Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិកម្ម​សម្ព័ន្ធមិត្ត​អាមេរិក ក្រោយ​ត្រាំ​កៀងគរ​រកជំនួយបើកច្រក​សមុទ្រ Hormuz ឡើងវិញ

បានផុស

នៅ

ចូលដល់សប្តាហ៍ទី៣ នៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ស្ថានការណ៍កាន់តែឡើងកម្តៅខ្លាំង បន្ទាប់ពីអ៊ីរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដោយសារវាជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់១ភាគ៥ នៃពិភពលោក។ ប្រឈមមុខនឹងបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវ​ឲ្យ​ប្រទេសជាសម្ព័ន្ធមិត្តជួយអន្តរាគមន៍ដើម្បីការពារសុវត្ថិភាពផ្លូវទឹកមួយនេះ។ លោកបានបង្ហើបថា បានទាក់ទងទៅកាន់៧​ប្រទេសរួចហើយ ដែលក្នុងនោះរួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស ជាដើម។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណា ការឆ្លើយតបពីបណ្តាប្រទេសទាំងនោះហាក់មានភាពខុសៗគ្នា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ នា​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០២៦។

នៅខាងភាគីជប៉ុន នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បានបញ្ជាក់យ៉ាងច្បាស់​នា​ថ្ងៃចន្ទ​​នេះ​ថា ជប៉ុនមិនទាន់មានផែនការបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះឡើយ។ លោកស្រីបានថ្លែងទៅកាន់សភាថា រដ្ឋាភិបាលកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យមើលថា តើជប៉ុនអាចធ្វើអ្វីបានខ្លះដោយឯករាជ្យ និងស្ថិតក្រោមក្របខ័ណ្ឌច្បាប់របស់ខ្លួន។

ចំណែកឯអូស្ត្រាលីវិញ ក៏បានបង្ហាញជំហរស្រដៀងគ្នាដែរ។ រដ្ឋមន្ត្រីម្នាក់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Anthony Albanese បានប្រាប់សារព័ត៌មាន ABC ថា អូស្ត្រាលីនឹងមិនបញ្ជូននាវាទៅជួយបើកច្រកសមុទ្រ Hormuz ឡើយ ទោះបីជាពួកគេដឹងថាវាជាផ្លូវទឹកដ៏សំខាន់ក៏ដោយ ព្រោះវាមិនមែនជាអ្វីដែលគេត្រូវបានស្នើសុំ ឬជាកាតព្វកិច្ចដែលត្រូវចូលរួមចំណែកនោះទេ។

ងាកមកមើលកូរ៉េខាងត្បូងវិញ ហាក់មានភាពប្រុងប្រយ័ត្នជាងគេ ដោយការិយាល័យប្រធានាធិបតីបានលើកឡើងកាល​ពីថ្ងៃ​អាទិត្យ​ថា ពួកគេនឹងបន្តទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយនឹងធ្វើការសម្រេចចិត្តក្រោយពេលពិភាក្សា និងពិនិត្យយ៉ាងល្អិតល្អន់បំផុត។

ដោយឡែក អង់គ្លេសហាក់បង្ហាញភាពវិជ្ជមានខ្លះ។ នាយករដ្ឋមន្ត្រី Keir Starmer បានជួបពិភាក្សាជាមួយលោកត្រាំ អំពីភាពចាំបាច់ក្នុងការបើកច្រកសមុទ្រនេះឡើងវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញសកល។ មិនតែប៉ុណ្ណោះ លោក Starmer ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ផងដែរ ដើម្បីបន្តការជជែកគ្នាបន្ថែមទៀតជុំវិញជម្លោះនៅមជ្ឈិមបូព៌ា នៅក្នុងកិច្ចប្រជុំនាថ្ងៃចន្ទនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម