Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីនចេញ​បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ ក្រោយ​ត្រាំពន្យារពេលកិច្ចប្រជុំកំពូលស្ដី​ពី​អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​ពុធ​ទី​២២​ខែតុលា​ឆ្នាំ​២០២៥ បានចេញ​បញ្ជា​ឲ្យ​រៀបចំ​សមយុទ្ធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ​ទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីល​បាលិស្ទិក​អន្តរទ្វីប ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​​ពន្យារ​ពេល​ផែនការ​កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅទីក្រុងប៊ុយដាប៉ែស។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៍មាន AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)

វិមានក្រឹមឡាំង បាននិយាយថា សមយុទ្ធនេះបានសាកល្បងសមាសធាតុទាំងអស់នៃ​នុយក្លេអ៊ែរ​របស់រុស្ស៊ី រួមទាំងប្រព័ន្ធ​នៅ​លើ​ដី សមុទ្រ និងផ្លូវអាកាស។ មីស៊ីល Yars ICBM មួយគ្រាប់​ ត្រូវបានបាញ់ចេញពី​ទីលាន​បាញ់​បង្ហោះ Plesetsk នៅភាគពាយព្យនៃប្រទេសរុស្ស៊ី ខណៈដែល​មីស៊ីល​មួយ​គ្រាប់​ទៀត Sineva ត្រូវបានបាញ់ចេញពីនាវាមុជទឹកនៅ​សមុទ្រ Barents។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ អំឡុងពេលធ្វើសមយុទ្ធ។

សមយុទ្ធនេះមានគោលបំណងសាកល្បង«នីតិវិធីសម្រាប់ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់អាវុធនុយក្លេអ៊ែរ»។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​​លោក​ Valery Gerasimov ប្រធានអគ្គសេនាធិការ​រុស្ស៊ី ដែល​ថ្លែង​ទៅ​លោក​ពូទីន​​តាមរយៈ​វីដេអូខល។

មីស៊ីល Yars ICBM

ខណៈពេលដែលវិមានក្រឹមឡាំងបាន​ប្រាប់​ថា សមយុទ្ធត្រូវបាន​កំណត់ទុកជាមុន តែ​វា​បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែល​សមយុទ្ធ​ទាំង​នេះ​គាប់ជួន​​រៀបចំ បន្ទាប់ពីលោក​ត្រាំ​បាននិយាយថា លោកកំពុងពន្យារពេលកិច្ចប្រជុំជាមួយលោកពូទីន ដែលដំបូងឡើយគ្រោងធ្វើ​នៅ​​ទីក្រុង​ប៊ុយដាប៉ែស​នៃ​ប្រទេស​ហុងគ្រី ដោយ​លើក​ហេតុផល​ថា លោក​មិនចង់​«ខ្ជះខ្ជាយពេលវេលា»។

ការសម្រេចចិត្តរបស់លោក​ត្រាំ បានធ្វើឡើងបន្ទាប់ពីមានជំនួប​តាម​ទូរសព្ទ​កាលពីថ្ងៃចន្ទរវាង​រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និង​សមភាគី​រុស្ស៊ី Sergey Lavrov ដោយ​ក្នុងអំឡុងពេលនោះ​លោក Lavrov បានរំលឹកឡើងវិញនូវ​ការប្រឆាំងរបស់ទីក្រុងមូស្គូចំពោះបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។

យ៉ាង​ណា​មិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា កិច្ចប្រជុំកំពូលនៅតែអាចធ្វើទៅបាន ប៉ុន្តែនឹងត្រូវការ«ការរៀបចំ​ឲ្យ​បានហ្មត់ចត់»។

លោក​ Peskov បានរៀបរាប់​ថា «គ្មាននរណាម្នាក់ចង់ខ្ជះខ្ជាយពេលវេលាទេ ទាំងប្រធានាធិបតីត្រាំ និងប្រធានាធិបតីពូទីន។ អ្នក​ទាំងពីរ​​ធ្លាប់​​ធ្វើការជាមួយ​គ្នា​ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែប្រសិទ្ធភាពតែងតែទាមទារការរៀបចំ»។

សូម​ជម្រាប​ថា សមយុទ្ធនុយក្លេអ៊ែរនេះ ធ្វើឡើងនៅពេលដែលភាពតានតឹងនៅតែមានកម្រិតខ្ពស់លើការវាយលុកដែលកំពុងបន្តរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការពង្រឹងការការពាររបស់​ទីក្រុង​កៀវ។ ក្រុមអ្នកវិភាគលោកខាងលិចបាន​ប្រាប់​ថា ពេលវេលានៃសមយុទ្ធនេះបានធ្វើឡើងជា​ការរំលឹកពីសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ចំពេលមានភាពមិនច្បាស់លាស់ជាថ្មីក្នុងទំនាក់ទំនងការទូតអាមេរិក-រុស្ស៊ី៕

ជំនួប​រវាង​លោក​ពូទីន និង​លោក​ត្រាំ កាល​ពីខែ​សីហា​ឆ្នាំ​២០២៥ (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម