Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់​ជម្លៀស​មនុស្ស​ជាង​៣​០០០​នាក់​ចេញ ​មុនពេល​​ព្យុះ​ទី​ហ្វុង​ ​Fung-wong ទៅ​ដល់

បានផុស

នៅ

តៃវ៉ាន់បានចេញការព្រមាន និងជម្លៀសអ្នកស្រុកជាង៣០០០​នាក់​នា​ថ្ងៃអង្គារ​ទី​១១​ខែ​វិច្ឆិកា​នេះ ខណៈដែលព្យុះទីហ្វុង Fung-wong កំពុង​បោកបក់មកឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះ ដោយនាំមកនូវការគំរាមកំហែងនៃភ្លៀងធ្លាក់ខ្លាំង និង​គ្រោះ​ទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

យោង​តាម​រ៉យទ័រ ព្យុះដែលបានចុះខ្សោយបន្ទាប់ពីវាយលុកប្រទេសហ្វីលីពីន និងសម្លាប់មនុស្ស៨​នាក់នោះ ត្រូវបានគេរំពឹងថានឹងបោកបក់នៅជិតទីក្រុងកំពង់ផែ Kaohsiung នៅថ្ងៃពុធ មុនពេលឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ និងចេញតាម​តំបន់ភាគខាងកើត Taitung និង Hualien។

អាជ្ញាធរបានបញ្ជា​ឲ្យ​មានការជម្លៀសនៅក្នុងស្រុក និងទីក្រុងចំនួនបួន ដោយបានផ្លាស់​ទី​មនុស្សសរុបចំនួន​៣៣៣៧​នាក់ទៅកាន់តំបន់មានសុវត្ថិភាព។ ទីប្រជុំជន Guangfu ក្នុងទីក្រុង Hualien ដែលមានមនុស្ស១៨​នាក់បានស្លាប់ដោយសារទឹកជំនន់ ក្នុងអំឡុងពេលព្យុះទីហ្វុង​កាល​ពី​ខែកញ្ញា គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវ​ជម្លៀសចេញ។

សាលារៀន និងការិយាល័យនានាត្រូវបានបិទ​នៅ​ថ្ងៃអង្គារ​នេះ​នៅក្នុងទីក្រុង Hualien និង​ទីក្រុង Yilan ខណៈដែលក្រុមមន្ត្រីបានព្រមានអំពី​បំណាក់​ដីដែលអាចកើតមាន និង​ការ​ចាល់​ទឹក​ទន្លេ។

លោក​ប្រធានាធិបតី Lai Ching-te បាន​ជំរុញ​ពលរដ្ឋ​​ឲ្យ​​នៅ​ឆ្ងាយ​ពី​ភ្នំ តំបន់​ឆ្នេរ និង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ ដោយ​និយាយ​ថា ​សុវត្ថិភាព​គួរតែ​ជា​អាទិភាព​កំពូល។

ក្រុមអ្នកឧតុនិយមបាន​​ប្រកាស​ថា ភាគខាងជើងកោះតៃវ៉ាន់ រួមទាំងទីក្រុង Hsinchu ដែលជា​ទីតាំង​របស់​ក្រុមហ៊ុនផលិតបន្ទះឈីប TSMC ដ៏​សំខាន់​ នឹងមិនរងផលប៉ះពាល់​ដោយសារ​ព្យុះនោះទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម