Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ដោះលែងចំណាប់ខ្មាំង៧នាក់ដំបូង ចំពេល ត្រាំ ទៅដល់ មជ្ឈិមបូព៌ា

បានផុស

នៅ

ចំណាប់ខ្មាំង ៧ នាក់ត្រូវបានដោះលែងដោយក្រុមហាម៉ាសនៅថ្ងៃចន្ទនេះដែលជាការកត់សម្គាល់ជំហានដំបូងក្នុងបទឈប់បាញ់ដែលបានផ្អាករយៈពេលពីរឆ្នាំនៃជម្លោះដ៏សាហាវរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកធ្វើដំណើរទៅដល់អ៊ីស្រាអែលហើយដើម្បីគាំទ្របទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៣ខែតុលា។

ប្រជាជនក្នុងប្រទេសអ៊ីស្រាអែលប្រមូលផ្ដុំគ្នាសាទរចំពោះការដោះលែងចំណាប់ខ្មាំង។ (រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាប់ខ្មាំងទាំងនេះត្រូវបានប្រគល់ទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមហើយបន្ទាប់មកប្រគល់ឲ្យយោធាអ៊ីស្រាអែលនិងជួបជុំជាមួយគ្រួសាររបស់ពួកគេ។ ទោះយ៉ាងណាក្រុមហាម៉ាសបានចង្អុលបង្ហាញថាចំណាប់ខ្មាំងដែលនៅរស់សរុបចំនួន ២០នាក់នឹងត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនជាង១,៩០០ នាក់ដែលឃុំខ្លួនដោយអ៊ីស្រាអែល។

ការដោះលែងនេះបានធ្វើឱ្យមានការអបអរសាទរនៅទូទាំងប្រទេសអ៊ីស្រាអែល ជាមួយនឹងការប្រមូលផ្តុំគ្នារាប់ពាន់នាក់នៅទីក្រុង Tel Aviv ដើម្បីធ្វើជាសាក្សីនៃការដោះលែងនេះ ខណៈប៉ាឡេស្ទីន​រង់ចាំ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​អ្នក​ទោស​រាប់​រយ​នាក់​ពី​អ៊ីស្រាអែល។

(រូបភាព៖​ Reuters)

គួររម្លឹកថាបទឈប់បាញ់នេះកើតឡើងបន្ទាប់ពីជម្លោះដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់។ ក្រោយមកប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាង ៦៧,០០០ នាក់ស្លាប់ និងជិត ៩០% នៃប្រជាជននៅតំបន់ហ្គាហ្សាចំនួន ២លាននាក់បានផ្លាស់ទីលំនៅ និងបានបំផ្លាញទឹកដីនៅហ្គាហ្សាស្ទើរទាំងស្រុង។

(រូបភាព៖​ Reuters)

ស្របពេលជាមួយនឹងការដោះលែងចំណាប់ខ្មាំងរបស់ហាម៉ាស ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទៅដល់អ៊ីស្រាអែលហើយនៅថ្ងៃនេះដើម្បីគាំទ្របទឈប់បាញ់ និងពិភាក្សាអំពីការកសាងឡើងវិញក្រោយសង្គ្រាមបញ្ចប់នៅហ្គាហ្សា។ ការមកដល់របស់ ត្រាំ ក្នុងទីក្រុងTel Aviv ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូផងដែរ។

គួរបញ្ជាក់ថាក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ជំនួយមនុស្សធម៌កំពុងហូរចូលទៅក្នុងតំបន់ហ្គាហ្សា រួមទាំងផែនការដឹកជញ្ជូនដែលអនុញ្ញាត្តឲ្យរថយន្តដឹកទំនិញចំនួន ៦០០ គ្រឿងក្នុងមួយថ្ងៃ អាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត។ ទោះយ៉ាងណាអភិបាលកិច្ចនាពេលអនាគតនៃតំបន់ហ្គាហ្សា និងការរំសាយអាវុធរបស់ក្រុមហាម៉ាសនៅតែមិនទាន់ដោះស្រាយនៅឡើយ ដោយសហរដ្ឋអាមេរិកស្នើឱ្យមានការត្រួតពិនិត្យជាអន្តរជាតិ និងវត្តមានសន្តិសុខដឹកនាំដោយអារ៉ាប់។លើសពីនេះទោះបីបទឈប់បាញ់បញ្ចប់ការប្រយុទ្ធគ្នាភ្លាមៗ ហ្គាហ្សានៅតែបំផ្លិចបំផ្លាញ ហើយទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនប្រឈមមុខនឹងបញ្ហានយោបាយ និងមនុស្សធម៌ដ៏ស្មុគស្មាញក្នុងសម័យក្រោយសង្គ្រាម៕

លោក ដួណាល់ ត្រាំ មកដល់អ៊ីស្រាអែល។ (រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម