Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកនិងវ៉េណេស៊ុយអេឡា យល់ព្រម​ភ្ជាប់​​ប្រក្រតីភាព​ឡើង​​វិញដើម្បី​ឆ្ពោះទៅបោះឆ្នោត​

បានផុស

នៅ

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ខែមីនា បានឲ្យ​ដឹង​​ថា ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលបណ្ដោះអាសន្ននៅវ៉េណេស៊ុយអេឡា បានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញរវាងប្រទេសទាំងពីរ។

ការ​សម្រេច​​នេះមានគោលបំណងលើកកម្ពស់ដំណើរការផ្លាស់ប្តូរដោយសន្តិវិធី ឆ្ពោះទៅរកការរៀបចំការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាមេរិកខាងត្បូង។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាមេរិក state.gov បានបញ្ចាក់ឲ្យដឹងថា ជំហាននេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការសម្របសម្រួលដើម្បីលើកកម្ពស់ស្ថិរភាព គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់ការផ្សះផ្សានយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។

ទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថា ដំណើរការសហប្រតិបត្តិការផ្តោតលើការគាំទ្រប្រជាជននៅទីក្រុង Caracas ឲ្យឈានទៅរកដំណាក់កាលអន្តរកាល តាមរយៈផែនទីបង្ហាញផ្លូវមួយជំហានម្តងៗ ដើម្បីសម្រួលដល់ការបង្កើតរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការចូលដំណាក់កាលថ្មីនៃការសន្ទនាប្រកបដោយស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមភាពនៃអធិបតេយ្យភាពរវាងប្រជាជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា វ៉េណេស៊ុយអេឡាជឿជាក់ថាដំណើរការនេះនឹងរួមចំណែកដល់ការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងបើកឱកាសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវិជ្ជមាន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម