Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រមុខរដ្ឋ​ កូឡុំប៊ី​និង​អេក្វាទ័រ​ ​ផ្ទុះ​សង្គ្រាម​ពាក្យសម្តី​ចោទគ្នា រឿង​ទម្លាក់គ្រាប់បែក​នៅ​ព្រំដែន

បានផុស

នៅ

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ​នៅ​​ថ្ងៃអង្គារទី១៧មីនា បាននិយាយថា សាកសពឆេះខ្លោចចំនួន២៧ ត្រូវបានគេរកឃើញនៅតាមព្រំដែនរួមជាមួយប្រទេសអេក្វាទ័រ​ ត្រឹមតែមួយថ្ងៃបន្ទាប់ពីការលើកឡើងថា យោធាអេក្វាទ័រ​បានទម្លាក់គ្រាប់បែកលើទឹកដី​​​របស់​​កូឡុំប៊ី។ នេះបើយោងតាមការចុះផ្សាយពីភ្នាក់ងារ aljazeera

លោក Petro បានសរសេរនៅលើបណ្ដាញសង្គម X ថា៖​​«ការទម្លាក់គ្រាប់បែកតាមបណ្តោយព្រំដែនកូឡុំប៊ី-អេក្វាទ័រ​ ហាក់ដូចជាមិនមែនជាការងាររបស់ក្រុមប្រដាប់អាវុធទេ។ ពួកគេមិនមានយន្តហោះ ឬរបស់កងកម្លាំងសន្តិសុខកូឡុំប៊ីទេ ហើយខ្ញុំក៏មិនបានចេញបញ្ជាដែរ»។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro និង ប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមិនបង្អង់យូរ ប្រធានាធិបតីអេក្វាទ័រ​ លោក Daniel Noboa បានច្រានចោលការចោទប្រកាន់របស់លោក Petro នៅព្រឹកថ្ងៃអង្គារ ដោយសរសេរនៅលើបណ្ដាញសង្គម X ថា៖ «លោកប្រធានាធិបតី Petro សេចក្តីប្រកាសរបស់លោកគឺមិនពិត យើងកំពុងធ្វើសកម្មភាពនៅក្នុងទឹកដីរបស់យើង មិនមែនរបស់អ្នកឯងទេ»។

ការផ្ទុះសង្គ្រាមពាក្យសម្ដីចោទ​គ្នា​​​ទៅមក រវាងមេដឹកនាំប្រទេសជាប់របងគ្នានេះបានកើតឡើង ចំពេលមានយុទ្ធនាការយោធាអេក្វាទ័រ​ដែលគាំទ្រដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមប្រដាប់អាវុធនៅក្នុងតំបន់ ដែលបានចាប់ផ្តើមកាលពីដើមខែនេះ។

លោក Noboa ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្តីបន្ទោសកូឡុំប៊ីម្តងហើយម្តងទៀតចំពោះការបរាជ័យ ក្នុងការបញ្ឈប់ក្រុមឧក្រិដ្ឋជនដែលកំពុងធ្វើប្រតិបត្តិការតាមបណ្តោយព្រំដែនរួម រវាងប្រទេសទាំងពីរ។ លោកបានលើកឡើងថា កូឡុំប៊ីបានអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជន «ចូលទៅក្នុងប្រទេសអេក្វាទ័រ​ ដោយមិនអើពើនឹងការគ្រប់គ្រងព្រំដែន»។

មិនតែប៉ុណ្ណោះ កាលពីខែមករា ប្រធានាធិបតីអេក្វាទ័រ​បានដាក់ពន្ធ៣០ភាគរយនៃ «កាតព្វកិច្ចសន្តិសុខ» លើការនាំចូល​ទំនិញ​ពី​ប្រទេស​កូឡុំប៊ី ដោយលើកឡើងពីកង្វះសកម្មភាពរបស់​រដ្ឋាភិបាលកូឡុំប៊ី​ ប្រឆាំងនឹងឧក្រិដ្ឋជនជួញដូរគ្រឿង​ញៀន​ឆ្លងដែន។ បន្ទាប់មកកូឡុំប៊ីបានឆ្លើយតបដោយការដាក់ពន្ធសងសឹក​ និងកាត់បន្ថយការនាំចេញអគ្គិសនីទៅកាន់ប្រទេសអេក្វាទ័រ​វិញ។

អេក្វាទ័រ​កំពុងប្រឈមមុខនឹងរលកនៃអំពើហិង្សាទាក់ទងនឹងគ្រឿងញៀនកាន់តែខ្លាំងឡើង ខណៈដែលក្រុមក្មេងទំនើងកំពុងប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងកំពង់ផែយុទ្ធសាស្ត្រប៉ាស៊ីហ្វិក ដែលបានក្លាយជាចំណុចដឹកជញ្ជូនកូកាអ៊ីនសំខាន់ៗទៅកាន់ទឹកដីអាមេរិក។ នៅក្នុងនោះដែរ កូកាអ៊ីនប្រមាណ ៧០% ដែលផលិតនៅកូឡុំប៊ី និងប៉េរូ ឥឡូវនេះឆ្លងកាត់ប្រទេសអេក្វាទ័រ​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម