Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំស្តីឲ្យ ណាតូ កប់ៗមាត់ថា កំពុងសាង «កំហុសដ៏ល្ងង់ខ្លៅបំផុត» ដែលមិនជួយអាមេរិកបើកច្រក Hormuz

បានផុស

នៅ

កំហឹងរបស់លោក ដូណាល់ ត្រាំ លើសម្ព័ន្ធមិត្តដែលមិនព្រមជួយអាមេរិក បើកច្រកសមុទ្រ Hormuz កាន់តែខ្លាំងៗឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយលោកបានបន្ទោសគេឯងប៉ាតណាប៉ាតណី ហើយឥឡូវនេះ បានស្តីឲ្យណាតូទៀតហើយ ដោយបន្ទោសថា អង្គការនេះកំពុងសាង «កំហុសដ៏ល្ងង់ខ្លៅបំផុត» ដែលមិនព្រមជួយអាមេរិក បើកច្រកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ប្រាប់អ្នកសារព័ត៌មានក្នុងវិមានកាពីតូល និងផ្សាយដោយ Reuters នៅថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំនិយាយថា សម្ព័ន្ធមិត្តអង្គការណាតូភាគច្រើនបានផ្តល់ដំណឹងមកអាមេរិកវិញថា ពួកគេមិនចង់ចូលខ្លួនពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ឡើយ ដែលនេះជាទង្វើមួយត្រូវបានលោកហៅថាជា «កំហុសដ៏ល្ងង់ខ្លៅបំផុត»។

លោកលើកឡើងថា៖ «គ្រប់គ្នាស្របតាមយើង ប៉ុន្តែពួកគេមិនចង់ជួយ។ តើអ្នកដឹងទេ ក្នុងនាមអាមេរិក យើងត្រូវតែចងចាំរឿងនេះទុក ព្រោះយើងគិតថាវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ខ្ញុំធ្លាប់គិតថាអឺរ៉ុបនឹងបញ្ជូននាវាបោសសម្អាតមីនមកជួយក្នុងប្រតិបត្តិការនៅច្រកសមុទ្រនេះ។ វាមិនមែនជារឿងធំដុំអ្វីទេ ប៉ុន្តែវាគឺជារឿងអយុត្តិធម៌ សម្រាប់អាមេរិក»។

មុននេះ លោកត្រាំ បានពន្លះសម្ព័ន្ធមិត្តរួចហើយ ដោយបន្ទោសចំៗថា រាប់ឆ្នាំហើយអាមេរិកខំជួយពួកគេការពារខ្លួនពីសត្រូវខាងក្រៅ ប៉ុន្តែពួកគេបែរជាគ្មានភក្តីភាពនិងមិនជួយអាមេរិកទៅវិញ។

ច្រក Hormuz (រូប៖ Reuters)

ថ្លែងក្នុងព្រឹត្តិការណ៍នៅសេតវិមានកាលពីថ្ងៃចន្ទទី១៦ខែមីនាឆ្នាំ២០២៦ មេដឹកនាំរូបនេះនិយាយថា ប្រទេសទាំងនោះមិនមានភក្តីភាពគ្រប់គ្រាន់សោះឡើយចំពោះអាមេរិក បន្ទាប់ពីទទួលបានការគាំទ្រផ្នែកសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។

លោកលើកឡើងថា៖ «ប្រទេសខ្លះពេញចិត្តចំពោះរឿងនេះ ហើយខ្លះទៀតមិនពេញចិត្តឡើយ។ មានប្រទេសខ្លះដែលយើងបានជួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងបានការពារពួកគេពីប្រភពខាងក្រៅដ៏គួរឲ្យខ្លាច ប៉ុន្តែពួកគេមិនសូវពេញចិត្តទៅវិញ។ យ៉ាងណា មានប្រទេសខ្លះកំពុងបញ្ជូននាវាមកហើយ»។

មុននេះដែរ លោកត្រាំបានអំពាវនាវ​ឲ្យ​ប្រទេសជាសម្ព័ន្ធមិត្តជួយអន្តរាគមន៍ដើម្បីការពារសុវត្ថិភាពច្រក Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់១ភាគ៥ នៃពិភពលោក។ លោកបង្ហើបថា បានទាក់ទងទៅកាន់៧​ប្រទេសរួចហើយ ដែលក្នុងនោះរួមមានទាំង ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម