Connect with us

ព័ត៌មានអន្ដរជាតិ

បោះឆ្នោតឆ្នាំ២០២៦នៅថៃ អាចចំណាយ​ខ្ទង់៦​ពាន់​លាន​បាត ចំពេលមានអស្ថិរភាពនយោបាយ

បានផុស

នៅ

ការបោះឆ្នោតសកលរបស់ប្រទេសថៃ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានរំពឹងថានឹងចំណាយអស់ប្រហែល៦​ពាន់លានបាត (ប្រមាណ​១៩០​លាន​ដុល្លារ)​ ដែលជាចំនួនប្រហាក់ប្រហែលនឹងការបោះឆ្នោតលើកមុន ខណៈដែលអស្ថិរភាពនយោបាយដែលកំពុងបន្ត បានធ្វើឲ្យការចំណាយលើការបោះឆ្នោតកើនឡើង។ នេះ​បើ​យោង​តាម​របាយការណ៍​ដែលធ្លាប់​ចុះ​ផ្សាយដោយ​កាសែត Bangkok Post និង​ Reuters។

ការ​បោះឆ្នោត​នៅ​ថៃ​ឆ្នាំ​២០២៣ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការរៀបចំការបោះឆ្នោត មិនទាន់បានប្រកាសពីកញ្ចប់ថវិកាចុងក្រោយនៅឡើយទេ ប៉ុន្តែមន្ត្រីបាននិយាយថា ការរៀបចំកំពុងត្រូវបានអនុវត្តក្រោមច្បាប់សារពើពន្ធដែលមានស្រាប់ បន្ទាប់ពីសភាត្រូវបានរំលាយកាលពីថ្ងៃទី​១២ ខែធ្នូ ដែលបានរារាំង​អំណាចរបស់រដ្ឋាភិបាលចាំផ្ទះក្នុងការអនុម័តការចំណាយថ្មីៗ។

ការ​ប៉ាន់​ប្រមាណ​នេះ​​ផ្ដោត​លើ​ការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០២៣ ដែលបានចំណាយអស់៥,៩៤​ពាន់លានបាត ដែលជាការបោះឆ្នោតដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រថៃ។ ការបោះឆ្នោតឆ្នាំ២០២៦ នឹងប្រើប្រាស់ប្រព័ន្ធសន្លឹកឆ្នោតពីរ និងចំនួនអាសនៈដូចគ្នា ដែលបង្ហាញពីការចំណាយលើប្រតិបត្តិការស្រដៀងគ្នា។

សន្តិសុខគឺជាកត្តាសំខាន់។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានបញ្ជាក់ពីការរៀបចំផែនការត្រៀមលក្ខណៈ ចំពេលមានការប៉ះទង្គិចគ្នាតាមព្រំដែន ដែលអាចធ្វើ​ឲ្យ​ការចំណាយកាន់តែខ្ពស់។ អាជ្ញាធរក៏កំពុងពិចារណាផងដែរថា តើត្រូវរៀបចំការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញនៅថ្ងៃតែមួយជាមួយនឹងការបោះឆ្នោតដែរឬទេ ដែលជាសកម្មភាពមួយអាចកាត់បន្ថយការចំណាយសរុប បើធៀបនឹងការបោះឆ្នោតថ្នាក់ជាតិដាច់ដោយឡែកពីគ្នាពីរដង។

អ្នកវិភាគបានលើកឡើងថា វដ្តនៃភាពចលាចលនយោបាយដដែលៗរបស់ប្រទេសថៃ រួមទាំងការរំលាយសភាញឹកញាប់ និងការផ្លាស់ប្តូរច្បាប់បោះឆ្នោត បានធ្វើឲ្យការចំណាយលើការបោះឆ្នោតកើនឡើងជាលំដាប់។ ការកែសម្រួលរដ្ឋធម្មនុញ្ញតម្រូវឲ្យមានសន្លឹកឆ្នោតថ្មី ការអប់រំអ្នកបោះឆ្នោត និងការបណ្តុះបណ្តាលបុគ្គលិក ខណៈដែលភាពចលាចលបានបង្កើនការចំណាយលើសន្តិសុខ និងនាំឲ្យមានការបោះឆ្នោតដែលមានតម្លៃរាប់ពាន់លានបាតញឹកញាប់ជាងមុន។

ការចំណាយលើការបោះឆ្នោត​​បានកើនឡើងយ៉ាងខ្លាំង​ជា​លំដាប់ គឺចាប់ពី២,៥២ពាន់លានបាតក្នុងឆ្នាំ២០០៧ ដល់ជិត៦ពាន់លានបាតក្នុងឆ្នាំ២០២៣ ដែលសរ​បញ្ជាក់ឲ្យឃើញពីបន្ទុកហិរញ្ញវត្ថុដែលបង្កឡើងដោយអស្ថិរភាពនយោបាយអូសបន្លាយរបស់​ប្រទេស​ថៃ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម