Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មរបស់UNលើស៊ីរី មុនលោក al-Sharaa ទៅទីក្រុងវ៉ាស៊ីនតោន

បានផុស

នៅ

សហរដ្ឋអាមេរិកបានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ដកទណ្ឌកម្មលើ​ប្រធានាធិបតីស៊ីរី លោក Ahmad al-Sharaa និងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់គាត់ មុនពេលដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់គាត់​ទៅកាន់សេតវិមាន​នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមសេចក្តីព្រាងដែលទទួលបានដោយ​សារព័ត៌មាន Associated Press កាលពីថ្ងៃពុធ​ទី​៥​ខែ​វិច្ឆិកា។

លោក ដូណាល់ ត្រាំ និង​លោក Ahmad al-Sharaa (រូបថត៖រ៉យទ័រ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងដែលបានផ្សព្វផ្សាយក្នុងចំណោមសមាជិកក្រុមប្រឹក្សា អំពាវនាវ​ឲ្យ​ដកចេញនូវទណ្ឌកម្មជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិ ដែលដាក់លើលោក al-Sharaa និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anas Hasan Khattab ក្នុងសកម្មភាពដែលមន្ត្រីអាមេរិកនិយាយថា មានគោលបំណងជួយសម្រួលដល់ការធ្វើសមាហរណកម្មរបស់ប្រទេសស៊ីរីទៅក្នុងផ្នែកការទូតអន្តរជាតិ។

ក្រុមអ្នកការទូតបាននិយាយថា ក្រុមប្រឹក្សាដែលមានសមាជិកទាំង​១៥​ អាចបោះឆ្នោតបាននៅ​​ថ្ងៃព្រហស្បតិ៍​នេះ ទោះបីជាវិធានការនេះនឹងត្រូវការយ៉ាងតិច​៩​សំឡេង និងគ្មាន​ការ​​វ៉េតូពីសមាជិកអចិន្ត្រៃយ៍ទាំង៥ រួមមាន ចិន រុស្ស៊ី អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ដើម្បីអនុម័ត។

សំណើនេះ កើតឡើងនៅពេលដែល​ប្រធានាធិបតី ដូណាល់ ត្រាំ រៀបចំទទួល​លោក al-Sharaa ក្នុងទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃចន្ទ​សប្ដាហ៍ក្រោយ ដែលជា​ដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំស៊ីរីទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីប្រទេសស៊ីរីទទួលបានឯករាជ្យនៅឆ្នាំ​១៩៤៦។

ខណៈពេលដែលនៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រទេសស៊ីរីត្រូវបានគេរំពឹងថានឹង​ចូលរួមជាផ្លូវការជាមួយនឹងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ដែល​ជាសម្ព័ន្ធមិត្តដែលមានសមាជិកចំនួន៨០ ដែលមានគោលបំណងការពារការកើតឡើងវិញនៃក្រុមជ្រុលនិយម។

ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់លោកត្រាំ ក្នុងការកសាងទំនាក់ទំនងឡើងវិញជាមួយទីក្រុង​ដាម៉ាស បន្ទាប់ពីការដួលរលំរបស់​អតីតប្រធានាធិបតី Bashar Assad ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែធ្នូ បន្ទាប់ពីការគ្រប់គ្រងដោយ​ក្រុម​គ្រួសារ​របស់​គាត់​អស់រយៈពេល​៥​ទសវត្សរ៍។ លោក Al-Sharaa ដែល​បាន​ដឹកនាំ​សម្ព័ន្ធ​ឧទ្ទាម​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​សង្រ្គាម ​បាន​ឡើងកាន់​អំណាច​បន្ទាប់​ពី​ការ​ទម្លាក់​លោក Assad ចេញពី​អំណាច។

ចាប់តាំងពីឡើងកាន់តំណែងមក លោក al-Sharaa បានស្វែងរកការបង្កើត​ទំនាក់ទំនង​​ឡើង​វិញ​ជាមួយប្រទេសជិតខាងអារ៉ាប់ និងមហាអំណាចលោកខាងលិច ទោះបីជាការព្រួយបារម្ភនៅតែមានចំពោះ​ភាព​ជា​អតីតមេដឹកនាំរបស់គាត់​លើក្រុម Hayat Tahrir al-Sham ដែលជាក្រុមសកម្មប្រយុទ្ធដែលធ្លាប់បានកំណត់ថាជាអង្គការភេរវកម្មដោយទីក្រុងវ៉ាស៊ីនតោន។

លោកត្រាំ បានជួបលោក al-Sharaa នៅ​ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែឧសភា ក្រោយមកបានប្រកាសពីផែនការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលយូរមកលើប្រទេសស៊ីរី។ ខណៈពេលដែលរដ្ឋបាលបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនរួចហើយ វិធានការតឹងរ៉ឹងបំផុតដែល​អនុម័តដោយសភាក្នុងឆ្នាំ​២០១៩ នៅតែមាន ហើយនឹងត្រូវការការអនុម័តពីនីតិបញ្ញត្តិដើម្បីលុបចោល។

សង្គ្រាមស៊ីវិល​នៅស៊ីរី ដែលបានផ្ទុះឡើងក្នុងឆ្នាំ​២០១១ បានធ្វើ​ឲ្យ​មនុស្សជិត៥០ម៉ឺន​នាក់ស្លាប់ និងរាប់លាននាក់ត្រូវផ្លាស់ទីលំនៅ។ មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ៩០% នៃប្រជាជនស៊ីរីរស់នៅក្នុងភាពក្រីក្រ ជាមួយនឹងមនុស្ស​១៦,៥​លាននាក់ត្រូវការជំនួយមនុស្សធម៌ និងជិត​៣​លាននាក់កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ នេះបើយោងតាមតួលេខដែលបានបង្ហាញទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា។

ប្រសិនបើត្រូវបានអនុម័ត ការបន្ធូរបន្ថយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនឹងបង្ហាញពីរបកគំហើញការទូតដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាល​លោក al-Sharaa និងជាសញ្ញានៃការផ្លាស់ប្តូរមួយនៅក្នុងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសស៊ីរីក្រោយសង្គ្រាម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម