​”។

ជាមួយគ្នានេះ ជុំវិញ​ការចោទប្រកាន់​ទាំង​ខុស​ទំនង​ក្រោម​ហេតុផល​កេង​ចំណេញ​នយោបាយ​របស់​ព័ត៌មាន​កាសែត The Cambodia Daily ទាំងនេះ ត្រូវបាន​មហាជន អ្នកសិល្បៈ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​បង្ហាញ​ប្រតិកម្ម​រិះគន់​ចំៗ ធ្ងន់ៗ ទៅកាន់​បុគ្គល តាំង សា​រ៉ា​ដា ដោយ​បញ្ចេញ​មតិយោបល់​ណែនាំ​ពន្យល់​ឲ្យ​លោក តាំង សា​រ៉ា​ដា ភ្លឺ​ភ្នែក ហើយ​បញ្ឈប់​សកម្មភាព​ដើរ​វ៉ៃ​គេឯង ដើម្បី​ប្រយោជន៍​បក្សពួក​ខ្លួន​មួយ​ក្តាប់​តូច​តទៅទៀត។

ជាក់ស្ដែង កំពូល​តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា ជាច្រើន បាន​ចេញ​មក​រិះគន់​លោក តាំង សា​រ៉ា​ដា ជុំវិញ​ព័ត៌មាន​បំភ្លៃ​ការពិត​នេះ។ តារា​ចម្រៀង​ឧកញ៉ា ព្រាប សុវត្ថិ បាន​បង្ហាញ​មតិយោបល់​ផ្ញើ​ទៅកាន់​លោក តាំង សា​រ៉ា​ដា ថា «​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្ញើ​ជូន​ទៅ​បងប្រុស តាំង សា​រ៉ា​ដា នៅ​កាសែត The Cambodia Daily ពី​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ដោយ​បងប្រុស​គ្រាន់តែ​ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ​។ ខ្ញុំ​គិតថា​ជា​រឿង​មួយ អយុត្តិធម៌​សម្រាប់ ក្រុមហ៊ុន Galaxy Navatra Group ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​បុគ្គលិក​រាប់ពាន់​នាក់ និង​អ្នក​ដែល​រស់​ក្រោម​ការ​ផ្គត់ផ្គង់​រាប់​ម៉ឺន​នាក់ (​សូម​បង​ធ្វើ​ព័ត៌មាន​ដោយ​ការពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​)»។

ចំណែក​ឯ​តារា​ចម្រៀង​ជួរមុខ​ម្នាក់​ទៀត ឧកញ៉ា ខេមរៈ សិរីមន្ត យល់​ឃើញ​ថា ប្រសិនបើ​បុគ្គល តាំង សា​រ៉ា​ដា ដក​ចិត្ត​ច្រណែន​ចេញ​តែ​បន្តិច គាត់​នឹង​អាច​មើល​ឃើញ​ភាព​ត្រឹមត្រូវ​សុចរិត​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ហើយ​ប្រសិន​បុគ្គល​នេះ​ស្តាប់ និង​ស្វែងយល់​នូវ​អ្វី​ដែល​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ផ្ញើ​ជូន និង​បកស្រាយ​ទៅកាន់​ខ្លួន​វិញ​នោះ លោក តាំង សា​រ៉ា​ដា នៅ​កាសែត The Cambodia Daily គួរ​ឈប់​ធ្វើការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន ដែល​គ្រាន់​ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​ទុច្ចរិត​របស់​ខ្លួន​ផង​ដែរ។

ជុំវិញ​រឿងរ៉ាវ​របស់​បុគ្គល តាំង សា​រ៉ា​ដា ដែល​ធ្វើការ​អធិប្បាយ​ព័ត៌មាន​បំផ្លើស​ការពិត​នេះ តារា​ចម្រៀង​លោក ខេ​ម ក៏​បង្ហោះ​វីដេអូ​ព័ត៌មាន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្ញើ​ជូន​ទៅ​លោក តាំង សា​រ៉ា​ដា នៅ​កាសែត The Cambodia Daily ពី​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​នេះ​ផង​ដែរ។

ទន្ទឹម​នឹង​នេះ តារា​ចម្រៀង​ស្រី​ល្បី កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​បង្ហោះ​សារ​បង្ហាញ​មតិយោបល់​អម​ជាមួយ​វីដេអូ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ដោយ​បាន​បញ្ជាក់​ច្បាស់ៗ​បែបនេះ ទៅកាន់​លោក សា​រ៉ា​ដា ឲ្យ​ស្ដាប់ និង​យល់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​រកស៊ី​របស់​អ្នកឧកញ៉ា​តាំងពី​ដើម​រហូត​ដល់​ពេល​នេះ​ទម្រាំ​បាន​ជោគជ័យ គឺ​ឆ្លងកាត់​ការ​លំបាក​ច្រើន​ណាស់។ កញ្ញា តន់ ច័ន្ទ​សី​ម៉ា ក៏បាន​ស្នើសុំ​លោក តាំង សា​រ៉ា​ដា ឈប់​តាម​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ទាំងនេះ​ទៀត​ទៅ។

សូម​ជម្រាប​ជូន​ថា ក្រៅពី​តារា​ចម្រៀង​ល្បីៗ ក៏​មាន​អ្នកគាំទ្រ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា មហាជន​អ្នកលេង​បណ្ដាញ​សង្គម​រាប់​ពាន់​នាក់​តាមរយៈ​បណ្ដាញ​សង្គម បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅកាន់​លោក តាំង សា​រ៉ា​ដា និង​កាសែត​ក្រៅ​ស្រុក The Cambodia Daily កុំ​ចេះ​និយាយ​អធិប្បាយ​ព័ត៌មាន​មិន​ពិត ខណៈ​មហាជន​ទាំងនោះ បាន​បង្ហាញ​ការ​គាំទ្រ​សកម្មភាព និង​មុខ​ជំនួញ​អ្នកឧកញ៉ា ដែល​ជានិច្ចកាល​ប្រកាន់​គោលការណ៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សមធម៌​សង្គម និង​កន្លងមក​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​សង្គម​នានា​របស់​រដ្ឋាភិបាល​ក្នុង​ទឹកប្រាក់​ប្រមាណ​ដល់​ជាង ២៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ។ សាធារណជន​ទូទៅ​ដែល​ជា​អ្នកគាំទ្រ​អ្នកឧកញ៉ា ក៏​ទទូច​ទាមទារ​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​ជូន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ក្រុមហ៊ុន​ទាំងមូល​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម