Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ-ពូទីន នឹងជួបទល់មុខគ្នា នៅប្រទេសហុងគ្រី ចំពេលស្ថានការណ៍ឡើងកម្តៅខ្លាំង

បានផុស

នៅ

ក្រោយការនិយាយទូរស័ព្ទជាមួយគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ប្រកាសថា លោកនឹងជួបទល់មុខជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ម្តងទៀតក្នុងប្រទេសហុងគ្រី ប៉ុន្តែមិនទាន់កំណត់ថ្ងៃនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ពូទីន (ឆ្វេង) ចាប់ដៃជាមួយលោក ត្រាំ (រូបថត៖ Reuters)

តាមសេចក្តីរាយការណ៍របស់ BBC, លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social ថា លោកទើបតែនិយាយទូរស័ព្ទជាមួយពូទីនចប់ ដែលជាកិច្ចសន្ទនាប្រកបដោយផ្លែផ្កា។ ពូទីន បានអបអរអាមេរិកចំពោះការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ហើយមេដឹកនាំទាំងពីរនឹងជួបគ្នាម្តងទៀតក្នុងទីក្រុង ប៊ុយដាប៉ែស ដើម្បីពិភាក្សារកផ្លូវបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ទន្ទឹមនោះ លោក ត្រាំ ក៏ប្រកាសដែរថា ទីប្រឹក្សាជាន់ខ្ពស់នៃប្រទេសទាំងពីរ នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយក្នុងទីតាំងដែលមិនទាន់បញ្ចេញឈ្មោះ ខណៈគណៈប្រតិភូអាមេរិក នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសMarco Rubio។

លោក ត្រាំ (រូបថត៖ Reuters)

សូមជម្រាបថា កិច្ចប្រជុំកំពូលលើកចុងក្រោយរវាងប្រធានាធិបតីទាំងពីរ ធ្វើឡើងក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីនោះទេ។

ការសន្ទនាតាមទូរស័ព្ទចុងក្រោយបំផុតនេះក៏កើតឡើងផងដែរ ចំពេលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងមូស្គូ កំពុងឡើងកម្លាំងខ្លាំង ជុំវិញការគំរាមរបស់អាមេរិកក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយTomahawk ទៅឲ្យអ៊ុយក្រែន បើរុស្ស៊ីមិនព្រមបញ្ចប់សង្គ្រាមទេនោះ។

ត្រាំ ព្រមានថា​ លោកនឹងបញ្ជូនមីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន ប្រសិនបើសង្គ្រាមរបស់រុស្ស៊ី មិនចប់។ លោកប្រាប់អ្នកកាសែតថា «ខ្ញុំនឹងប្រាប់ទៅលោកពូទីន៖ បើសង្គ្រាមមិនចប់ទេនោះ អ៊ុយក្រែននឹងទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ហើយ។ ខ្ញុំនឹងបញ្ជូនមីស៊ីលនេះឲ្យពួកគេ»។

ក្រោយមក លោក Pete Hegseth រដ្ឋមន្ត្រីសង្គ្រាមអាមេរិក បានគំរាមខ្លាំងៗទៅរុស្ស៊ីទៀតថា «ប្រសិន​បើសង្គ្រាមនេះមិនចប់ ហើយប្រសិនបើគ្មានផ្លូវទៅរកសន្តិភាពក្នុងរយៈពេលខ្លីទេនោះ សហរដ្ឋអាមេរិករួមជាមួយសម្ព័ន្ធមិត្ត នឹងចាត់វិធានការចាំបាច់ដើម្បីដាក់បន្ទុកលើរុស្ស៊ី ហើយប្រសិនបើយើងត្រូវតែចាំបាច់ចាត់វិធានការមែន ក្រសួងសង្គ្រាមអាមេរិក ត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតួនាទីរបស់យើង តាមមធ្យោបាយដែលមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចធ្វើបាន»៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Pete Hegseth គំរាមរុស្ស៊ី ខ្លាំងៗ រឿងសង្គ្រាមនៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម