ជីវិតកម្សាន្ដ
លោក ហ្វៃ សំអាង បកស្រាយលើកដំបូង៖ ការប្ដូរអ្នកច្រៀងថ្មីបទ “ទុក្ខស្រីប្ដីព្រាត់” ជាការសម្រេចរបស់ សម្ដេចតេជោ
ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” ជាស្នាដៃនិពន្ធរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានផលិតឡើងវិញ ដោយច្រៀងដោយ អ្នកនាង មាស សុខសោភា។ ការណ៍នេះធ្វើឱ្យ លោកស្រី ម៉េង កែវពេជ្ជតា អ្នកច្រៀងបទនេះដំបូង មិនពេញចិត្តចំពោះការមិនយកលោកស្រីច្រៀងឡើងវិញ ក៏ដូចជាមិនដាក់ឈ្មោះរបស់លោកស្រី នៅតាម ផ្ទាំងផ្សព្វផ្សាយ ជាដើម។ រហូតមានការលើកឡើងថា ការផ្លាស់ប្ដូរនេះ ជាការរៀបចំ លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងជាផលិតករផលិតភាពយន្តចម្រៀងនេះ ខណៈអ្នកទាំងពីររូបធ្លាប់មានទំនាស់ជាមួយគ្នា។

កន្លងមក មិនធ្លាប់មានការបកស្រាយអ្វីពីការផ្លាស់ប្ដូរអ្នកច្រៀងនេះទេ ប៉ុន្តែពេលនេះ លោក ហ្វៃ សំអាង បានបកស្រាយជាលើកទី១ថា ការផ្លាសប្ដូរអ្នកច្រៀងថ្មី បទ “ទុក្ខស្រីប្ដីព្រាត់” ជាការសម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ហ្វៃ សំអាង ជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនបតីតេជោ មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងជាអ្នកដឹកនាំសម្ដែង ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” ផងនោះ បានឱ្យ “កម្ពុជាថ្មី” ដឹងថា លោកធ្លាប់រួមការងារជាមួយ លោកស្រី ម៉េង កែវពេជ្ជតា តាំងពីគាត់អាយុ ១៥ឆ្នាំ ហើយលោកពេញចិត្តសំនៀងរបស់គាត់ណាស់ ដោយស្នាដៃចម្រៀងនិពន្ធជាច្រើន លោកបានផ្ដល់ជូនលោកស្រី ម៉េង កែវពេជ្ជតា ច្រៀង ហើយមានភាពល្បីល្បាញជាច្រើន។

លោក ហ្វៃ សំអាង មានប្រសាសន៍បន្តថា៖ “ដល់បទ “ទុក្ខស្រីប្ដីព្រាត់” ដែលជាចម្រៀងរឿងពិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត លោកទាំងទ្វេបានឱ្យផលិតឡើងវិញជាភាពយន្តចម្រៀង។ ខ្ញុំចង់វែកញែករឿងហ្នឹងបន្តិចទៅដល់អ្នកគាំទ្រ ក្មួយស្រី ម៉េង កែវពេជ្ជតា ដែលកន្លងមកមានរឿងប្រទាំងប្រទើសតាមបណ្ដាញសង្គម ហើយខ្ញុំក៏អត់មានទៅបកស្រាយអីដែរ ព្រោះមានការងារច្រើន តែក្នុងឱកាសជួប “កម្ពុជាថ្មី” ពេលនេះ ខ្ញុំសូមបកស្រាយបន្តិច។ ករណីយើងទៅ Cover (ច្រៀងឡើងវិញ) ខណៈម្ចាស់សំនៀងដើមនៅរស់ សំណួរសួរថា មានដាក់ ឈ្មោះម្ចាស់សំនៀមដើម ឬអត់? បើដាក់ គឺជាការត្រឹមត្រូវ គឺយើងគោរពរៀមច្បង”។

លោក ហ្វៃ សំអាង បានរំលឹកថា កាលឆ្នាំ២០០០ ផលិតកម្ម ហង្សមាស បានផលិតខារ៉ាអូខេចម្រៀង បទ “ទុក្ខស្រីប្ដីព្រាត់” ឡើងវិញ ច្រៀងដោយ លោកស្រី ម៉េង កែវពេជ្ជតា ដដែល។ ប៉ុន្តែនៅពេលផលិតម្ដងទៀតថ្មីនេះ គឺត្រូវយកអ្នកចម្រៀងថ្មី និងតួសម្ដែងថ្មីថត ដើម្បីឱ្យស្នាដៃផលិតថ្មីទាំងអស់។
លោក ហ្វៃ សំអាង បញ្ជាក់បន្ថែមថា៖ “យើងមានការឆ្លងឯកភាព ពីសម្ដេចតេជោ ដោយយើងលើកយក អ្នកចម្រៀងចុងក្រោយ ២រូប ហើយលោក (សម្ដេចតេជោ ហ៊ុន សែន) អនុញ្ញាតសម្រេចយកសំឡេង ក្មួយស្រី មាស សុខសោភា។ ខ្ញុំយល់ណាស់ ខ្ញុំក៏បានដាក់សំនៀងដើម លោកស្រី ម៉េង កែវពេជ្ជតា ដែលមានន័យរក្សាសិទ្ធិ ផ្ដល់តម្លៃគ្រប់គ្រាន់”។

លោក ហ្វៃ សំអាង លើកឡើងថា បច្ចុប្បន្នសម្រាប់អ្នកយកចម្រៀងគេច្រៀងឡើងវិញ កុំភ្លេចដាក់ឈ្មោះ ម្ចាស់សំនៀងដើម។ តែបើបទចម្រៀងហ្នឹងជារបស់ក្រុមហ៊ុនណាចំណាយផលិត គឺត្រូវសុំអនុញ្ញាតពីម្ចាស់ក្រុមហ៊ុនសិន មិនមែនសុំពីអ្នកចម្រៀងទេ ព្រោះការរក្សាសិទ្ធិគឺ ក្រុមហ៊ុន ដោយអ្នកនិពន្ធ។

លោក ហ្វៃ សំអាង បញ្ជាក់ថា៖ “ដូចក្រុមហ៊ុនរបស់ខ្ញុំអ៊ីចឹង ហើយខ្ញុំក៏ជាអ្នកនិពន្ធ ដូចនេះ [អ្នកចង់ច្រៀងឡើងវិញ] ត្រូវមកទាក់ទងសុំខ្ញុំសិន។ នេះជាចំណុចដែលត្រូវផ្ដល់តម្លៃដល់ម្ចាស់ដើម ឯម្ចាស់ដើម ត្រូវសប្បាយចិត្ត មិនមែនខឹងទេ ពីព្រោះក្មេងៗជំនាន់ក្រោយ គេស្រឡាញ់ ទើបគេច្រៀងឡើងវិញ ហើយត្រូវរក្សាសិទ្ធិម្ចាស់ដើម។ ហើយមួយទៀត ក្នុងមេឡូឌីដើមរបស់គេ យើងអត់ត្រូវទៅកែរបស់គេទេ ពាក្យពេចន៍ប៉ារ៉ូលដែលគេនិពន្ធមក យើងអត់ត្រូវទៅកែឱ្យខុសនូវមួយពាក្យណាដែរ ត្រូវរក្សាច្បាប់ដើមទាំងអស់”។

លោក ហ្វៃ សំអាង លើកឡើងថា មានមហាជន និងតារាច្រៀងជំនាន់ក្រោយជាច្រើន បានយកចម្រៀងលោកទៅច្រៀងឡើងវិញ ហើយបានកែពាក្យពេចន៍ច្រើនណាស់ តែលោកអត់និយាយប្រកាន់ខឹង គ្រាន់តែលោកហួសចិត្ត ហើយអាណិតទៅវិញ។

គួររំលឹកថា ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” ជាស្នាដៃនិពន្ធរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ត្រូវបានផលិតឡើងវិញ និងបានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ភាយយន្តចម្រៀងនេះ ត្រូវបានផ្សាយផ្ទាល់ តាមបណ្ដាស្ថានីយ៍ទូរទស្សន៍ ព្រមទាំងមានការចែករំលែកជាច្រើនតាមបណ្ដាញសង្គម៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


