Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីចេញ​វីដេអូ​ផ្លូវការ​ពី​ការ​ដាក់ពង្រាយមីស៊ីលល្បឿនលឿនជាង​សំឡេង Oreshnik នៅបេឡារុស

បានផុស

នៅ

ប្រទេសរុស្ស៊ីបានបញ្ចេញវីដេអូជាផ្លូវការបង្ហាញពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង ប្រភេទ Oreshnik ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស។ ការបោះជំហាននេះមានគោលបំណងបង្កើនសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការវាយប្រហារគោលដៅនានានៅទូទាំងអឺរ៉ុបបានកាន់តែរហ័ស ក្នុងករណីមានសង្រ្គាមកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រព័ន្ធមីស៊ីល Oreshnik ដែល​ត្រូវ​ដាក់​ពង្រាយ​នៅ​បេឡារុស (រូបថត៖​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី)

យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ​នា​ថ្ងៃ​ទី៣១​ធ្នូ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា មីស៊ីល Oreshnik ដែលមានល្បឿនលឿនជាងសំឡេងរហូត​ដល់​១០​ដងនេះ គឺជាអាវុធដែលមិនអាចស្ទាក់ចាប់បានដោយប្រព័ន្ធការពាររបស់លោកខាងលិចឡើយ។ ការដាក់ពង្រាយនេះធ្វើឡើងនៅក្នុងប្រទេសបេឡារុស ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន និងប្រទេស​ជា​សមាជិកណាតូ ដូចជា ប៉ូឡូញ លីទុយអានី និងឡាតវី។

ទោះបីជាវីដេអូមិនបានបញ្ជាក់ទីតាំងច្បាស់លាស់ ប៉ុន្តែអ្នកស្រាវជ្រាវអាមេរិកបានប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីកំណត់អត្តសញ្ញាណទីតាំងនោះថាជាមូលដ្ឋានទ័ពអាកាស Krichev-6 ដែលត្រូវបានបោះបង់ចោលកាលពីមុន។ អ្នកជំនាញយល់ថា នេះគឺជាការប៉ុនប៉ងរបស់វិមានក្រឹមឡាំងក្នុងការប្រើប្រាស់ការគំរាមកំហែងនុយក្លេអ៊ែរ ដើម្បីរារាំងប្រទេសសមាជិកណាតូ មិនឲ្យផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។

មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលទាំងនេះត្រូវបានដាក់ឲ្យ«ប្រចាំការត្រៀមប្រយុទ្ធ» ជាផ្លូវការហើយ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ធ្លាប់​បានលើក​ឡើង​ថា ប្រព័ន្ធ Oreshnik ប្រហែល១២គ្រឿងនឹងត្រូវដាក់ពង្រាយក្នុងប្រទេសរបស់លោក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជា «សកម្មភាពឈ្លានពាន» ពីសំណាក់លោកខាងលិច។

ទោះបីជាលោកពូទីនប្រៀបធៀបអានុភាពបំផ្លិចបំផ្លាញរបស់ Oreshnik ទៅនឹងអាវុធនុយក្លេអ៊ែរក៏ដោយ ក៏មន្ត្រីលោកខាងលិចនៅតែបង្ហាញការមន្ទិលសង្ស័យ ដោយចាត់ទុកថា វា​គ្រាន់​តែ​ជាការរីកចម្រើនផ្នែកបច្ចេកទេស ប៉ុន្តែមិនទាន់ដល់ថ្នាក់ក្លាយ​ជា​ចំណុចរបត់ដ៏សំខាន់​នៅក្នុងសមរភូមិនៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម