Connect with us

ព័ត៌មានអន្ដរជាតិ

បើថៃបិទ «ឈូងសមុទ្រថៃ» តើខុសច្បាប់អន្តរជាតិទេ?

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី១៤ខែធ្នូឆ្នាំ២០២៥ បញ្ជាការយោធាថៃបានចេញបញ្ជា បិទផ្លូវសមុទ្រ ដើម្បីទប់ស្កាត់ប្រេងឥន្ធនៈនិងទំនិញយុទ្ធសាស្ត្រ ផ្សេងទៀតមិនឲ្យចូលដល់ប្រទេសកម្ពុជា។

ផែនទីឈូងសមុទ្រថៃ (រូបថត៖ Nikkei Asia)

យ៉ាងណា «ឈូងសមុទ្រថៃ» មិនមែនជារបស់ថៃផ្តាច់មុខទេ ហើយចំណាត់ការនេះគឺបង្ហាញពីភាពគឃ្លើនរបស់ថៃជាមួយប្រទេសដទៃទៀតដែលក៏មានចំណែកក្នុងដែនទឹកនោះដែរដូចជាកម្ពុជា វៀតណាម និងម៉ាឡេស៊ី។

ជាការពិត ការសម្រេចចិត្តរបស់ថៃក្នុងការបិទដែនទឹកនេះទាំងស្រុងដែលរារាំងការដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ ឬទំនិញស៊ីវិលសំខាន់ៗផ្សេងទៀត ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល នោះវាអាចត្រូវចាត់ទុកថា ខុសច្បាប់ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។

បើថៃបិទឈូងសមុទ្រនេះទាំងមូល ថៃនឹងរំលោភលើអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលផ្តល់សិទ្ធិឲ្យគ្រប់រដ្ឋទាំងអស់មានសេរីភាពក្នុងការធ្វើនាវាចរណ៍ឆ្លងកាត់ ដែនទឹកអន្តរជាតិ និង តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់រដ្ឋដទៃ។

ឈូងសមុទ្រថៃ (រូបថត៖ Reuters)

ឈូងសមុទ្រថៃ គឺជាដែនទឹកអន្តរជាតិដែលព័ទ្ធជុំវិញដោយប្រទេសចំនួនបួន មានថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ដូច្នេះ ថៃគ្មានសិទ្ធិកំណត់ការធ្វើនាវាចរណ៍ឬបិទទាំងស្រុងនូវដែនទឹកដែលហួសពី ដែនទឹកចម្ងាយ២២គីឡូម៉ែត្ររបស់ខ្លួននោះទេ។

សរុបទៅ ឈូងសមុទ្រថៃភាគច្រើនគឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ឬដែនទឹកអន្តរជាតិ។ តាមធម្មតា រដ្ឋមួយ មិនមានសិទ្ធិបិទទាំងស្រុង នូវការធ្វើនាវាចរណ៍នៅក្នុងតំបន់ទាំងនេះទេ។

សូមជម្រាបថា ឈូងសមុទ្រថៃ ជាផ្នែកនៃសមុទ្រចិនខាងត្បូង មានផ្ទៃក្រឡាប្រហែល ៣២០ ០០០ គីឡូម៉ែត្រការ៉េ និងជម្រៅជាមធ្យមប្រហែល ៥៨ ម៉ែត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម