ព័ត៌មានអន្ដរជាតិ
ក្តីព្រួយបារម្ភទូទៅកើនឡើងកាន់តែខ្លាំង ក្នុងវិស័យសំណង់នៅថៃ
ឧស្សាហកម្មសំណង់របស់ប្រទេសថៃកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនិងបង្កក្តីបារម្ភជាទូទៅ បន្ទាប់ពីមានឧបទ្ទវហេតុបាក់រលំជាញឹកញាប់បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់មនុស្សជាបន្តបន្ទាប់។ ឧបទ្ទវហេតុទាំងនោះ រួមមានរថយន្តស្ទូចធ្លាក់លើរថភ្លើងដឹកអ្នកដំណើរដែលក្រឡាប់កាលពីសប្តាហ៍មុន និងការបាក់អគារការិយាល័យរដ្ឋមួយកន្លែងកាលពីមួយឆ្នាំមុន ដែលបានសម្លាប់កម្មករជិត១០០នាក់។

យោងតាមភ្នាក់ងារ AP, ការព្រួយបារម្ភជាសាធារណៈមានកម្រិតខ្ពស់ ជាពិសេសនៅទីក្រុងបាងកក ដោយសារគ្រោះថ្នាក់សំណង់ញឹកញាប់ និងជួនកាលបណ្តាលឱ្យស្លាប់លើគម្រោងផ្លូវធំៗផងដែរ។
ករណីគ្រោះថ្នាក់ចុងក្រោយនេះកើតឡើងដោយសារដងសន្ទូចនៃរថយន្តស្ទូចសំណង់មួយបានបាក់សង្កត់ និងសម្លាប់មនុស្ស២នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ត្រឹមតែមួយថ្ងៃបន្ទាប់ពីសោកនាដកម្មរថភ្លើងដែលសម្លាប់មនុស្ស ៣២នាក់។
បញ្ហាចម្បងមានបីចំណុច ដូចជា អ្នកម៉ៅការសំណង់កត់ត្រាមិនច្បាស់ មានបញ្ហាជាប្រពន្ធ័ និងការព្រួយបារម្ភពីការចូលទុនជាមួយចិន។
ក្រោយកើតហេតុ សាធារណៈជន បានខឹងសម្បារ ផ្តោតលើក្រុមហ៊ុន Italian-Thai Development ដែលជាអ្នកម៉ៅការ ទទួលខុសត្រូវលើទីតាំងទាំងពីរ ដែលគ្រោះថ្នាក់បានកើតឡើងកាលពីសប្តាហ៍មុន។ ក្រុមហ៊ុនដែលត្រូវបានគេស្គាល់ថា Italthai ក៏ជាអ្នកម៉ៅការរួមគ្នារបស់អគារការិយាល័យរដ្ឋកម្ពស់ ៣៣ជាន់ ដែលបានដួលរលំ ខណៈដែលកំពុងសាងសង់ក្នុងខែមីនាឆ្នាំ២០២៥ បានសម្លាប់មនុស្សប្រហែល ១០០នាក់។
មិនតែប៉ុណ្ណោះ Italthai ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយ នៅក្នុងប្រទេសថៃដែលទទួលបានគម្រោងរបស់រដ្ឋាភិបាលជាច្រើន បានបដិសេធថាមិនបានធ្វើខុសនៅក្នុងករណីខាងលើឡើយ ដូចជាការធ្លាក់រថយន្តស្ទូចនាពេលថ្មីៗនេះផងដែរ។
ជាមួយគ្នានេះផងដែរ អតីតនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានប្តឹងក្រុមហ៊ុនដែលធ្វើឱ្យមានគ្រោះថ្នាក់ជាដដែលផងដែរ ពិសេសលែងឱ្យវិនិយោគសាងសង់បន្ត។
ចំណែកអ្នកស៊ើបអង្កេតអាចស្វែងរកមូលហេតុបច្ចេកទេសនៃគ្រោះថ្នាក់ដូចជា កំហុសរបស់អ្នកសាងសង់ និងប្រើប្រាស់ឧបករណ៍មិនល្អ។
តែយ៉ាងណា អ្នករិះគន់និយាយថា សុវត្ថិភាពសំណង់ប្រឈមនឹងបញ្ហាជាប្រព័ន្ធកាន់តែខ្លាំង ដោយចង្អុលទៅលើបទប្បញ្ញត្តិដែលធូររលុង ការអនុវត្តមិនល្អ និងអំពើពុករលួយ។ ការស៊ើបអង្កេតដ៏យូរមួយបានកំណត់ថា ការដួលរលំអគារក្នុងខែមីនា ទោះបីជាបង្កឡើងដោយការរញ្ជួយដីក៏ដោយ គឺបណ្តាលមកពីគ្រឹះអគារខុសរចនាសម្ព័ន្ធ និងការគេចចេញពីបទប្បញ្ញត្តិនានា។
លោក Panudech Chumyen សាស្ត្រាចារ្យផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យ Thammasat នៃទីក្រុងបាងកកបាននិយាយថា៖«ខ្ញុំមិនគិតថាប្រទេសថៃបរាជ័យផ្នែកចំណេះដឹងវិស្វកម្មឡើយ ឬសូម្បីតែផ្នែកបច្ចេកទេស។ ខ្ញុំគិតការបរាជ័យនេះ គឺជាប្រព័ន្ធតែម្តង វានៅមានចន្លោះប្រហោងជាច្រើនដែលខ្ញុំមិនដឹងថា យើងគួរចាប់ផ្តើមបញ្ឈប់វាដោយរបៀបណា»។
មិនតែប៉ុណ្ណោះ ការចូលរួមវិនិយោគរបស់ក្រុមហ៊ុនចិន ដែលធ្វើឱ្យដួលរលំអគារ ក៏ដូចជាគម្រោងផ្លូវដែក និងផ្លូវដែលមានបញ្ហា ក៏មានការលើកឡើងពីសាធារណៈជនផងដែរ។
ក្តីបារម្ភលើការអនុវត្តសំណង់របស់ចិនបានកើនឡើងនៅក្នុងប្រទេសថៃ បន្ទាប់ពីការដួលរលំកាលពីឆ្នាំមុន នៃគម្រោងការិយាល័យរដ្ឋដែលក្នុងនោះក្រុមហ៊ុនចិន China Railway No.១០ គឺជាអ្នកម៉ៅការរួមគ្នាជាមួយក្រុមហ៊ុន Italthai ។
ទោះបីជាយ៉ាងណា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Zhang Jianwei បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងតម្រូវឱ្យក្រុមហ៊ុនរបស់ខ្លួនអនុវត្តតាមច្បាប់ នៅពេលចូលរួមក្នុងគម្រោងក្រៅប្រទេស។
លោកបន្តថា៖«ទីក្រុងប៉េកាំងមានឆន្ទៈណែនាំក្រុមហ៊ុនចិនឱ្យសហការយ៉ាងសកម្មជាមួយនឹងការស៊ើបអង្កេតរបស់អាជ្ញាធរថៃ» ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


