Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប់រួម​ (UAE) ដាក់​ការ​ទាមទារសំណងពីអ៊ីរ៉ង់វិញ ខណៈសង្គ្រាម​ចូលខែទី២​​

បានផុស

នៅ

ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម (UAE) លោក Anwar Gargash បានអំពាវនាវឲ្យអ៊ីរ៉ង់សងសំណងសម្រាប់ការខូចខាតដែលបង្កឡើងដោយការវាយប្រ​ហារ​ជាបន្តបន្ទាប់​របស់ទីក្រុងតេហេរ៉ង់លើប្រទេសនេះ ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​​​កាល​ពីចុង​ខែកុម្ភៈ​។ នេះបើយោងតាម iranintl បានចុះផ្សាយកាលពីថ្ងៃទី២៩មីនា។

ទីប្រឹក្សាការទូតរបស់ប្រធានាធិបតី (UAE) លោក Anwar Gargash(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​នោះ លោក Gargash បានបង្ហោះនៅលើបណ្តាញសង្គម X ថា៖​«ដំណោះស្រាយនយោបាយណាមួយចំពោះការវាយ​ប្រហារ​របស់អ៊ីរ៉ង់ ប្រឆាំងនឹងប្រទេសឈូងសមុទ្រត្រូវតែមានការធានាច្បាស់លាស់ដើម្បីទប់ស្កាត់ការវាយប្រហារជា​ថ្មី​ទៀត​នាពេលអនាគត បញ្ជាក់ពីគោលការណ៍មិនឈ្លានពាន និងទាមទារសំណងពីអ៊ីរ៉ង់សម្រាប់ការកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ»។

នៅក្នុងនោះដែរ អារ៉ាប់រួមបានចោទប្រកាន់អ៊ីរ៉ង់ថា «បោកបញ្ឆោត» ប្រទេសជិតខាងរបស់ខ្លួនអំពីចេតនាពិតរបស់ខ្លួនមុនពេលផ្ទុះឡើងនៃអរិភាព និងបង្ហាញ «ការវាយ​ប្រហារ​ដែលបានរៀបចំទុកជាមុន» ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីបញ្ចៀស​វាក៏ដោយ។ លោកក៏បានរិះគន់អ៊ីរ៉ង់​ផង​ដែរថា អ៊ីរ៉ង​​​​ជា​ប្រទេស​មានការគំរាមកំហែងឈានមុខគេ ចំពោះសន្តិសុខរបស់រដ្ឋឈូងសមុទ្រ។

ការបង្ហោះរបស់មន្ត្រី UAE បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ទាមទារសំណងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សម្រាប់ការខូចខាតដែលបង្កឡើងដោយជម្លោះ ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។

លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ Antonio Guterres កាលពីថ្ងៃទី១៩ ខែមីនា ដោយអះអាងថា ការសម្រេចចិត្តរបស់​អារ៉ាប់រួម​ ក្នុងការអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារទាំងនោះ គឺជា «ទង្វើខុសឆ្គងអន្តរជាតិ ដែលទាមទារការទទួលខុសត្រូវរបស់រដ្ឋ»។ ពួកគេត្រូវផ្តល់សំណងសម្រាប់ការខូចខាតសម្ភារៈ និងការខាតបង់ផ្សេងៗ រួមទាំងសីលធម៌ទាំងអស់ដែលបានកើតឡើង។

​អារ៉ាប់រួម​ គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់អ៊ីរ៉ង់ បន្ទាប់ពីចិន។ ប្រទេសនេះបានបម្រើការជា «ខ្សែជីវិត» សេដ្ឋកិច្ចសម្រាប់អ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំ នៅពេលដែលទីក្រុងតេហេរ៉ង់ត្រូវបានទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលថ្ងៃទី២៨ ខែកុម្ភៈ ប្រទេស​អារ៉ាប់រួម​បានក្លាយជាគោលដៅ​អាទិភាព​​នៃការសងសឹករបស់អ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានលើកឡើងពីសម្ព័ន្ធភាពយុទ្ធសាស្ត្ររយៈពេលជាច្រើនទសវត្សរ៍របស់ទីក្រុងអាប៊ូដាប៊ីជាមួយទីក្រុងវ៉ាស៊ីនតោន ជាហេតុផលសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម