Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​សម្លាប់​អ្នក​កាសែត​បី​នាក់​​ក្នុង​​ថ្ងៃ​តែ​​មួយ​​​ ទាំង​នៅ​លីបង់​និង​តំបន់​ហ្គាហ្សា​

បានផុស

នៅ

គណៈ​កម្មាធិការការពារ​អ្នកកាសែត (CPJ) ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការ​សម្លាប់អ្នកកាសែត​បីនាក់​នៅក្នុង​ប្រទេសលីបង់និង​តំបន់​ហ្គាហ្សា​ដោយ​ភាគី​អ៊ីស្រាអែល​ក្នុងរយៈពេលមួយថ្ងៃ ដែលមាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​គឺជាការ​កំណត់​គោលដៅ​វាយ​ប្រហារ​របស់​យោធា​អ៊ីស្រាអែល​​តែម្តង​​។ គំរូ​នៃ​ការវាយប្រហារ​នេះ គូស​បញ្ជាក់ពី​បរិបទ​នៃ​ភាព​គ្មានទោសពៃរ៍​កាន់​តែអាក្រក់​ទៅៗ និងការ​មិន​អើពើ​នឹងច្បាប់អន្តរជាតិ។

យោង​តាមសារព័ត៌មាន Al Jazeera និង CPJ ផ្សាយ​ថ្ងៃ​ទី​៨ ខែមសា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ការវាយប្រហារ​ដោយចេតនា មិនរើស​​​គោលដៅ​​ ឬមិន​បែងចែក​លើ​អ្នក​កាសែតនិង​ជនស៊ីវិល​ក្រោមច្បាប់​មនុស្សធម៌អន្តរ​ជាតិ គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាក់ស្តែង​ ជាពិសេស​តម្រូវឱ្យមានការស៊ើប​អង្កេត​បន្ទាន់​និង​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​។

ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​លីបង់​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល​បើក​ការ​វាយប្រហារដ៏សាហាវទាំង​នៅតំបន់ហ្គាហ្សា​និង​លីបង់​នៅ​ថ្ងៃពុធ ក្នុងពេលដែលបទ​ឈប់បាញ់​ទូទាំង​តំបន់​​​​ចូលជាធរមាន​ ដោយសម្លាប់អ្នក​កាសែត លោក Mohammed Samir Washah, អ្នក​នាង Ghada Dayekh និងអ្នក​នាង Suzan Khalil ដែលការណ៍​នេះ ​ជា​កំណើន​​​នៃការវាយប្រហារ​លើ​មក​លើ​អ្នក​សារព័ត៌មាន។

លោក Washah ជា​អ្នកឆ្លើយឆ្លងព័ត៌​មាន​របស់ Al Jazeera ​ដែល​មាន​មូល​ដ្ឋាននៅ​ប្រទេសកាតា ត្រូវបានសម្លាប់នៅពេលដែល​ដ្រូន​របស់អ៊ីស្រាអែលវាយ​ប្រហារ​មក​លើ​រថយន្តរបស់​លោក​នៅ​​ក្នុងទីក្រុង​ហ្គាហ្សា។

ចំណែក​នៅ​ប្រទេសលីបង់ ជា​ការវាយប្រហារដាច់ដោយឡែកពីគ្នា​របស់​អ៊ីស្រាអែល​ បាន​សម្លាប់​អ្នកនាង​ Dayekh ដែល​ជាពិធីករ​របស់​សារព័ត៌មាន​ Sawt Al-Farah មាន​មូល​ដ្ឋាន​នៅ​លីបង់​ និងអ្នក​នាង​ Khalil ជាអ្នកយកព័ត៌មាននិងជាពិធីករ​នៅ​លើ​ទូរទស្សន៍ Al-Manar និងវិទ្យុ Al-Nour ។

លោក Mohammed Samir Washah ជា​អ្នកឆ្លើយឆ្លងព័ត៌​មាន​របស់ Al Jazeera ។ រូបភាព៖ ICSPR

ការសម្លាប់ទាំងនេះ​កើតឡើង​ចំពេល​មានការទម្លាក់គ្រាប់​បែក​កាន់​តែ​ខ្លាំង​របស់អ៊ីស្រាអែល ​នៅទូទាំងប្រទេសលីបង់ ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​បទ​ឈប់បាញ់​រវាងអ៊ីរ៉ង់-អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​។

ក្នុង​ពេល​នោះដែរ​​ មាន​​ការវាយ​ប្រហារជាង ១០០លើកធ្វើ​ឡើង​ក្នុង​រយៈ​ពេលប៉ុន្មាន​នាទី​ សម្លាប់​ជន​ស៊ីវិល​ ២៥៤នាក់ និង​រងរបួស​ ១ ១៦៥នាក់ ទោះបីជា​មានការប្រកាស​បទឈប់បាញ់ដោយ​ភាគី​អាមេរិក​-​អ៊ីរ៉ង់​​ក៏​ដោយ​។

CPJ សង្កត់​ធ្ងន់​​ថា​៖ « ការ​សម្លាប់អ្នកកាសែត​នៅតំបន់ហ្គាហ្សានិង​ប្រទេស​លីបង់នាពេលបច្ចុប្បន្ននេះ​ វា​មិនមែនជារឿងចៃដន្យទេ​ តែ​ជាផ្នែកមួយនៃការវាយ​ប្រហារកាន់​តែទូលំទូលាយ​លើ​សេរីភាព​សារព័ត៌មាន​។ សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីបញ្ឈប់ការ​វាយ​ប្រហារ​ខុស​ច្បាប់​របស់​អ៊ីស្រាអែល​​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម