Connect with us

ព័ត៌មានអន្ដរជាតិ

​ហ្វីលីពីន​រង​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ចំនួន​២​ បង្ខំ​​ជម្លៀស​​ប្រជាជន​​ឲ្យ​ចាកចេញ​​បន្ទាន់​

បានផុស

នៅ

អាជ្ញាធរ​ប្រទេស​ហ្វីលីពីន​បាន​ជម្លៀស​​​ប្រជាជន​​ពី​តំបន់​ភ្នំភ្លើង​​ដែល​​មាន​​សកម្ម​កាន់​តែ​ខ្លាំង​ឡើង​​​ក្នុង​ប្រទេសនេះ​ បន្ទាប់​ពី​​ភ្នំភ្លើង​ចំនួន​ពីរ​ហូរ​ចេញ​​កម្អែល​ភ្នំ​ភ្លើង​ និង​ផ្ទុះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និងថ្ងៃសុក្រ​។

យោង​តាម Khaleej Times នៅ​ថ្ងៃ​ទី​២០ខែ​កុម្ភៈ​ឱ្យ​ដឹង​ថា វិទ្យាស្ថាន​ភ្នំភ្លើង និងរញ្ជួយ​ដីហ្វីលីពីន (Phivolcs) ថាភ្នំ​ភ្លើង ​Mayon និង Kanlaon មាន​ភាព​សកម្មកាន់តែ​ខ្លាំង​ឡើង ដោយ​ព្រមាន​ប្រជា​ជន​​នៅឱ្យឆ្ងាយ​ពីការ​ផ្ទុះទាំងពីរ។

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វី​លីពីន។ រូប​ភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថាន Phivolcs បាន​បន្ត​​​ថា ភ្នំភ្លើង Mayon ក្នុង​ខេត្ត Albay ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ានីល កត់​សម្គាល់​ឃើញ​​មាន​ការហូរចេញ​នៃ​កម្អែល​ភ្នំ​ភ្លើង​នៅ​លើ​ជ្រោះ​បី​នៃកោណ​ដ៏ល្អឥតខ្ចោះរបស់វា ហូរចុះមករហូត​ដល់​កម្ពស់ ៣.៨ គីឡូ​ម៉ែត្រ។

គួរ​បញ្ជាក់​ថា ភ្នំភ្លើង​នេះ​ក៏​បាន​បង្ក​ឱ្យមាន​ការរញ្ជួយដី​ភ្នំភ្លើង ការ​ធ្លាក់​ថ្ម​ជិត ៤០០ដុំ​ និង​សកម្មភាព pyroclastic (សញ្ញា​ផ្ទុះ​ភ្នំភ្លើង) ចំនួន​៩ អំឡុង​​ពេល​ថ្ងៃ​។ ជា​ពិសេស​បញ្ចេញ​ផ្សែង​ស្ពាន់ធ័រ​ឌីអុកស៊ីត​ចំនួន ​៧ ០០០ តោន​ទៅលើអាកាស​ផង​ដែរ​។

ក្រុម Phivolcs ក៏ដូចជាអង្គភាពរដ្ឋាភិបាលក្នុងតំបន់បាន​ដាក់​​តំបន់​គ្រោះ​ថ្នាក់​ជា​អចិន្ត្រៃយ៍​​ប្រវែង៦គីឡូម៉ែត្រ​ជុំវិញ​ភ្នំ​ភ្លើង បង្ខំ​ឱ្យ​គ្រួសារ​ជា​ច្រើន​ពន្យារ​ពេលស្នាក់​នៅ​ក្នុងតំបន់ជម្លៀស​ដែល​បាន​កំណត់​។​

នៅ​កោះ Negros ភាគ​កណ្តាលប្រទេសហ្វីលីពីន ភ្នំភ្លើង Kanlaon ត្រូវ​បាន​គេ​កត់​ត្រា​ថាផ្ទុះ​ខ្លាំង​ក្លា មាន​រយៈ​ពេល​ពីរ​នាទី ​បន្ទាប់​​ពី​ការផ្ទុះដ៏​ធំ​មួយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

យ៉ាង​ណា ហេតុ​ការណ៍​នេះ​បាន​បញ្ចេញ​ផេះ​ដ៏យូរ និង​បង្ក​ឱ្យ​មាន​ការ​រញ្ជួយ​ដី​ភ្នំភ្លើងចំនួន ១១លើក។ ផ្សែង​ផេះរបស់វាមាន​កម្ពស់​ពីរ​គីឡូ​ម៉ែត្រ​ ហើយបាន​រសាត់​ឆ្ពោះទៅកាន់ទីក្រុង​ភាគ​ខាងលិច និង​ខាង​ត្បូង​នៃ​កោះ​។

មន្ត្រី​ក្រុង La Carlota បាន​រាយការណ៍ថា​៖ « គ្រួសារ​ចំនួន ៣០ បន្ថែម​ទៀត​ត្រូវ​បាន​ជម្លៀស​ចេញពីការផ្ទុះកាល​ពី​ម្សិល​មិញ​។ តំបន់​គ្រោះ​ថ្នាក់ជា​​អចិន្ត្រៃយ៍​របស់ភ្នំភ្លើង​ Kanlaon មាន​ចម្ងាយ​បួន​គីឡូ​ម៉ែត្រ​។ ហើយ​សកម្មភាពណាមួយ​ដែលទាក់ទងនឹងអាកាសចរណ៍​នៅ​ជិត​ភ្នំ​ភ្លើង​ទាំងពីរ​ ត្រូវហាម​ឃាត់ជាបណ្តោះអាសន្ន»។

ចំណែក ក្រសួង​​ធនធាន​មនុស្ស និង​បរិស្ថាន (DSWD) រំឭក​ថា​ វា​ស្ថិត​​​​ក្នុង​​​ស្ថាន​​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ​បន្ទាប់​​ពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង Kanlaon កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍។ ក្រសួង​ក៏​បាន​​រៀប​ចំ​​កញ្ចប់​​អាហារ​​សម្រាប់​​គ្រួសារ អាហារ​​ក្រៀម​ និង​​សម្ភារៈ​សង្គ្រោះ​​បន្ទាន់​ចំនួន ១៦ ០០០មុខ សម្រាប់​​ចែក​ចាយ​​យ៉ាង​​រហ័ស​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម