Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ត្រៀមទិញយកកោះ Greenland តែបើមិនជោគជ័យ អាចនឹងប្រើជម្រើសយោធា

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិភាក្សាជាមួយក្រុមមន្ត្រីរបស់លោក អំពីលទ្ធភាពនៃការទិញយកកោះ Greenland ពីដាណឺម៉ាក ហើយបើវិធីនេះមិនជោគជ័យទេនោះ សហរដ្ឋអាមេរិក អាចនឹងប្រើជម្រើសយោធាហើយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

តាមការបញ្ជាក់ពីអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt នៅថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦, បច្ចុប្បន្នលោកត្រាំនិងក្រុមសន្តិសុខជាតិរបស់គាត់ កំពុងពិភាក្សាគ្នាយ៉ាងដិតដល់ជាទីបំផុត លើសំណើទិញយកកោះ Greenland។

យ៉ាងណា ឆ្លើយតបទៅសំណួរអ្នកកាសែតពាក់ព័ន្ធការគំរាមពីមុនរបស់រដ្ឋបាលត្រាំ អំពីលទ្ធភាពប្រើជម្រើសយោធាដើម្បីដណ្តើមយកដែនដីរបស់ប្រទេសដាណឺម៉ាកមួយនេះ, លោកស្រី Leavitt បញ្ជាក់ថា ជម្រើសដំបូងគឺជាជម្រើសការទូតសិន។ 

ទាហានអាមេរិក (រូបថត៖ Reuters)

តាំងពីដំបូងមកម្ល៉េះ ដាណឺម៉ាកក៏ដូចជា Greenland បញ្ជាក់យ៉ាងច្បាស់ថា កោះនេះមិនមែនសម្រាប់លក់ទេ។ ដូច្នេះ បើតាមសម្តីលោកស្រី Leavitt, បើជម្រើសទីមួយមិនជោគជ័យ ទីក្រុងវ៉ាស៊ីនតោន នឹងប្រើជម្រើសបន្ទាប់ហើយ។

រឿង Greenland នេះបានក្តៅសាជាថ្មី បន្ទាប់ពីលោកត្រាំ វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា រួចហើយលោកគំរាមយកកោះនេះទៀត ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធការពារមីស៊ីល និងប្រភពរ៉ែដ៏សម្បូរបែប។

ទង់ជាតិដាណឺម៉ាកនៅ Greenland (រូបថត៖ Reuters)

Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ ខណៈបច្ចុប្បន្ន វា​មាន​ប្រជាជន​​​​​​ប្រមាណ​​៥៦ ០០០​នាក់។ 

Greenland ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវ​បាន​គ្របដណ្ដប់ដោយផ្ទាំងទឹកកក​ ​ ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោក​មួយ​នេះ សម្បូរ​​ធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍ​មានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន​ត្រូវ​ពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម