ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង៖ ពូទីនមិនបានបញ្ជាឲ្យធ្វើតេស្តនុយក្លេអ៊ែរទេ ទោះមានការអត្ថាធិប្បាយបង្កហេតុរបស់ត្រាំ
វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មិនបានបញ្ជាឲ្យមានការសាកល្បងអាវុធនុយក្លេអ៊ែរណាមួយឡើយ ដោយបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់របស់រុស្ស៊ីចំពោះការផ្អាកការសាកល្បងនុយក្លេអ៊ែរ ដែលបានធ្វើឡើងអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។

ចេញផ្សាយកាលពីថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យមន្ទីរបញ្ចកោណបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ដោយនិយាយថា នេះគឺ«ផ្អែកលើមូលដ្ឋានស្មើភាពគ្នា»ជាមួយប្រទេសដទៃទៀត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា រុស្ស៊ីនឹងបន្តសង្កេតមើលការផ្អាកនេះ ប៉ុន្តែបានព្រមានថា ទីក្រុងមូស្គូនឹង«បង្ខំឲ្យឆ្លើយតប» ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តការធ្វើតេស្តនុយក្លេអ៊ែរ។
លោក Peskov បាននិយាយថា «រុស្ស៊ីនឹងរក្សាការផ្អាករបស់ខ្លួនលើការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែបើអាមេរិកបំពានការផ្អាកអន្តរជាតិរយៈពេលបីទសវត្សរ៍នោះ យើងនឹងត្រូវបង្ខំឲ្យឆ្លើយតបដើម្បីរក្សាសមភាពយុទ្ធសាស្ត្រជាមួយមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត»។
លោកបានបន្ថែមថា ភាពស្មើគ្នានៃនុយក្លេអ៊ែរ នៅតែជា«សមាសធាតុសំខាន់បំផុត»នៃសន្តិសុខពិភពលោក។
លោកត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social បានប្រាប់ថា អាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាណាទាំងអស់ ហើយបានអះអាងថា រដ្ឋបាលរបស់លោកបានត្រួតពិនិត្យ «ការធ្វើបច្ចុប្បន្នភាពពេញលេញ និងការជួសជុលឡើងវិញ»នៃឃ្លាំងស្តុកទុកដែលមានស្រាប់។ លោកបានសរសេរថា ខណៈពេលដែលលោក«ស្អប់»ក្នុងការបន្តការសាកល្បងនុយក្លេអ៊ែរ លោក«គ្មានជម្រើសទេ» ដើម្បីធានាភាពរឹងមាំរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី និងចិន។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយដែលត្រូវបានចេញផ្សាយដោយ RIA Novosti រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ទីក្រុងមូស្គូនៅតែរង់ចាំការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោនលើសំណើមុនរបស់លោកពូទីន ក្នុងការរក្សាការបង្កកបរិមាណលើអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ បន្ទាប់ពីសន្ធិសញ្ញា New START ផុតកំណត់ក្នុងខែកុម្ភៈឆ្នាំ២០២៦ខាងមុខ។
លោក Lavrov បានលើកឡើងថា «យើងត្រូវបានប្រាប់តាមរយៈបណ្តាញការទូតថា បញ្ហានេះកំពុងត្រូវបានពិចារណា។ យើងមិនព្យាយាមបញ្ចុះបញ្ចូលនរណាម្នាក់ទេ។ យើងជឿថា សកម្មភាពរបស់យើងគឺស្ថិតនៅក្នុងផលប្រយោជន៍របស់ភាគីទាំងពីរ និងសហគមន៍អន្តរជាតិទាំងមូល»។
លោក Lavrov បានបន្ថែមថា រុស្ស៊ីនៅតែត្រៀមខ្លួនសម្រាប់«ការអភិវឌ្ឍណាមួយ» ប៉ុន្តែសង្ឃឹមសម្រាប់«លទ្ធផលវិជ្ជមាន»។
សន្ធិសញ្ញា New START ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ និងបានបន្តនៅក្នុងឆ្នាំ២០១៨ បានដាក់កម្រិតប្រទេសទាំងពីរឲ្យដាក់ពង្រាយក្បាលគ្រាប់យុទ្ធសាស្ត្រត្រឹមចំនួន១៥៥០គ្រាប់ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្រចំនួន៧០០ប៉ុណ្ណោះ។ ការត្រួតពិនិត្យជាផ្លូវការ ត្រូវបានផ្អាកបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ទោះបីជាភាគីទាំងសងខាងបានសង្កេតមើលការកំហិតក្រៅផ្លូវការតាំងពីពេលនោះមកក៏ដោយ។
លោកពូទីន កាលពីខែកញ្ញា បានស្នើបន្តការផ្អាកដោយស្ម័គ្រចិត្តរយៈពេលមួយឆ្នាំទៀត ចាប់ពីខែកុម្ភៈឆ្នាំ២០២៥។
រុស្ស៊ីបានធ្វើតេស្តនុយក្លេអ៊ែរលើកចុងក្រោយក្នុងឆ្នាំ១៩៩០ និងអាមេរិកនៅក្នុងឆ្នាំ១៩៩២។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងមូស្គូបានអនុវត្តការសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik និង យន្តហោះគ្មានមនុស្សបើកក្រោមទឹក Poseidon ដែលទាំងពីរត្រូវបានរចនាឡើងសម្រាប់ការរារាំងរយៈចម្ងាយឆ្ងាយ៕

ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


