Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ត្រូវខ្លាំងវិស័យការពារជាតិ ខណៈត្រាំធ្វើឲ្យទំនាក់ទំនងកាន់តែរង្គោះរង្គើ

បានផុស

នៅ

កាលពីថ្ងៃពុធទី២៨ មករា អ្នកការទូតជាន់ខ្ពស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានលើកឡើងថា អឺរ៉ុបត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងលើវិស័យការពារជាតិ និងដើរតួនាទីកាន់តែធំនៅក្នុងណាតូ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យរង្គោះរង្គើទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកដល់គ្រឹះរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Kaja Kallas អ្នកការទូតជាន់ខ្ពស់សហភាពអឺរ៉ុប (រូបភាព៖Reuters)

យោងតាម Yahoo លោកត្រាំបានបង្កឲ្យមានការរង្គោះរង្គើនៃសម្ព័ន្ធមិត្តអឺរ៉ុបក្នុងខែមករានេះ ដោយគំរាមកំហែងដណ្តើមយកកោះ Greenland ពីណាតូ និងសមាជិកសហភាពអឺរ៉ុប គឺប្រទេសដាណឺម៉ាក មុនពេលដកថយហើយរក្សាសម្ដីទន់ភ្លន់មកវិញ។ វិបត្តិនេះ ក៏ជាវិបត្តិចុងក្រោយបំផុតដែលបានធ្វើឲ្យទំនាក់ទំនងសោះសង្រោះកាន់តែខ្លាំង ចាប់តាំងពីលោកវិលត្រឡប់មកកាន់អំណាចវិញកាលពីមួយឆ្នាំមុន។

លោកស្រី Kallas បានប្រាប់សន្និសីទការពារជាតិមួយនៅទីក្រុងព្រុចសែលថា «យើងចង់បានទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកដ៏រឹងមាំមួយ។ សហរដ្ឋអាមេរិកនឹងនៅតែជាដៃគូ និងសម្ព័ន្ធមិត្តរបស់អឺរ៉ុប។ ប៉ុន្តែអឺរ៉ុបត្រូវសម្របខ្លួនទៅនឹងការពិតថ្មី។ អឺរ៉ុបលែងជាចំណុចកណ្តាលនៃទំនាញចម្បងរបស់ទីក្រុងវ៉ាស៊ីនតោនទៀតហើយ»។

លោកស្រី Kallas បានបង្ហាញទស្សនៈច្បាស់លាស់ថា ការផ្លាស់ប្តូរនេះបានបន្តអស់មួយរយៈហើយ។ វាជារចនាសម្ព័ន្ធ មិនមែនបណ្ដោះអាសន្នទេ។ វាមានន័យថា អឺរ៉ុបត្រូវតែបោះជំហានទៅមុខ គ្មានមហាអំណាចណាមួយក្នុងប្រវត្តិសាស្ត្របានផ្ទេរការរស់រានមានជីវិតរបស់ខ្លួនទៅខាងក្រៅទេ ដូច្នេះ ណាតូនៅតែជាមូលដ្ឋានគ្រឹះនៃសន្តិសុខអឺរ៉ុបដដែល។

លោកស្រីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបគួរតែនៅតែបំពេញបន្ថែម ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត ប៉ុន្តែ អឺរ៉ុបត្រូវដើរតួនាទីធំជាង។ ជាពិសេសឥឡូវនេះ ខណៈដែលអាមេរិកកំពុងកំណត់គោលដៅរបស់ខ្លួនលើសពីអឺរ៉ុប ណាតូត្រូវក្លាយជាអឺរ៉ុបបន្ថែមទៀតដើម្បីរក្សាកម្លាំងរបស់ខ្លួន។

យ៉ាងណាមិញ ការអត្ថាធិប្បាយរបស់អ្នកការទូតជាន់ខ្ពស់រូបនេះ បានកើតឡើងបន្ទាប់ពីប្រធានអង្គការណាតូ លោក Mark Rutte បានប្រាប់អ្នកតាក់តែងច្បាប់សហភាពអឺរ៉ុបឲ្យ «បន្តសុបិន» ប្រសិនបើពួកគេគិតថាអឺរ៉ុបអាចការពារខ្លួនដោយគ្មានអាមេរិក។ លោក Rutte អះអាងថា អឺរ៉ុបនឹងត្រូវបង្កើនគោលដៅចំណាយរបស់ខ្លួនទ្វេដង ដើម្បីមានលទ្ធភាពរាប់ពាន់លានដុល្លារ ដែលវានឹងត្រូវចំណាយដើម្បីជំនួសឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ ប្រធានសម្ព័ន្ធមិត្តយោធាលោកខាងលិចបានព្រមានបន្ថែមថា ប្រសិនបើអឺរ៉ុបព្យាយាមកសាងកងកម្លាំងផ្ទាល់ខ្លួនដើម្បីជំនួសអាមេរិកនៅក្នុងអង្គការណាតូ នោះវានឹងចូលទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំរុស្ស៊ី លោកពូទីន។ ផ្ទុយទៅវិញ លោកបានជំរុញឲ្យសហភាពអឺរ៉ុបប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួនដើម្បីបង្កើតមូលនិធិ និងកាត់បន្ថយបទប្បញ្ញត្តិដើម្បីជួយឲ្យឧស្សាហកម្មការពារជាតិរីកចម្រើន។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក Rubio ចេញមុខការពារ ត្រាំ បន្ទាប់ពីច្រឡំ Greenland ថាជា Iceland ជាច្រើនដង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម