ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ថៃ កំពុងប្រឈមការផ្ទុះ ឆ្លងរាលដាលជំងឺកាចសាហាវ នីប៉ាហ៍
ស្របពេលពិភពលោកកំពុងព្រួយបារម្ភអំពីការឆ្លងរាលដាលនៃវីរុស នីប៉ាហ៍ (Nipah) នៅឥណ្ឌា, សម្រាប់ប្រទេសថៃឯណោះ ក៏កំពុងមានហានិភ័យខ្ពស់ក្នុងការផ្ទុះជំងឺនេះផងដែរ ដោយបើយោងតាមអ្នកជំនាញផ្នែកវីរុស បានព្រមានថា វីរុសនេះឆ្លងតាមរយៈសត្វប្រចៀវស៊ីផ្លែឈើ ដែលជាសត្វមានវត្តមាននៅពាសពេញប្រទេសថៃតែម្តង។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី២៥ខែមករាឆ្នាំ២០២៦ វេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលជំនាញផ្នែកវីរុសវិទ្យាក្លីនិកនៃសាកលវិទ្យាល័យជូឡាឡុងកន បានបង្ហោះ Facebook ថា៖ មេរោគ នីប៉ាហ៍ កើតឡើងតាមធម្មជាតិនៅក្នុងសត្វប្រចៀវស៊ីផ្លែឈើ ដែលមានវត្តមាននៅទូទាំងប្រទេស ជាពិសេសក្នុងសហគមន៍ វត្តអារាម និងចម្ការហូបផ្លែ ដែលហានិភ័យមានកម្រិតខ្ពស់ជាងមុន ដោយសារតែបរិស្ថាន និងចំណីអាហារដែលមានប្រឡាក់ទឹកមាត់ និងទឹកនោមរបស់ប្រចៀវ។ ប្រទេសថៃមានកត្តាកសិកម្ម និងការបរិភោគមួយចំនួន ដែលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគពីសត្វមកមនុស្ស។ ជាឧទាហរណ៍ ចម្ការហូបផ្លែដែលនៅជិតសហគមន៍ ការដែលប្រជាជនបរិភោគផ្លែឈើស្រស់ ឬផឹកទឹកផ្លែឈើស្រស់ និងមនុស្សនៅក្នុងតំបន់ខ្លះបរិភោគអាហារឆៅ ឬចម្អិនមិនបានឆ្អិនល្អ។
ស្របពេលជាមួយគ្នានោះ លោកក៏លើកឡើងអំពីឧស្សាហកម្មចិញ្ចឹមជ្រូកដ៏ធំនៅក្នុងប្រទេសថៃផងដែរ ដោយបញ្ជាក់ថា៖ ប្រសិនបើសត្វទាំងនេះឆ្លងមេរោគ ពួកវាអាចក្លាយជាភ្នាក់ងារចម្លងកាន់តែខ្លាំង។ ដ្បិតហានិភ័យនៃការផ្ទុះឆ្លងនៅមានកម្រិតទាបក្នុងពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែការផ្ទុះឡើងជាក់ស្តែងណាមួយ អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច។

ការព្រមាននេះកើតឡើងក្រោយពេល ប្រទេសឥណ្ឌាបានរាយការណ៍ពីការឆ្លងរាលដាលនៃជំងឺ នីប៉ាហ៍ដោយករណីឆ្លងចំនួន៥ ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ហើយជាង១០០នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។
យោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសនីប៉ាហ៍ ឆ្លងតាមរយៈ៖
- សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុស ហើយចម្លងវីរុសទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា នោមនៃសត្វទាំងនេះ ឈាម លាមកឬទឹក។
- ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វ ប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ។
- មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍
- ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។
ចំពោះរោគសញ្ញារួមមាន៖
- បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម ធ្វើឲ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ។
- បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺ ឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី។
បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ មានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទ ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


