ព័ត៌មានអន្ដរជាតិ
វេណេស៊ុយអេឡា ប្រកាសបិទស្ថានទូតនៅន័រវេស និងអូស្ត្រាលី ក្រោយមេបក្សប្រឆាំងទទួលពានណូបែលសន្តិភាព
វេណេស៊ុយអេឡាបានប្រកាសកាលពីថ្ងៃចន្ទទី១៣ខែតុលាថា ខ្លួននឹងបិទស្ថានទូតនៅក្នុងប្រទេសន័រវេស និងអូស្ត្រាលី ហើយបើកស្ថានទូតថ្មីនៅក្នុងប្រទេសប៊ូគីណាហ្វាសូ និងហ្ស៊ីមបាវ៉េ ដែលជាផ្នែកមួយនៃ«ការចាត់តាំងធនធានឡើងវិញជាយុទ្ធសាស្ត្រ» បន្ទាប់ពីភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក និងជាពិសេសក្រោយពេលមេបក្សប្រឆាំងក្នុងស្រុកទទួលបានពានរង្វាន់ណូប៊ែលសន្តិភាពកាលពីពេលថ្មីៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បាននិយាយថា ការសម្រេចចិត្តនេះ គឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញកាន់តែទូលំទូលាយនៃទីភ្នាក់ងារបរទេសរបស់ខ្លួន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយនឹងអ្វីដែលគេហៅថា «ប្រទេសបងប្អូន និងសម្ព័ន្ធមិត្តជាយុទ្ធសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងអាណានិគម និងការតស៊ូប្រឆាំងនឹងសម្ពាធអនុត្តរភាព»។
រដ្ឋាភិបាលវេណេស៊ុយអេឡាបានបន្ថែមថា ភ្នាក់ងារកុងស៊ុលសម្រាប់ប្រជាជនវេណេស៊ុយអេឡានៅន័រវេស និងអូស្ត្រាលី នឹងបន្តផ្តល់ជូនតាមរយៈបេសកកម្មការទូតផ្សេងទៀត ជាមួយនឹងព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
ក្រសួងការបរទេសន័រវេសបានអះអាងថា ខ្លួនបានទទួលការជូនដំណឹងអំពីការបិទ ប៉ុន្តែបានលើកឡើងថា មិនមានការពន្យល់ពីមូលហេតុនៃការបិទនោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសន័រវេសបានប្រាប់ថា «នេះគឺជាការសោកស្តាយ។ ទោះបីជាការពិតដែលថា យើងមានទស្សនៈផ្សេងគ្នាលើបញ្ហាជាច្រើនក៏ដោយ ប្រទេសន័រវេសចង់រក្សាការសន្ទនាជាមួយវេណេស៊ុយអេឡាដោយបើកចំហ ហើយនឹងធ្វើការដោះស្រាយលើរឿងទាំងនោះ»។
ការប្រកាសនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីគណៈកម្មាធិការណូបែលន័រវេស នៅទីក្រុង Oslo បានផ្តល់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ ដល់មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡាលោកស្រី María Corina Machado សម្រាប់យុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Machado បានឧទ្ទិសរង្វាន់នេះដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលលោកស្រីបានសរសើរថា «គាំទ្រការតស៊ូដើម្បីសេរីភាពក្នុងប្រទេសវេណេស៊ុយអេឡា»។
ប្រទេសន័រវេស ដែលពីមុនបានបម្រើការជាអ្នកសម្រុះសម្រួលក្នុងការចរចានយោបាយរបស់វេណេស៊ុយអេឡា បានសង្កត់ធ្ងន់ថា គណៈកម្មាធិការណូបែលដំណើរការដោយឯករាជ្យពីរដ្ឋាភិបាលរបស់ខ្លួន។
ស្ថានទូតវេណេស៊ុយអេឡា នៅទីក្រុង Oslo មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

ការប្រឈមមុខដាក់គ្នាកើនឡើងកាន់តែខ្លាំងរវាងវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក។ វេណេស៊ុយអេឡា បានថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់របស់យោធាអាមេរិក លើនាវានៅឆ្នេរសមុទ្រការាប៊ីនរបស់ខ្លួន ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា មានទំនាក់ទំនងនឹងការជួញដូរគ្រឿងញៀន។ វេណេស៊ុយអេឡា បានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិសម្រាប់ការគាំទ្រ ដោយព្រមានថា ខ្លួនប្រឈមមុខនឹងលទ្ធភាពពិតប្រាកដនៃការវាយប្រហាររបស់អាមេរិក។
លោក ម៉ាឌូរ៉ូ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីការព្យាយាមបង្កើតការផ្លាស់ប្តូររបប ដោយហៅសហរដ្ឋអាមេរិកថាជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់វេណេស៊ុយអេឡា។ សហរដ្ឋអាមេរិក បានដាក់ឈ្មោះលោក ម៉ាឌូរ៉ូ ថាជា«មេដឹកនាំខុសច្បាប់នៃរដ្ឋគ្រឿងញៀន» ហើយថ្មីៗនេះ បានចាប់ផ្តើមក្រុមការងារប្រឆាំងគ្រឿងញៀនថ្មីមួយ នៅក្រោមបញ្ជាការភាគខាងត្បូងរបស់ខ្លួន ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការនៅទូទាំងអាមេរិកឡាទីន។
អ្នកវិភាគការទូតនិយាយថា ការបិទបេសកកម្មនៅក្នុងប្រទេសន័រវេស និងអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកទាំងពីរ គឺជាជំហានមួយទៀតក្នុងការជំរុញរបស់វេណេស៊ុយអេឡាឆ្ពោះទៅកាន់ប្លុកដែលមានសម្ព័ន្ធភាពជាមួយរុស្ស៊ី និងចិន ខណៈដែលវេណេស៊ុយអេឡាស្វែងរកការពង្រឹងភាពជាដៃគូជាសកលនៅខាងក្រៅតំបន់លោកខាងលិច៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


