ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានដាក់សម្ពាធទណ្ឌកម្ម អតិបរមា លើវ៉េណេស៊ុយអេឡានៅអង្គការសហប្រជាជាតិ
សហរដ្ឋអាមេរិកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥ថា ខ្លួននឹងដាក់ចេញ និងអនុវត្តទណ្ឌកម្មលើប្រទេសវ៉េណេស៊ុយអេឡា«ក្នុងកម្រិតអតិបរមា» ក្នុងគោលបំណងកាត់ផ្ដាច់ខ្សែជីវិតហិរញ្ញវត្ថុរបស់រដ្ឋាភិបាលប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ខណៈដែលរុស្ស៊ីបានព្រមានថា យុទ្ធនាការនេះអាចក្លាយជាគំរូសម្រាប់សកម្មភាពរបស់អាមេរិកនាពេលអនាគត ប្រឆាំងនឹងរដ្ឋផ្សេងទៀតនៅអាមេរិកឡាទីន។

យោងតាមរ៉យទ័រ លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនចាត់ទុកការដឹកជញ្ជូនប្រេងដែលរងទណ្ឌកម្ម គឺជាប្រភពចំណូលចម្បងដែលទ្រទ្រង់ «របបខុសច្បាប់» របស់លោកម៉ាឌូរ៉ូ ដោយចោទប្រកាន់របបនេះថាមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន។
លោក Waltz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះអឌ្ឍគោលនេះ ចំពោះតំបន់ជិតខាងរបស់យើង និងចំពោះសហរដ្ឋអាមេរិក គឺបានមកពីក្រុមភេរវករ និងក្រុមឧក្រិដ្ឋជនឆ្លងដែន»។
ការលើកឡើងនេះ បានកើតឡើងចំពេលមានការកើនឡើងនៃសកម្មភាពយោធារបស់អាមេរិកនៅតំបន់ការ៉ាប៊ីន និងតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃអាមេរិកឡាទីន។ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានពង្រីកប្រតិបត្តិការតាមសមុទ្រដែលកំណត់គោលដៅលើនាវាដែលសង្ស័យថាដឹកប្រេងវ៉េណេស៊ុយអេឡា ដែលរំលោភលើទណ្ឌកម្មរបស់អាមេរិក និងបានគំរាមកំហែងពីការវាយប្រហារដែលអាចកើតមានលើទឹកដីវ៉េណេស៊ុយអេឡា។
ថ្មីៗនេះ លោកត្រាំ បានប្រកាសពីការបិទខ្ទប់នាវាដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់អាមេរិក។ មន្ត្រីអាមេរិកបាននិយាយថា ក្នុងខែធ្នូ កងការពារឆ្នេរសមុទ្រអាមេរិកបានស្ទាក់ចាប់នាវាដឹកប្រេងចំនួនពីរនៅក្នុងសមុទ្រការ៉ាប៊ីនដែលដឹកប្រេងឆៅរបស់វ៉េណេស៊ុយអេឡា ហើយកំពុងដេញតាមនាវាទីបីដែលកំពុងធ្វើដំណើរទៅជិតឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។
លោក Waltz បានបន្តថា ប្រាក់ចំណូលពីការដឹកជញ្ជូនប្រេងខុសច្បាប់បានជួយផ្តល់មូលនិធិដល់ក្រុម Cartel de los Soles ដែលជាក្រុមដែលទីក្រុងវ៉ាស៊ីនតោនបានកំណត់កាលពីខែមុនថាជាអង្គការភេរវកម្មបរទេស ចំពោះសកម្មភាពសង្ស័យថាជួញដូរគ្រឿងញៀន។ អាមេរិកបានចោទប្រកាន់លោកម៉ាឌូរ៉ូ ថាជាអ្នកដឹកនាំនៃក្រុមនេះ។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានទាត់ចោលការចោទប្រកាន់ ដោយហៅការកំណត់ឈ្មោះនេះថាជា «រឿងគួរឲ្យអស់សំណើច» និងទទូចថា ក្រុមបែបនេះគ្មានអត្ថិភាពនោះទេ។
រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងចំពោះវិធីសាស្រ្តរបស់អាមេរិក។ លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានព្រមានថា សកម្មភាពទាំងនេះអាចបង្កើតជាគំរូដ៏គ្រោះថ្នាក់នៅក្នុងតំបន់។
លោក Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខដោយយោងទៅលើឯកសារយុទ្ធសាស្ត្រថ្មីៗរបស់អាមេរិក ដែលសង្កត់ធ្ងន់លើការរឹតបន្តឹងឥទ្ធិពលរបស់អាមេរិកនៅអឌ្ឍគោលខាងលិចថា «អន្តរាគមន៍ដែលកំពុងកើតឡើងនេះ អាចក្លាយជាគំរូសម្រាប់សកម្មភាពប្រើប្រាស់កម្លាំងនាពេលអនាគត ប្រឆាំងនឹងរដ្ឋនានានៅអាមេរិកឡាទីន»។

ប្រទេសចិនក៏បានជំរុញឲ្យមានការអត់ធ្មត់ផងដែរ។ លោក Sun Lei អនុឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន «បញ្ឈប់សកម្មភាពពាក់ព័ន្ធជាបន្ទាន់ និងជៀសវាងការបង្កើនភាពតានតឹងបន្ថែមទៀត»។
វ៉េណេស៊ុយអេឡា ដែលមានការគាំទ្រពីប្រទេសរុស្ស៊ី និងចិន បានស្នើឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារ ដែលជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្រុមប្រឹក្សាសន្តិសុខបានជួបគ្នាលើកចុងក្រោយក្នុងខែតុលា នៅពេលដែលអាមេរិកបានអះអាងថា សកម្មភាពរបស់ខ្លួនគឺស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងលើសិទ្ធិការពារខ្លួន។
លោក Samuel Moncada ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលការលើកឡើងនោះ ដោយនិយាយថា គ្មានជម្លោះប្រដាប់អាវុធណាមួយដែលត្រូវយកច្បាប់សង្គ្រាមមកអនុវត្តនោះទេ។
លោក Moncada បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «សូមឲ្យវាច្បាស់ជាលើកចុងក្រោយថា គ្មានសង្គ្រាមនៅក្នុងតំបន់ការ៉ាប៊ីននោះទេ។ ការគំរាមកំហែងមិនមែនជាវ៉េណេស៊ុយអេឡានោះឡើយ ប៉ុន្តែការគំរាមកំហែងពិតប្រាកដគឺរដ្ឋាភិបាលអាមេរិក»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


