ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ប្រកាសក្តែងៗថា អឺរ៉ុប មិនខ្លាចការគំរាមបង្ខិតបង្ខំរបស់ ត្រាំ ឡើយ
ស្ថានការណ៍ Greenland នៅតែក្តៅគគុក ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែចិញ្ចឹមចិត្តចង់បានដែនកោះមួយនេះ ទោះបីតាមរយៈការទិញឬប្រើប្រាស់កម្លាំងយោធាក៏ដោយ ដល់ថ្នាក់ចុងក្រោយនេះ ប្រមុខសេតវិមាន ថែមទាំងប្រកាសយកពន្ធបន្ថែម១០%លើប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបទៀតផង ដែលហ៊ានរារាំងផែនការរបស់លោក។

ទោះបែបនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានចេញមុខបញ្ជាក់ជំហរ ដោយប្រកាសក្តែងៗថា៖ «អឺរ៉ុប មិនខ្លាចការគំរាមបង្ខិតបង្ខំណាមួយឡើយ»។
តាមរយៈសារបង្ហោះលើ Facebook និងយកមកចុះផ្សាយដោយ BBC នៅថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦, លោកស្រីសរសេរថា៖ «យើងចង់មានកិច្ចសហប្រតិបត្តិការ ហើយយើងមិនមែនជាអ្នកចង់មានជម្លោះទេ។ ខ្ញុំពិតជាមានសេចក្តីរីករាយចំពោះសារដ៏ម៉ឺងម៉ាត់ និងស្របគ្នាពីបណ្ដាប្រទេសដទៃទៀតនៅក្នុងទ្វីបនេះ ដែលថា៖ អឺរ៉ុប មិនខ្លាចការគំរាមបង្ខិតបង្ខំណាមួយឡើយ។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវតែរក្សាជំហរឲ្យបានរឹងមាំ លើតម្លៃជាមូលដ្ឋានគ្រឹះទាំងឡាយ ដែលបានបង្កើតឲ្យមានសហគមន៍អឺរ៉ុបឡើងមក»។

សាររបស់លោកស្រី Frederiksen កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី១៧ខែមករាឆ្នាំ២០២៦ថា៖ «ពន្ធនាំចូលបន្ថែម១០% នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែកុម្ភៈ លើទំនិញមកពីប្រទេសចំនួន ៨ នៅអឺរ៉ុប។ ពន្ធទាំងនោះនឹងត្រូវដំឡើងដល់ ២៥ ភាគរយ នៅថ្ងៃទី១ ខែមិថុនា ហើយនឹងបន្តអនុវត្តរហូតទាល់តែមានកិច្ចព្រមព្រៀងសម្រេចបានសម្រាប់សហរដ្ឋអាមេរិក ក្នុងការទិញយកកោះ Greenland»។
លោកត្រាំបន្តថា៖ ប្រទេសទាំងនោះ ដូចជាដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ដែលកំពុងលេងល្បែងដ៏គ្រោះថ្នាក់បំផុតនេះ បានដាក់កម្រិតហានិភ័យមួយមកក្នុងសង្វៀន ដែលមិនអាចទ្រាំទ្របាន ឬមិនអាចបន្តទៅមុខទៀតបានឡើយ។ ហេតុដូច្នេះហើយ វាគឺជាការចាំបាច់បំផុតដែលត្រូវមានវិធានការខ្លាំងក្លា ដើម្បីការពារសន្តិភាព និងសន្តិសុខសកល ដើម្បីឲ្យស្ថានភាពដែលប៉ះពាល់ដល់គ្រោះថ្នាក់ដ៏ខ្លាំងក្លាមួយនេះ អាចបញ្ចប់ទៅបានយ៉ាងឆាប់រហ័ស និងដោយគ្មានមន្ទិលសង្ស័យអ្វីឡើយ។

ជាការប្រឆាំងលោកត្រាំ អ្នកកោះ Greenland ប្រមាណ ៤ ០០០នាក់បាននាំគ្នាធ្វើបាតុកម្មក្នុងទីក្រុង Nuuk កាលពីថ្ងៃសៅរ៍ ស្របពេលនៅរាជធានី កូប៉ិកហាក របស់ប្រទេសដាណឺម៉ាក ឯណោះ ក៏មានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយតូច ដើម្បីតវ៉ាទៅមេដឹកនាំអាមេរិកផងដែរ។
បាតុករខ្លះមានកាន់ទង់កោះ Greenland និងខ្លះលើកបដាដែលសរសេរថា « Greenland មិនមែនសម្រាប់លក់ទេ» និង «យើងមិនចង់ក្លាយជាជនជាតិអាមេរិកឡើយ»។ មិនត្រឹមប៉ុណ្ណឹង គេក៏ឃើញអ្នកចូលរួមមួយចំនួនរាំជាមួយស្គរ Tambourine ផងដែរ។ វាជាប្រពៃណីក្នុងតំបន់នេះ ដែលគេតែងតែប្រើប្រាស់ដើម្បីដោះស្រាយជម្លោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


