Connect with us

ព័ត៌មានអន្ដរជាតិ

ភាពចម្រូងចម្រាស ជុំវិញការផ្តល់ពានរង្វាន់ណូបែលសន្តិភាពរបស់ Machado ដល់លោកត្រាំ

បានផុស

នៅ

ពានរង្វាន់ណូបែលសន្តិភាពដែលមេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានប្រគល់ឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៥ ខែមករា នាពេលនេះបានក្លាយជារឿងចម្រូងចម្រាស ដោយបង្កើនការភ័យខ្លាចថា មេដាយនេះនឹងត្រូវប្រើប្រាស់ជាឆាកនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Machado បានប្រគល់មេដាយណូបែលសន្តិភាពជូនលោកត្រាំ នៅឯសេតវិមានកាលពីថ្ងៃទី ១៥ ខែមករា (រូបថត៖ Reuters)

លោកស្រី Machado បាននិយាយថា មេដាយណូបែលសន្តិភាពគឺជា ការទទួលស្គាល់ការប្តេជ្ញាចិត្តដ៏ពិសេសរបស់លោកត្រាំ ចំពោះសេរីភាពសម្រាប់មនុស្សគ្រប់គ្នា។ គាត់បានប្រៀបធៀបការសម្រេចចិត្តនេះ ទៅនឹងការសម្រេចចិត្តរបស់លោក Marquis de Lafayette ដែលជាមន្ត្រីបារាំងម្នាក់បានជួយអាមេរិកក្នុងការតស៊ូប្រឆាំងនឹងចក្រភពអង់គ្លេសដើម្បីឯករាជ្យភាពនៅសតវត្សរ៍ទី ១៨។

មន្ត្រីសេតវិមានម្នាក់បានបញ្ជាក់ថា លោកត្រាំមានបំណងរក្សាមេដាយដែលប្រគល់ដោយលោកស្រី Machado។ សេតវិមានក៏បានចែករំលែករូបថតមួយ ដែលបង្ហាញពីប្រធានាធិបតីអាមេរិកញញឹមញញែម ទទួលយកអំណោយដែលរុំព័ទ្ធក្នុងស៊ុមមាសដ៏ធំមួយ។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពមួយនេះបានជួបប្រទះនឹងភាពចម្រូងចម្រាសនិងការមិនពេញចិត្ត ជាពិសេសពីអ្នកនយោបាយន័រវេស ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់រង្វាន់ណូបែលសន្តិភាព ប្រកាសដោយគណៈកម្មាធិការណូបែលនៅទីក្រុងអូស្លូ។

លោកស្រី Kirsti Bergsto មេដឹកនាំ និងជាអ្នកនាំពាក្យគោលនយោបាយការបរទេសសម្រាប់គណបក្សសង្គមឆ្វេងនិយមនៃប្រទេសន័រវេសបានលើកឡើងថា «នេះគឺជារឿងមិនសមហេតុផល។ ពានរង្វាន់ណូបែលសន្តិភាពមិនអាចត្រូវបានផ្តល់ឲ្យនរណាទេ»។

លោកស្រីបញ្ចាក់បន្ថែមថា ការអះអាងនិងគំរាមគំហែងនាពេលថ្មីៗពីប្រធានាធិបតីត្រាំ អំពីការគ្រប់គ្រងកោះ Greenland គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់លាស់ថា គាត់មិនសមនឹងទទួលបានរង្វាន់មួយនេះឡើយ។

ទន្ទឹមគ្នានោះដែរ លោកស្រី Trygve Slagsvold Vedum មេដឹកនាំគណបក្សកណ្តាលនៃប្រទេសន័រវេស បាននិយាយថា ការទទួលយកមេដាយណូបែលសន្តិភាពរបស់ប្រធានាធិបតីត្រាំបានបង្ហាញថា គាត់ជាមនុស្សដែលចូលចិត្តធ្វើជាគំរូ។ ប៉ុន្តែចំពោះអ្នកដែលទទួលបានរង្វាន់ គឺជាម្ចាស់រង្វាន់ពិតប្រាកដ។

លោក Raymond Johansen អតីតអភិបាលក្រុងអូស្លូនៃគណបក្សពលករ ដែលឥឡូវនេះជាអគ្គលេខាធិការនៃអង្គការជំនួយប្រជាជនន័រវេស ក៏ចេញមុខប្រឆាំងដែរថា ស្ថានភាពនេះអាចបង្កគ្រោះថ្នាក់មិនគួរឲ្យជឿ។ សកម្មភាពរបស់លោកស្រី Machado អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រង្វាន់ណូបែលសន្តិភាព ក៏ដូចជាគណៈកម្មាធិការណូបែលផងដែរ។ លោកព្រមានថា រង្វាន់នេះកំពុងត្រូវបានធ្វើឲ្យមាននយោបាយ ហើយហានិភ័យនេះនាំឲ្យមាននិន្នាការ ប្រឆាំងនឹងសន្តិភាព។

ជាក់ស្ដែង សូម្បីតែគណៈកម្មាធិការណូបែលនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៦ខែមករា ដោយសង្កត់ធ្ងន់ថា អ្វីក៏ដោយដែលកើតឡើងចំពោះមេដាយ វិញ្ញាបនបត្រ ឬប្រាក់រង្វាន់ អ្នកឈ្នះដើមនឹងតែងតែជាអ្នកដែលត្រូវបានគេទទួលស្គាល់ជាប្រវត្តិសាស្ត្រថាបានឈ្នះរង្វាន់នេះ។

គណៈកម្មាធិការបានបន្ថែមថា ទោះបីជាមេដាយ ឬវិញ្ញាបនបត្រនោះស្ថិតនៅក្នុងកម្មសិទ្ធិរបស់អ្នកផ្សេងក៏ដោយ វាមិនផ្លាស់ប្តូរអ្នកដែលទទួលបានរង្វាន់ណូបែលសន្តិភាពនោះទេ។ ថ្វីដ្បិតតែ មេដាយអាចផ្លាស់ប្តូរមនុស្សបាន ប៉ុន្តែតំណែងរបស់អ្នកកាន់រង្វាន់ណូបែលសន្តិភាពមិនផ្លាស់ប្តូរទេ។

សូមបញ្ចាក់ឡើងវិញថា ប្រធានាធិបតីត្រាំនាពេលកន្លងមក បានប្រកាសជាសាធារណៈថា ខ្លួនពិតជាសក្តិសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព ហើយរិះគន់ប្រទេសន័រវេសថា «ល្ងង់ខ្លៅ» ដែលមិនប្រគល់រង្វាន់ដល់គាត់។ លោកបាននិយាយថា «Machado បានប្រគល់រង្វាន់ណូបែលសន្តិភាពរបស់នាងមកខ្ញុំសម្រាប់អ្វីដែលខ្ញុំបានធ្វើ។ នេះគឺជាកាយវិការដ៏អស្ចារ្យមួយ ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

រង្វាន់សន្តិភាពនៅតែជារបស់ Machado ទោះជាប្រគល់ឲ្យលោកត្រាំក្ដី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម