Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron អះអាងថា បារាំងកំពុងផ្តល់ការគាំទ្រផ្នែកចារកម្មច្រើនជាង​គេ​ដល់អ៊ុយក្រែន

បានផុស

នៅ

ក្នុងឱកាសថ្លែងសុន្ទរកថាឆ្នាំថ្មីទៅកាន់កងទ័ពបារាំង ប្រធានាធិបតី លោក Emmanuel Macron បានប្រកាសថា បច្ចុប្បន្នប្រទេសបារាំងបានក្លាយជាអ្នកផ្តល់ជំនួយផ្នែកចារកម្មចម្បងដល់អ៊ុយក្រែន ដោយផ្គត់ផ្គង់រហូតដល់ពីរភាគបីនៃសមត្ថភាពចារកម្មសរុបរបស់ទីក្រុងកៀវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Zelensky និង​លោក Macron (រូបថត៖ Reuters)

យោង​តាម​ Kyiv Post កាល​ពី​ថ្ងៃ​ទី​១៦​ខែម​ករា​ឆ្នាំ​២០២៦ នៅ​ឯ​មូលដ្ឋានទ័ពអាកាស Istres លោក Macron បានបញ្ជាក់ថា នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ បើធៀបនឹងឆ្នាំមុនដែលអ៊ុយក្រែនត្រូវពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា បណ្តាប្រទេសនៅអឺរ៉ុបក្នុង «សម្ព័ន្ធភាពនៃឆន្ទៈ» (Coalition of the Willing) កំពុងផ្តល់ហិរញ្ញប្បទាន​១០០ភាគរយដល់អ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបញ្ឈប់ការផ្តល់មូលនិធិ និងការផ្គត់ផ្គង់អាវុធដោយផ្ទាល់។

ការអះអាងនេះ បានកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់មួយរយៈពេលខ្លីកាលពីខែមីនា​ឆ្នាំ​មុន​ ដើម្បីដាក់សម្ពាធលើប្រធានាធិបតី Volodymyr Zelensky ពាក់ព័ន្ធនឹងការចរចាសន្តិភាពជាមួយរុស្ស៊ី។ ទោះបីជាមន្ត្រីបារាំងបានកត់សម្គាល់ថា ជំនួយរបស់ពួកគេភាគច្រើនជាលក្ខណៈបច្ចេកទេសក៏ដោយ ប៉ុន្តែសម្តីរបស់លោក Macron ហាក់មានភាពផ្ទុយគ្នាទៅនឹងការលើកឡើងរបស់មន្ត្រីអ៊ុយក្រែន។

កាលពីខែធ្នូ លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ទីក្រុងកៀវនៅតែត្រូវការជាចាំបាច់នូវប្រព័ន្ធរូបភាពផ្កាយរណប និងប្រព័ន្ធព្រមានទុកជាមុនពី​អាមេរិក។ ថ្វី​ត្បិត​​មានភាពរកាំរកូសផ្នែកនយោបាយរវាងវ៉ាស៊ីនតោន និងកៀវ​ ក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីការកាត់បន្ថយការគាំទ្រផ្នែកចារកម្មពី​អាមេរិកក្នុងកម្រិតធ្ងន់ធ្ងរណាមួយនៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម