ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាថា បើអាស៊ានចង់ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ត្រូវមានខ្លួនដែរ
សមាគមប្រជាជាតិអាសីអាគ្នេយ៍ (អាស៊ាន) ត្រូវតែពិភាក្សាជាមួយរដ្ឋាភិបាលឯកភាពជាតិ (រដ្ឋាភិបាលស្រមោលមីយ៉ា់ន់ម៉ា) ប្រសិនបើពួកគេចង់ជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈមក ហើយពួកគេមិនគួរទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាឡើយ។ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលឯកភាពជាតិ។
អាស៊ានបានកំពុងព្យាយាមស្វែងរកច្រកចេញពីវិបត្តិបង្ហូរឈាមនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដោយប្រជាធិបតេយ្យដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។
របបយោធាមីយ៉ាន់ម៉ាបានបង្ហាញឆន្ទៈតិចតួចដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែគ្មានសញ្ញានៃការចង់ពិភាក្សាជាមួយរដ្ឋាភិបាលដែលពួកគេបានបណ្តេញចេញឡើយ។
មន្ត្រីរដ្ឋាភិបាលថៃម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា នៅក្នុងការវិវត្តដំបូងសម្រាប់ការបង្កើតក្រុមនេះ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាឧត្តមសេនីយ៍ Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៤ ខែមេសា នៅប្រទេសឥណ្ឌូណេស៊ី។
វានឹងក្លាយជាដំណើរចេញទៅក្រៅប្រទេស និងជួបមួយមេដឹកនាំបរទេសជាលើកដំបូងរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ចាប់តាំងពីលោកបានដណ្តើមយកអំណាច។ របបយោធាមីយ៉ាន់ម៉ាមិនបាននិយាយអ្វីពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ាននៅឡើយទេ។
លោក Moe Zaw Oo អនុរដ្ឋមន្ត្រីកិច្ចការបរទេសរបស់រដ្ឋាភិបាលឯកភាពជាតិ (NUG)ដែលត្រូវបានបង្កើតឡើងកាលពីសប្តាហ៍មុនបាននិយាយថា អាស៊ានមិនគួរទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាឡើយ។
លោក Moe Zaw Oo បានប្រាប់ VOA ជាភាសាភូមាកាលពីថ្ងៃអាទិត្យម្សិលមិញថា ៖«ប្រសិនបើអាស៊ានពិចារណាលើចំណាត់ការពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា ខ្ញុំសូមនិយាយថា ពួកគេនឹងមិនជោគជ័យទេ ប្រសិនបើគ្មានការពិភាក្សាជាមួយ NUG ដែលត្រូវបានគាំទ្រដោយប្រជាជន និងស្របច្បាប់ពេញលេញ»។
អ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ រាប់ទាំងសមាជិកសភាដែលត្រូវបានបណ្តេញចេញពីគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានប្រការពីការបង្កើតរដ្ឋាភិបាលស្រមោល(NUG)កាលពីថ្ងៃសុក្រ។ រដ្ឋាភិបាលស្រមោលនេះរាប់បញ្ចូលទាំងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃំខ្លួនតាំងពីរដ្ឋប្រហារ ព្រមទាំងមេដឹកនាំតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិចផងដែរ។
NUG បានអំពាវនាវឲ្យមានការទទួលស្គាល់ជាអន្តរជាតិថា ជាអាជ្ញាធរស្របច្បាប់ និងស្នើសុំឲ្យមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានជំនួសកន្លែងរបស់លោក Min Aung Hlaing។
«វាពិតសំខាន់ខ្លាំងណាស់ដែលរបបយោធាមីយ៉ាន់ម៉ាមិនត្រូវបានទទួលស្គាល់»។ លោក Moe Zaw Oo បានបញ្ជាក់ និងបន្ថែមថា រដ្ឋាភិបាលឯកភាពជាតិមិនទាន់ត្រូវបានអញ្ជើញទៅចូលរួមប្រជុំអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅឡើយទេ។
យោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា រហូតដល់ពេលនេះ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្ស៧៣០នាក់ហើយពីការបង្ក្រាបដ៏ឃោឃៅទៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ចាប់តាំងពីថ្ងៃទី១កុម្ភៈ ដែលបានជំរុញឲ្យមានការថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីប្រទេសមហាអំណាចលោកខាងលិច ក៏ដូចជាអង្គការសហប្រជាជាតិជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៧ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ