Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកអះអាងថា បាញ់កម្ទេចនាវាដាក់មីនអ៊ីរ៉ង់ ១៦គ្រឿង ដែលប្រុងធ្វើសកម្មភាពនៅច្រកសមុទ្រ Hormuz

បានផុស

នៅ

សហរដ្ឋអាមេរិកបញ្ជាក់ថា កងកម្លាំងជើងទឹករបស់ខ្លួនបានបើកប្រតិបត្តិការវាយប្រហារយ៉ាងខ្លាំងក្លា និងកម្ទេចនាវាដាក់មីនអ៊ីរ៉ង់ចំនួន ១៦គ្រឿង ដែលបម្រុងធ្វើសកម្មភាពនៅច្រកសមុទ្រ Hormuz។

ការវាយប្រហាររបស់អាមេរិក លើនាវាដាក់មីនអ៊ីរ៉ង់ (រូប៖ Reuters)

ព័ត៌មាននេះត្រូវបានទម្លាយដោយបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) និងចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦។

យោងតាម CENTCOM, កងកម្លាំងជើងទឹកអាមេរិក ធ្វើប្រតិបត្តិការនេះក្នុងតំបន់ឈូងសមុទ្រពែរ្ស និងច្រក Hormuz ព្រោះរកឃើញថា អ៊ីរ៉ង់កំពុងព្យាយាមដាក់មីនក្នុងទឹក ដើម្បីរារាំងនាវាដឹកប្រេងអន្តរជាតិ និងនាវាចម្បាំងអាមេរិក មិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចសកល។

CENTCOM បញ្ជាក់ថា នេះគឺជា សកម្មភាពការពារខ្លួនជាមុន (Pre-emptive strike) ដើម្បីបង្ការកុំឲ្យមានវិនាសកម្មដល់នាវាស៊ីវិល និងយោធា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងប្រតិបត្តិការនេះ អាមេរិកបានប្រើយន្តហោះចម្បាំង F-35 និង ដ្រូនពិឃាត MQ-9 Reaper ដែលបានកំណត់គោលដៅយ៉ាងច្បាស់លើក្រុមនាវាដាក់មីនខ្នាតតូច និងមធ្យមរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។

ការវាយប្រហារនេះកើតឡើង បន្ទាប់ពីមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ប្រើប្រាស់សម្តីធ្ងន់ៗ និងមានលក្ខណៈគំរាមកំហែងខ្លាំងទៅលើអ៊ីរ៉ង់ ដោយបញ្ជាក់ថា អាមេរិកត្រៀមខ្លួនវាយប្រហារប្រទេសនេះខ្លាំងជាងមុនដល់ទៅ ២០ ដងឯណោះ បើទីក្រុងតេហេរ៉ង់ មិនព្រមបើកច្រក Hormuz ឲ្យមានលំហូរប្រេង។

វាក៏កើតឡើងផងដែរ ក្រោយប្រធានាធិបតីអាមេរិករូបនេះ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់ នឹងចប់ឆាប់ៗនេះហើយ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម