Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកចង់​គ្រប់គ្រងប្រេងរបស់វ៉េណេស៊ុយអេឡា ដោយ​មិន​កំណត់​ពេល

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវគ្រប់គ្រងការលក់ប្រេង និងចំណូលរបស់ប្រទេសវ៉េណេស៊ុយអេឡាដោយមិនកំណត់ពេល ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថិរភាព និងធានាថាប្រទេសនេះធ្វើសកម្មភាពស្របតាមផលប្រយោជន៍របស់អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​នា​ថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​២០២៦​របស់​រ៉យទ័រ រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនត្រូវការអានុភាពលើចំណូលពីប្រេង ដើម្បីជំរុញការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីកងកម្លាំងអាមេរិកបានផ្តួលរំលំប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន។

អនុប្រធានាធិបតី លោក JD Vance បានលើកឡើងថា ការគ្រប់គ្រងធនធានថាមពលរបស់វ៉េណេស៊ុយអេឡា នឹងអនុញ្ញាត​ឲ្យ​អាមេរិកដាក់សម្ពាធ ដោយមិនចាំបាច់ដាក់ពង្រាយកងទ័ព ហើយ​លោកបានបន្ថែមថា ការលក់ប្រេងនឹងត្រូវបានអនុញ្ញាត លុះត្រាតែវាបម្រើដល់ផលប្រយោជន៍ជាតិរបស់អាមេរិកប៉ុណ្ណោះ។

ក្រសួងថាមពលបានឲ្យដឹងថា អាមេរិកគ្រោងនឹងលក់ប្រេងឆៅដែលវ៉េណេស៊ុយអេឡាបានស្តុកទុកមុនគេ បន្ទាប់មកនឹងលក់ផលិតកម្មនាពេលអនាគត ដោយចំណូលដែលទទួលបាននឹងត្រូវដាក់ក្នុងគណនីដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។

រដ្ឋាភិបាលបណ្តោះអាសន្នរបស់​លោកស្រី​ប្រធានាធិបតី​​​វ៉េណេស៊ុយអេឡា Delcy Rodríguez បានយល់ព្រមលើកិច្ចព្រមព្រៀងនាំចេញដំបូងដែលមានតម្លៃ ២​ពាន់លានដុល្លារទៅកាន់​អាមេរិក។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបញ្ជាក់នៅលើបណ្តាញសង្គមផងដែរថា វ៉េណេស៊ុយអេឡាបានយល់ព្រមប្រើប្រាស់ប្រាក់ចំណូលពីការលក់ប្រេង ដើម្បីទិញទំនិញដែលផលិតនៅអាមេរិក ដែលលោកបានពណ៌នាថាជាជម្រើស «ដ៏ឈ្លាសវៃ» សម្រាប់ប្រទេសទាំងពីរ។ ដើម្បីសម្របសម្រួលដល់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់វ៉េណេស៊ុយអេឡា លោក​ត្រាំគ្រោងនឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន Exxon Mobil, ConocoPhillips និង Chevron នៅសេតវិមានក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

ទោះបីជារដ្ឋបាលអាមេរិកចាត់ទុកផែនការនេះថាជាផ្លូវទៅរកភាពរុងរឿងសម្រាប់ប្រទេសសមាជិក OPEC មួយនេះក៏ដោយ ក៏វាបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្នុងប្រទេស និងសហគមន៍​អន្តរជាតិ។ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យបានប្រៀបធៀបយុទ្ធសាស្ត្រនេះទៅនឹង «ការប្លន់យកប្រេងដោយប្រើកាំភ្លើង» ហើយអ្នកវិភាគឧស្សាហកម្មបានព្រមានថា ចំណាត់ការនេះអាចបង្កឲ្យមានអស្ថិរភាពនយោបាយរយៈពេលវែង។

ប្រទេសវ៉េណេស៊ុយអេឡាមានទុនបំរុងប្រេងធំបំផុតនៅលើពិភពលោក ប៉ុន្តែការផលិតបានធ្លាក់ចុះពី ៣,៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងទសវត្សរ៍ឆ្នាំ១៩៧០ មកនៅត្រឹមប្រហែល ១,១លានបារ៉ែលកាលពីឆ្នាំមុន។ មន្ត្រី​អាមេរិកជឿជាក់ថា ការបញ្ចូលបច្ចេកវិទ្យា និងឧបករណ៍របស់អាមេរិក អាចជួយជំរុញទិន្នផលបានយ៉ាងឆាប់រហ័ស ទោះបីជាការស្តារឡើងវិញឲ្យដល់កម្រិតប្រវត្តិសាស្ត្រត្រូវបានគេរំពឹងថានឹងត្រូវចំណាយពេលច្រើនឆ្នាំក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម