Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ​ឲ្យ​លោក​ម៉ាឌូរ៉ូ​ លាលែង ហើយ​នាំ​គ្រួសារ​វេចបង្វេច​​រត់​ចេញ​ពី​វ៉េណេស៊ុយអេឡា

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញឱសានវាទដោយត្រង់ៗទៅកាន់មេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងអំឡុងពេលហៅទូរសព្ទថ្មីៗ ដោយប្រាប់លោក​ឲ្យ​លាលែងពីតំណែង និងចាកចេញពីប្រទេស បើមិនដូច្នេះទេនឹងប្រឈមមុខនឹងផលវិបាក​មិន​ខាន។ នេះបើយោងតាមការរាយការណ៍របស់ Miami Herald និង New York Times ដែលដកស្រង់ប្រភពដែលដឹងពីការសន្ទនានោះ។

លោកត្រាំ និង​លោក​ម៉ាឌូរ៉ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ លោកម៉ាឌូរ៉ូ បានស្នើសុំរក្សាការគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធរបស់វ៉េណេស៊ុយអេឡា ហើយបានស្វែងរកការលើកលែងទោសជាសកលសម្រាប់រូបលោក និង​គ្នីគ្នា​របស់លោក ជាថ្នូរនឹងការអនុញ្ញាត​ឲ្យ​មានការបោះឆ្នោតដោយសេរី​ក្នុង​ប្រទេស។ កាសែត Herald បាន​រាយការណ៍​ថា លោកត្រាំ បានប្រាប់មេ​ដឹក​នាំ​វ៉េណេស៊ុយអេឡា​​ថា លោក​ម៉ាឌូរ៉ូ​អាច«ជួយសង្គ្រោះខ្លួនឯង និងអ្នកដែលនៅជិតស្និទ្ធនឹង​លោក​បំផុតបាន ប៉ុន្តែ​លោក​ត្រូវតែចាកចេញពីប្រទេសឥឡូវនេះ»។

របាយការណ៍ដដែល ​បាន​បញ្ជាក់​ទៀត​​ថា ការផ្តល់ជូនច្រកចេញប្រកបដោយសុវត្ថិភាព​នេះ​គឺសម្រាប់តែលោកម៉ាឌូរ៉ូ ភរិយារបស់លោកគឺលោកស្រី Cilia Flores និងកូនប្រុសរបស់ពួកគេប៉ុណ្ណោះ។ យ៉ាង​ណា​មិញ ការ​ស្នើ​សុំ​លើកលែង​ទោស និង​ការ​ចង់​នៅគ្រប់គ្រង​កង​កម្លាំងដែល​ជា​សំណូមពរ​របស់លោក​ម៉ាឌូរ៉ូ ត្រូវ​បាន​លោកត្រាំ​បដិសេធ។

ការហៅទូរសព្ទនេះ ដែលត្រូវបានរាយការណ៍ថាបានកើតឡើងនៅពាក់កណ្តាលខែវិច្ឆិកា បានបញ្ចប់​ទៅ​ដោយគ្មានការព្រមព្រៀងគ្នា​នោះ​ឡើយ។ ក្រោយ​មក លោកត្រាំ បានបញ្ជា​ឲ្យ​បិទដែនអាកាសរបស់​អាមេរិកជុំវិញប្រទេសវ៉េណេស៊ុយអេឡា ហើយបានព្រមានថា ប្រតិបត្តិការយោធា​តាម​ដី​គោក​នឹង​​ចាប់ផ្តើម«ឆាប់ៗនេះ»។ នាវាផ្ទុកយន្តហោះ USS Gerald R. Ford និងអង្គភាពបេសកកម្មម៉ារីន​ប្រមាណ​១៥០០០​នាក់​​នៅតែឈរជើងនៅឯនាយសមុទ្រ​ក្នុង​តំបន់​ការ៉ាប៊ីន។

អាមេរិកបានធ្វើការវាយប្រហារយ៉ាងតិច២១ដងទៅលើនាវាដែលសង្ស័យថាជួញដូរគ្រឿងញៀននៅសមុទ្រការ៉ាប៊ីនចាប់តាំងពីខែកញ្ញាមក ដោយ​សម្លាប់​មនុស្ស​អស់​ជាង​៨០​នាក់។

សូម​ជម្រាប​ថា ជម្លោះ​កើតឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោនចោទ​ប្រកាន់​​ថា ក្រុម​ភេរវករ​គ្រឿងញៀន «Cartel de los Soles» ត្រូវ​បាន​ដឹកនាំដោយលោក​ម៉ាឌូរ៉ូ និងមន្ត្រីកំពូល​ៗរបស់​លោក ដែលជាការអះអាងមួយដែលវ៉េណេស៊ុយអេឡាបាន​«ច្រានចោលយ៉ាង​ដាច់​អហង្ការ»។ លោកម៉ាឌូរ៉ូ និងសម្ព័ន្ធមិត្ត បានថ្កោលទោសយុទ្ធនាការដាក់សម្ពាធរបស់​អាមេរិកថាជា «ការឈ្លានពាន​បែប​អាណានិគម» ដោយចោទ​ទីក្រុងវ៉ាស៊ីនតោនថា​គ្រាន់​តែ​ចង់គ្រប់គ្រងទុនបម្រុងប្រេងដ៏ធំរបស់វ៉េណេស៊ុយអេឡា​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម