Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ និងនាយករដ្ឋមន្ត្រីថ្មីជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ និងរ៉ែសំខាន់ៗ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយនៅថ្ងៃអង្គារនេះ ដើម្បីធានាការផ្គត់ផ្គង់រ៉ែដ៏កម្រ និងរ៉ែសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ការផលិតរបស់របរដូចជារថយន្តអគ្គិសនី ស្មាតហ្វូន និងឧបករណ៍ការពារជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Reuters)

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងតូក្យូ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចអាស៊ីរបស់លោក ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាមេរិក។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាធ្វើការរួមគ្នា ដើម្បីធ្វើឱ្យទីផ្សារសកលសម្រាប់រ៉ែទាំងនេះកាន់តែយុត្តិធម៌ និងអាចទុកចិត្តបាន។ ពួកគេមានគម្រោងបង្កើនល្បឿនការអនុម័តរ៉ែ វិនិយោគរួមគ្នា និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលបច្ចុប្បន្នគ្រប់គ្រងការកែច្នៃរ៉ែដ៏កម្រជាង ៩០% របស់ពិភពលោក។

សហរដ្ឋអាមេរិក និងជប៉ុនក៏នឹងពិចារណាបង្កើតទុនបម្រុងរួមគ្នាសម្រាប់វត្ថុធាតុដើមទាំងនេះ និងសហការជាមួយប្រទេសដទៃទៀត ដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែមានសុវត្ថិភាព។

(រូបភាព៖ Reuters)

ក្នុងអំឡុងពេលកិច្ចប្រជុំ លោក ត្រាំ បានសរសើរលោកស្រី Takaichi ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន និងភាពជាអ្នកដឹកនាំរបស់លោកស្រីក្នុងការជំរុញកម្លាំងយោធារបស់ប្រទេស។ រីឯលោកស្រី បានសរសើរលោក ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ និងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ អ្នកទាំងពីរក៏បាននិយាយយ៉ាងកក់ក្តៅអំពីអតីតនាយករដ្ឋមន្ត្រី Shinzo Abe ដែលមានមិត្តភាពជិតស្និទ្ធជាមួយលោក ត្រាំ។

មុនជួបលោកស្រី Takaichi លោក ត្រាំ ក៏ត្រូវបានទទួលស្វាគមន៍ដោយព្រះចៅអធិរាជ Naruhito នៅព្រះបរមរាជវាំងផងដែរ។ ក្រោយមក លោក និងលោកស្រី Takaichi នឹងត្រូវទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅទីក្រុង Yokosuka ដែលនាវាផ្ទុកយន្តហោះ USS George Washington ឈរជើង។

(រូបភាព៖ Reuters)

បន្ទាប់ពីបញ្ចប់កិច្ចការនៅជប៉ុន លោក ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ដើម្បីព្យាយាមបញ្ចប់​ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំៗទាំងពីរនេះ។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងថ្មីរវាងអាមេរិកនិងជប៉ុននេះបង្ហាញពីរបៀបដែលសហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការរួមគ្នាដើម្បីធានាបាននូវធនធានសំខាន់ៗ កាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម